លោកបណ្ឌិត ប្រាំង ជលសា៖ «សាមគ្គីភាពផ្ទៃក្នុង និងការយកចិត្តទុកដាក់បម្រើពលរដ្ឋ ជាគន្លឹះឆ្ពោះទៅកាន់ជ័យជម្នះក្នុងការបោះឆ្នោត ឆ្នាំ២០២៧»
09-11-2026 16:36
(ពោធិ៍សាត់)៖ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ និងការផ្សាភ្ជាប់ខ្លួនជានិច្ចជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការពង្រឹងមូលដ្ឋានគ្រឹះរបស់គណបក្សឱ្យកាន់តែរឹងមាំ ឈានឆ្ពោះទៅដណ្តើមជ័យជម្នះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ នាឆ្នាំ២០២៧ខាងមុខនេះ។
ស្មារតីដ៏មុតស្រួចនេះ ត្រូវបានលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានលើកឡើងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយមេក្រុមបក្ស និងមន្ត្រីបក្សមូលដ្ឋាន ក្នុងឃុំត្នោតជុំ ឃុំកំពង់ពោធិ៍ ឃុំបឹងកន្តួត ឃុំអូរសណ្តាន់ ឃុំអន្សាចំបក់ និងឃុំក្បាលត្រាច នៃស្រុកក្រគរ ព្រមទាំងឃុំកញ្ជរ និងឃុំស្យា នៃស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី៧ និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកបណ្ឌិត ប្រាំង ជលសា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់មន្ត្រីបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
លោកបណ្ឌិតបានគូសបញ្ជាក់យ៉ាងច្បាស់ថា សមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់ប្រភេទ រួមមាន៖ ផ្លូវថ្នល់ ប្រព័ន្ធទឹក ធនធានថាមពលអគ្គិសនី សាលារៀន មន្ទីរពេទ្យ និងវត្តអារាម មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាផ្លែផ្កាដ៏ត្រចះត្រចង់នៃសុខសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ប្រាំង ជលសា បាននាំយកដំណឹងដ៏រីករាយមកជូនប្រជាពលរដ្ឋថា ឆ្នាំនេះខេត្តពោធិ៍សាត់រងការលិចលង់តិចតួចបំផុត ហើយនៅរដូវប្រាំងខាងមុខ ស្ទឹងពោធិ៍សាត់នឹងមានទឹកហូរយ៉ាងហោចណាស់ពាក់កណ្តាលស្ទឹងជាប្រចាំ តាមរយៈគម្រោង «ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១» ដែលជា «កាដូពីគណបក្សទេវតា» ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងបន្តជំរុញយ៉ាងសកម្មដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
លោកបណ្ឌិតក៏បានក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងសន្សំសំចៃទឹក ដើម្បីត្រៀមទប់ទល់នឹងបាតុភូត អែលនីញូ (El Niño) ក៏ដូចជាការផ្អាកការធ្វើស្រែប្រាំងនៅតំបន់គ្មានប្រភពទឹកច្បាស់លាស់ ដើម្បីចៀសវាងការខាតបង់។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែន លោកបណ្ឌិតបានបញ្ជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជាយើងស្រឡាញ់សន្តិភាព និងមិនចង់ឱ្យមានសង្គ្រាមនោះឡើយ ប៉ុន្តែបើសិនជាមានការឈ្លានពានមកលើបូរណភាពទឹកដី គឺកម្ពុជាដាច់ខាតមិនអត់ឱនឱ្យជាដាច់ខាត។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលដាច់ខាតមិនឱ្យបាត់ដីសូម្បីតែមួយមីលីម៉ែត្រ ដោយយើងព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី និងជំរុញការវាស់វែងតាមយន្តការ JBC ដែលមានស្រាប់ (បើដីយើង យើងត្រូវយក, ចំណែកដីគេ គេយកចុះ)។
លោកបណ្ឌិត ប្រាំង ជលសា បានផ្តាំផ្ញើដល់បេក្ខជនក្រុមប្រឹក្សាឃុំ និងមន្ត្រីមូលដ្ឋានទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងបន្តខិតខំបម្រើ និងជួយយកអាសារប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដោយក្រុមការងារអគ្គិសនីកម្ពុជាប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ដើម្បីរួមគ្នាដណ្តើមជ័យជម្នះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នាឆ្នាំ២០២៧ខាងមុខនេះ៕
















































