* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាលើកសំណើអាទិភាព៣ចំណុច ដើម្បីជំរុញវិស័យសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត

08-11-2026 10:51

(ប៉េកាំង-ចិន)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជាបានលើកឡើងនូវអាទិភាពសំខាន់ៗចំនួន៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យសារព័ត៌មាន ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដោយផ្តោតលើការពង្រឹងវិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការលើកកម្ពស់នវានុវត្តន៍ប្រកបដោយបរិយាបន្ន និងការកសាងសមត្ថភាព ព្រមទាំងការពង្រឹងកិច្ចសន្ទនាលើការអភិវឌ្ឍ និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជន និងវប្បធម៌នានា។

នេះជាការលើកឡើងដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោកលើកទី៧ (The 7th World Media Summit) ក្រោមមូលបទ «ប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឆ្លាតវៃ៖ ពីការឯកភាពគ្នាទៅសកម្មភាពជាក់ស្តែង» (Media in the Intelligent Age: From Consensus to Action) ដែលប្រព្រឹត្តទៅនៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

លោកក៏បានអបអរសាទរខួបលើកទី៩៥ នៃការបង្កើតទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ដោយវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នសារព័ត៌មានដ៏សំខាន់មួយនេះ ក្នុងការផ្លាស់ប្តូរព័ត៌មានអន្តរជាតិ និងលើកកម្ពស់ការយល់ដឹងគ្នារវាងប្រជាជននៃបណ្តាប្រទេសនានា ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

លោក ប្រាក់ ថាវអមិដា បានគូសបញ្ជាក់ថា កម្ពុជា និងចិនមានទំនាក់ទំនងមិត្តភាពដែកថែបដ៏យូរអង្វែង ដែលត្រូវបានថែរក្សា និងពង្រឹងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់លើមូលដ្ឋាននៃការជឿទុកចិត្តគ្នាទៅវិញទៅមក។ ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ បានរួមចំណែកជួយឱ្យប្រជាជនកាន់តែយល់ដឹងពីគ្នា និងផ្សព្វផ្សាយសមិទ្ធផលនៃភាពជាដៃគូកម្ពុជា-ចិនទៅកាន់សាធារណជនកាន់តែទូលំទូលាយ។

ពាក់ព័ន្ធនឹងអនាគតវិស័យសារព័ត៌មានក្នុងយុគសម័យ AI លោក ប្រាក់ ថាវអមិដា បានគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិតកំពុងបើកឱកាសថ្មីសម្រាប់ការប្រមូល ផលិត បកប្រែ និងចែកចាយព័ត៌មាន ដែលអាចជួយពង្រីកលទ្ធភាពទទួលបានព័ត៌មាន និងពង្រឹងការប្រាស្រ័យទាក់ទងរវាងប្រជាជន។ ទោះជាយ៉ាងណា ការរីកចម្រើននេះក៏នាំមកនូវបញ្ហាប្រឈមរួម ជាពិសេសការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃមាតិកាឌីជីថល និងការធានាឱ្យស្ថាប័នសារព័ត៌មានដែលមានសមត្ថភាព និងធនធានខុសៗគ្នា អាចទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។

ដើម្បីឆ្លើយតបនឹងការវិវត្តនៃវិស័យសារព័ត៌មានពិភពលោកនេះ កម្ពុជាបានលើកឡើងនូវអាទិភាពចំនួន៣ សម្រាប់ការពិចារណា និងកិច្ចសហប្រតិបត្តិការរួមមាន៖

ទី១៖ ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន និងការទទួលខុសត្រូវក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត។

លោក ប្រាក់ ថាវអមិដា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាភាពត្រឹមត្រូវនៃព័ត៌មាន ការទទួលខុសត្រូវផ្នែកនិពន្ធ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ខណៈដែលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយកំពុងបង្កើនការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងដំណើរការការងាររបស់ខ្លួន។

ការត្រួតពិនិត្យដោយមនុស្ស ការផ្ទៀងផ្ទាត់ព័ត៌មានដោយប្រុងប្រយ័ត្ន ការការពារភាពសម្ងាត់នៃប្រភពព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាតម្លាភាពក្នុងការប្រើប្រាស់ AI និងការកែតម្រូវព័ត៌មានមិនត្រឹមត្រូវឱ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការថែរក្សា និងពង្រឹងទំនុកចិត្តសាធារណៈចំពោះប្រព័ន្ធផ្សព្វផ្សាយ។

ជាមួយគ្នានេះ កម្ពុជាគាំទ្រការផ្លាស់ប្តូរបទពិសោធរវាងស្ថាប័នសារព័ត៌មានលើការផ្ទៀងផ្ទាត់ព័ត៌មាន ការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មានមិនពិត និងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជួយឱ្យសាធារណជនមានសមត្ថភាពវាយតម្លៃ និងប្រើប្រាស់ព័ត៌មានប្រកបដោយការពិចារណា។

