ក្រុមឧក្រិដ្ឋជន Scams ច្នៃល្បិចបើកទីតាំងប្រព្រឹត្តបទល្មើស ដោយខាងមុខលើកស្លាកសាលាមតេ្តយ្យ តែធ្វើផ្លូវសម្ងាត់ចូលទៅខាងក្រោយ, កម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅក្រុងបាវិត ឃាត់ខ្លួនជិត៣០នាក់ (Video inside)
09-11-2026 17:01
(ស្វាយរៀង)៖ ទីតាំងលួចប្រព្រឹត្តបទល្មើស Scams ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុមជនល្មើសបានលើកស្លាកសាលាមតេ្តយ្យពីខាងមុខបើកបង្រៀនភាសាខ្មែរ ចិន និងអង់គ្លេស តែតាមពិតពួកគេបានរៀបចំ ផ្លូវទម្លុះទៅខាងក្រោយអគារសាលាសម្ងំពួនធ្វើសកម្មភាព ដែលជាសកម្មភាពកែច្នៃថ្មីមួយទៀតរបស់ក្រុមឧក្រិដ្ឋជន។
តែយ៉ាងណាទោះសម្ងំ និងពូកែកែច្នៃទីតាំងប្រព្រឹត្តបទល្មើសយ៉ាងណា ក៏មិនអាចលាក់ពីការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចជំនាញបាននោះទេ។ ទីតាំងនេះ ត្រូវបានកម្លាំងចម្រុះខេត្តស្វាយរៀង ចុះបង្ក្រាបកាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជិត៣០នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំ។
សូមបញ្ជាក់ថា កម្លាំងចម្រុះខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំង ក្នុងក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សសរុប២៨នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងដឹកនាំផ្ទាល់ដោយលោក ម៉ែន អេង អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីលោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងនគរបាលខេត្ត លោកអភិបាលរងក្រុងបាវិត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ព្រមទាំងកម្លាំងបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗប្រចាំក្រុងបាវិត។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះបានរកឃើញមនុស្ស និងដកហូតសម្ភារវត្ថុតាង ព្រមទាំងលាតត្រដាងនូវល្បិចកលបន្លំលាក់បាំងយ៉ាងស្មុគស្មាញ នៅតាមទីតាំងនីមួយៗ ដូចខាងក្រោម៖
*ទីតាំងទី១ (ផ្ទះជួលរបស់ឈ្មោះ ឡាយ យូឡុង)៖ មនុស្ស និងវត្ថុតាងដកហូត៖ រកឃើញជនជាតិចិនចំនួន ១៣នាក់ (ភេទប្រុស) លិខិតឆ្លងដែន ១១ក្បាល កុំព្យូទ័រលើតុ (All In One) ១គ្រឿង កុំព្យូទ័រយួរដៃ ១៥គ្រឿង ទូរសព្ទដៃចម្រុះ ៥គ្រឿង ទូរស័ព្ទដៃផ្ទាល់ខ្លួន ១២គ្រឿង និងដុំ Wifi ចំនួន ៥គ្រឿង។
*ល្បិចកលបន្លំលាក់បាំង៖ ទីតាំងនេះបានបើកអាជីវកម្មបិទមុខ ដោយមួយផ្នែកជាផ្ទះសំណាក់ និងមួយផ្នែកទៀតជាភោជនីយដ្ឋាន។ ចំណែកកន្លែងលួចធ្វើសកម្មភាពបទល្មើស គឺស្ថិតនៅផ្នែកខាងក្រោយផ្ទះសំណាក់ ដោយរៀបចំបិទបាំង សម្ភារៈផ្ទះបាយ និងរៀបជញ្ជាំងបាំងមួយជាន់ទៀត។ ជនល្មើសបានវះជញ្ជាំងតាមបន្ទប់ទឹកមួយជួរខាងលិច ដើម្បីធ្វើជាផ្លូវសម្ងាត់ចេញចូលចល័តតាមបន្ទប់នីមួយៗ ហើយនៅជាប់របងខាងក្រោយបំផុត មានត្រៀមជណ្ដើរដែកចំនួន១ ទុកសម្រាប់ផ្លោះរបងរត់គេចខ្លួនចេញទៅខាងក្រៅ។
*ទីតាំងទី២ (ផ្នែកខាងក្រោយសាលាមត្តេយ្យរីករាយ) មនុស្ស និងវត្ថុតាងដកហូត៖ រកឃើញជនជាតិចិនចំនួន ១៣នាក់ (ស្រី ១នាក់) និងជនជាតិខ្មែរចំនួន ២នាក់ (ភេទស្រី ជាបុគ្គលិកអនាម័យ) ដកហូតបានលិខិតឆ្លងដែន ២ក្បាល កុំព្យូទ័រលើតុ (All In One) ១៣គ្រឿង ទូរសព្ទដៃផ្ទាល់ខ្លួន ២០គ្រឿង ដុំ Wifi ២គ្រឿង និងរថយន្តម៉ាក Range Rover ពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ2BV-7172។
ល្បិចកលបន្លំលាក់បាំង៖ ទីតាំងនេះចែកចេញជា ៣ផ្នែក ដោយផ្នែកខាងមុខបើកអាជីវកម្មសាលាមត្តេយ្យ ផ្នែកកណ្តាលបើកជាបន្ទប់សណ្ឋាគារ រីឯផ្នែកខាងក្រោយធ្វើពីស័ង្កសី និងបន្ទប់សណ្ឋាគារមួយចំនួន ត្រូវបានប្រើប្រាស់ជាកន្លែងលួចធ្វើសកម្មភាពល្មើស។ ទីតាំងប្រព្រឹត្តបទល្មើសនេះត្រូវបានបិទបាំងដោយជញ្ជាំងរៀបឥដ្ឋ និងមានច្រកសម្ងាត់ចេញចូលតាមទូសម្លៀកបំពាក់ ហើយនៅផ្នែកខាងក្រោយបំផុតជាប់របង មានរៀបចំតុផឹកតែចំនួន ១ ទុកសម្រាប់ជាន់ផ្លោះរបងគេចខ្លួនទៅខាងក្រៅ។
ក្រោយពីសមត្ថកិច្ចជំនាញបានត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកខាងលើ និងរកឃើញថាមានតម្រុយជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ក្រុមការងារចម្រុះបានសម្រេចប្រគល់មនុស្ស និងវត្ថុតាងទាំងអស់ជូនការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕





















