ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
08-11-2026 18:58
(ភ្នំពេញ)៖ គូស្វាមីភរិយាថ្មោងថ្មីបុរសជាកសិករ ស្ត្រីជាកម្មការិនី សម្រាលបានកូនភ្លោះ៣ ជាកូនលើកដំបូងនៃចំណងស្នេហ៍។ ក្រោយសម្រាលបានមួយសប្តាហ៍អំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ចែងយកជូនដល់ដៃ ដើម្បីជាចំណែកសម្រាលការលំបាកក្នុងជីវភាព។ នេះជាគ្រួសារកូនភ្លោះទី៤៤៤ហើយ ដែលទទួលបានអំណោយដ៏សប្បុរសរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។
អំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យកទៅប្រគល់ដល់ដៃគ្រួសារកូនភ្លោះបី ដែលកំពុងសំរាកថែទាំសុខភាព នៅមជ្ឈមណ្ឌលគាំពារមាតា និងទារក នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
អំណោយរួមមាន ថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។
គ្រួសារទទួលបានទារកភ្លោះបីជាចំណងដៃដំបូងនៃអាពាហ៍ពិពាហ៍នេះ មានឪពុកឈ្មោះ ឆេង ណារ៉ូ អាយុ ២៦ឆ្នាំ មុខរបបកសិករ ម្តាយឈ្មោះ ខឺន សុជាតិ អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ទារកភ្លោះទាំងបីនាក់នេះ សម្រាលនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលគាំពារមាតា និងទារក ហៅពេទ្យជប៉ុន រាជធានីភ្នំពេញ។ នៅចំពោះមុខគ្រួសារកូនភ្លោះ លោក សេង ទៀង មានប្រសាសន៍នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំង៣ និងលោកជំទាវ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។
នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងដែរថា ការជួយដល់គ្រួសារមានកូនភ្លោះ៣ ឬ៤នាក់នេះ ជាការទឹកចិត្តសណ្តោសប្រណី និងគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ មកដល់បច្ចុប្បន្ននេះ មានរយៈពេល ២៧ឆ្នាំហើយ។ ២៧ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន ៤៤៤គ្រួសារហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទំនុកបម្រុង ដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាព ជាពិសេសការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់។
លោក សេង ទៀង បានគូសបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋសម្រាលកូនភ្លោះបី ឬបួននាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។
សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ កាលពីដើមឡើយ គឺមានតែអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុណ្ណោះ។ មរតកទឹកចិត្តមនុស្សធម៌ សេចក្តីអាណិតអាសូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហូរបន្តដល់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតផងដែរ។
បន្ទាប់ពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បន្តតាមលំអានដួងចិត្តមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបានចូលរួមឧបត្ថម្ភដល់គ្រួសារសម្រាលកូនភ្លោះ៣នាក់ ឬ៤នាក់ផងដែរ។
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងចូលរួមឧបត្ថម្ភជាថវិកាចំនួន ៥លានរៀល។ គ្រួសារខាងលើនេះ ជាគ្រួសារទី២០ហើយ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។
ក្រុមគ្រួសារកូនភ្លោះបី បានបានបង្ហាញទឹកចិត្តសប្បាយរីករាយដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងប្រកបដោយក្តីគោរពកតញ្ញូតាធម៌ ជូនសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងតែតម្កល់ផលប្រយោជន៍ និងទុក្ខលំបាករបស់ប្រជាជន គឺជាក្តីកង្វល់ និងទុក្ខលំបាករបស់របស់ខ្លួនដែរ៕































