កម្ពុជាជំរុញឱ្យប្រែក្លាយការឯកភាពគ្នាលើអនាគតវិស័យសារព័ត៌មាន ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងយុគសម័យ AI
08-11-2026 09:58
(ប៉េកាំង-ចិន)៖ នៅចំពោះមុខតំណាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងដៃគូអន្តរជាតិ ដែលចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោកលើកទី៧ (7th World Media Summit) នៅទីក្រុងប៉េកាំង ប្រទេសចិន កម្ពុជាបានបង្ហាញពីសារៈសំខាន់នៃការប្រែក្លាយការយល់ឃើញរួមអំពីឱកាស និងបញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត (AI) ទៅជាសកម្មភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីធានាថាការរីកចម្រើនបច្ចេកវិទ្យានឹងរួម ចំណែកពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ទំនុកចិត្តសាធារណៈ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
នេះជាការលើកឡើងរបស់លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងនាមជាតំណាងក្រសួងព័ត៌មានកម្ពុជា ក្នុងកិច្ចប្រជុំកំពូលក្រោមមូលបទ «ប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឆ្លាតវៃ៖ ពីការឯកភាពគ្នាទៅសកម្មភាពជាក់ស្តែង» ដែលរៀបចំឡើងនៅមហាសាលប្រជាជន នៃរដ្ឋធានីប៉េកាំង នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងសុន្ទរកថាបាឱកាសនោះ លោក ប្រាក់ ថាវអមិដា បានបង្ហាញទស្សនៈថា បញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូររបៀបដែលព័ត៌មានត្រូវបានប្រមូល ផលិត បកប្រែ និងចែកចាយទៅកាន់សាធារណជន។ បច្ចេកវិទ្យាថ្មីនេះ បានបង្កើតឱកាសសំខាន់ៗក្នុងការពង្រីកលទ្ធភាពទទួលបានព័ត៌មាន និងពង្រឹងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ប៉ុន្តែទន្ទឹមគ្នាក៏បង្កើតបញ្ហាប្រឈមថ្មី ដែលទាមទារឱ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរួមគ្នាស្វែងរកដំណោះស្រាយ។ បញ្ហាប្រឈមទាំងនោះរួមមាន ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃមាតិកាឌីជីថល ការរក្សាទំនុកចិត្តសាធារណៈ និងភាពខុសគ្នានៃលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដោយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ។
លោក ប្រាក់ ថាវអមិដា បានលើកទឹកចិត្តឱ្យស្ថាប័នសារព័ត៌មានរក្សាការត្រួតពិនិត្យដោយមនុស្សលើការប្រើប្រាស់ AI ពង្រឹងយន្តការផ្ទៀងផ្ទាត់ព័ត៌មាន គោរពការសម្ងាត់នៃប្រភពព័ត៌មាន និងការការពារទិន្នន័យ ឭផ្ទាល់ខ្លួន ព្រមទាំងធានាតម្លាភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។
ក្នុងបរិបទដែលព័ត៌មានអាចត្រូវបានផលិត និងចែកចាយកាន់តែលឿន ការពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក៏ត្រូវបានកម្ពុជាចាត់ទុកជាការងារសំខាន់ ដើម្បីជួយឱ្យសាធារណជនមានសមត្ថភាពពិនិត្យ វាយតម្លៃ និងប្រើប្រាស់ព័ត៌មានដោយការពិចារណា។ ក្រៅពីការរក្សាស្តង់ដារវិជ្ជាជីវៈ កម្ពុជាបានទាញការយកចិត្តទុកដាក់លើតម្រូវការកាត់បន្ថយគម្លាតសមត្ថភាពផ្នែកបច្ចេកវិទ្យារវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសផ្សេងៗ។
លោកបានលើកឡើងថា ឱកាសដែលកើតចេញពីបញ្ញាសិប្បនិម្មិត គួរត្រូវបានចែករំលែកឱ្យកាន់តែទូលំទូលាយ ជាពិសេសជាមួយស្ថាប័នសារព័ត៌មាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងស្ថាប័នដែលប្រើប្រាស់ភាសាឌីជីថលនៅមានកម្រិត។
ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធ និងការពង្រឹងភាពជាដៃគូរវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អ្នកផ្តល់បច្ចេកវិទ្យា និងអ្នកស្រាវជ្រាវ ត្រូវបានលើកឡើងជាមធ្យោបាយសម្រាប់ជំរុញការអភិវឌ្ឍវិស័យសារព័ត៌មានប្រកបដោយបរិយាបន្ន។
ក្នុងឱកាសនេះ កម្ពុជាក៏បានបង្ហាញការស្វាគមន៍ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ និងដៃគូអន្តរជាតិផ្សេងទៀត តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្លាស់ប្តូរព័ត៌មាននិងមាតិកា និងការជំរុញនវានុវត្តន៍ប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
ការរៀបចំសិក្ខាសាលារួម និងកម្មវិធីផ្លាស់ប្តូរអ្នកជំនាញក៏ត្រូវបានលើកឡើងជាជម្រើសជាក់ស្តែង ដែលអាចជួយប្រែក្លាយកិច្ចសន្ទនានៅក្នុងវេទិកាអន្តរជាតិទៅជាកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់ស្ថាប័នពាក់ព័ន្ធ។
ទន្ទឹមនឹងការអភិវឌ្ឍបច្ចេកវិទ្យា កម្ពុជាបានសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយក៏មានតួនាទីជាស្ពានតភ្ជាប់ការយល់ដឹងរវាងប្រទេស និងប្រជាជនផងដែរ។ តាមរយៈការរាយការណ៍ព័ត៌មានប្រកបដោយតុល្យភាព និងផ្អែកលើការពិត ប្រព័ន្ធផ្សព្វផ្សាយអាចជួយឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់អំពីការរីកចម្រើនសេដ្ឋកិច្ច បច្ចេកវិទ្យា និងឱកាសនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងន័យនេះ លោក ប្រាក់ ថាវអមិដា បានវាយតម្លៃពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនៈអំពីកំណើនសេដ្ឋកិច្ចរបស់ចិន និងការរួមចំណែកដល់ការអភិវឌ្ឍពិភពលោក តាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់។ ជាមួយគ្នានេះ បច្ចេកវិទ្យាឆ្លាតវៃក៏អាចជួយលើកកម្ពស់ការបកប្រែ និងការផ្លាស់ប្តូរវប្បធម៌ ដែលធ្វើឱ្យប្រវត្តិសាស្ត្រ ប្រពៃណី និងទស្សនៈរបស់ប្រជាជននៃប្រទេសនានា អាចឈានដល់ទស្សនិកជនកាន់តែទូលំទូលាយ។
ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន លោកបានគូសបញ្ជាក់អំពីមិត្តភាពដែកថែបដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់លើមូលដ្ឋាននៃការជឿទុកចិត្តគ្នា។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន គឺជាផ្នែកមួយក្នុងការជំរុញការយល់ដឹងគ្នារវាងប្រជាជន និងការផ្សព្វផ្សាយសមិទ្ធផលនៃភាពជាដៃគូទ្វេភាគី។
លោក ប្រាក់ ថាវអមិដា ក៏បានអបអរសាទរខួបលើកទី៩៥នៃការបង្កើតទីភ្នាក់ងារសារព័ត៌មានស៊ីនហួ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ស៊ីនហួជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
ក្នុងឱកាសនោះដែរ លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជាមានបំណងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក ដើម្បីអភិវឌ្ឍសមត្ថភាពស្ថាប័នសារព័ត៌មាន ជំរុញការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការ ទទួល ខុសត្រូវ និងលើកកម្ពស់ការយល់ដឹងគ្នារវាងប្រជាជននៃបណ្តាប្រទេសនានា។
លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងវេទិកាអន្តរជាតិលើកនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជាចំពោះអនាគតវិស័យសារព័ត៌មាន ដែលការរីកចម្រើនផ្នែកបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នានឹងការពង្រឹងវិជ្ជាជីវៈ ការកសាងទំនុកចិត្ត និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ការយល់ដឹងគ្នា និងវិបុលភាពរួម៕