ទី២៖ ការជំរុញនវានុវត្តន៍ប្រកបដោយបរិយាបន្ន និងការកសាងសមត្ថភាពធនធានមនុស្ស។

លោក ប្រាក់ ថាវអមិដា បានលើកឡើងថា អត្ថប្រយោជន៍នៃបញ្ញាសិប្បនិម្មិតគួរត្រូវបានចែករំលែកឱ្យបានទូលំទូលាយ ជាពិសេសដល់ស្ថាប័នសារព័ត៌មាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងស្ថាប័នដែលប្រើប្រាស់ភាសាមានធនធានឌីជីថលនៅមានកម្រិត។

ការបង្កើនលទ្ធភាពទទួលបានឧបករណ៍បច្ចេកវិទ្យាសមស្រប និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនឹងជួយឱ្យស្ថាប័នទាំងនេះអាចចូលរួម និងប្រកួតប្រជែងក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ក្នុងន័យនេះ កម្ពុជាស្វាគមន៍ឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ និងដៃគូអន្តរជាតិផ្សេងទៀត លើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្លាស់ប្តូរព័ត៌មាន និងមាតិកា ព្រមទាំងនវានុវត្តន៍ប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

លោក ប្រាក់ ថាវអមិដា បានលើកឡើងបន្ថែមថា ការរៀបចំសិក្ខាសាលារួម និងកម្មវិធីផ្លាស់ប្តូរអ្នកជំនាញអាចជាមធ្យោបាយជាក់ស្តែងសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទាំងនេះ ដោយផ្អែកលើផលប្រយោជន៍រួម និងធនធានដែលមាន។

ទី៣៖ ការពង្រឹងកិច្ចសន្ទនាអំពីការអភិវឌ្ឍ និងការយល់ដឹងអន្តរវប្បធម៌។

លោក ប្រាក់ ថាវអមិដា បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការជួយឱ្យសាធារណជនយល់ដឹងអំពីការផ្លាស់ប្តូរសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព្រមទាំងផលប៉ះពាល់នៃការផ្លាស់ប្តូរទាំងនោះលើជីវភាពរស់នៅប្រចាំថ្ងៃ។

កម្ពុជាស្វាគមន៍ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធអំពីកំណើនសេដ្ឋកិច្ចរបស់ចិន និងការរួមចំណែកចំពោះការអភិវឌ្ឍពិភពលោក តាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់។ ការរាយការណ៍ព័ត៌មានដែលមានមូលដ្ឋានលើការពិត និងមានតុល្យភាព អាចជួយលើកកម្ពស់ការយល់ដឹងអំពីឱកាសនៃការអភិវឌ្ឍ និងបទពិសោធរបស់ប្រទេសផ្សេងៗ។

ទន្ទឹមនឹងនេះ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃប្រកបដោយការទទួលខុសត្រូវក្នុងការបកប្រែ និងការផ្លាស់ប្តូរវប្បធម៌ អាចជួយផ្សព្វផ្សាយប្រវត្តិសាស្ត្រ ប្រពៃណី និងទស្សនៈរបស់សង្គមនីមួយៗទៅកាន់ទស្សនិកជនអន្តរជាតិបានកាន់តែទូលំទូលាយ។

នៅចុងបញ្ចប់នៃសុន្ទរកថា លោក ប្រាក់ ថាវអមិដា បានបង្ហាញក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោកលើកទី៧ នឹងក្លាយជាកម្លាំងជំរុញបន្ថែមសម្រាប់ការប្រែក្លាយការពិភាក្សា និងការឯកភាពគ្នាទៅជាគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងការអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន នវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ និងការផ្សព្វផ្សាយអំពីការអភិវឌ្ឍរួម។

លោកបានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់ក្រសួងព័ត៌មានកម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក ដោយផ្អែកលើសក្តានុពលរបស់ស្ថាប័ននីមួយៗ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការគោរពភាពចម្រុះនៃបទពិសោធ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យសារព័ត៌មាន និងកសាងបរិយាកាសអន្តរជាតិដែលអំណោយផលដល់សន្តិភាព ការយល់ដឹងគ្នាទៅវិញទៅមក និងវិបុលភាពរួម។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ គឺជាវេទិកាអន្តរជាតិដ៏សំខាន់សម្រាប់ការជួបជុំ ការពិភាក្សា និងការផ្លាស់ប្តូរទស្សនៈរវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នរដ្ឋ វិស័យធុរកិច្ច និងអង្គការអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នាឆ្លើយតបទៅនឹងការវិវត្តនៃបរិយាកាសព័ត៌មានសកល៕