ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (Video inside)
09-11-2026 08:38
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ស្របពេលនៃការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រសួងការបរទេស បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី នឹងជួបប្រជុំពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លើសពីនេះ លោក ម៉ាក្រុង ក៏នឹងអញ្ជើញចូលរួមជាអធិបតីជាមួយ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច ស្ថិតក្នុងទឹកដីខេត្តសៀមរាបផងដែរ។
ក្រសួងការបរទេស បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក អេម៉ានុយអែល ម៉ាក្រុង នាពេលនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុត បន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អតីតប្រធានាធិបតីបារាំង២រូប កាលពីអតីតកាល គឺលោកប្រធានាធិបតី ហ្សាល ដឺហ្គោល (Charles de Gaulle) នៅឆ្នាំ១៩៦៦ និងលោកប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ (François Mitterrand) នៅឆ្នាំ១៩៩៣។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ។ ការចុះហត្ថលេខាទាំងនេះ ត្រូវបានរំពឹងថា នឹងផ្តល់កាលានុវត្តភាពដ៏ធំធេងក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ដែលផ្តល់ផលប្រយោជន៍រួមឱ្យគ្នាទៅវិញទៅមក៕








