សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍សំខាន់ៗ៥ចំណុច ជុំវិញការអនុវត្តកាតព្វកិច្ចយោធា ខណៈការហ្វឹកហ្វឺនចាប់ផ្តើមជាផ្លូវការ (Video inside)
09-11-2026 17:02
(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៥ចំណុច ជុំវិញការអនុវត្តកាតព្វកិច្ចយោធា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ។
អនុសាសន៍សំខាន់ៗទាំង៥ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖
*ទី១៖ សម្តេចធិបតី ណែនាំគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យយល់ច្បាស់អំពីគោលបំណង សារៈសំខាន់ គុណតម្លៃ និងអត្ថប្រយោជន៍នៃកាតព្វកិច្ចយោធា ព្រមទាំងរៀបចំវេទិកាពិភាក្សា ដើម្បីដោះស្រាយកង្វល់ និងស្រាយបំភ្លឺរាល់មន្ទិលសង្ស័យនានា។ ទន្ទឹមនេះ ត្រូវលើកកម្ពស់តួនាទីយុវជនដែលបាននិងកំពុងបំពេញកាតព្វកិច្ចយោធា ឱ្យក្លាយជាអ្នកអប់រំ និងផ្សព្វផ្សាយអំពីតម្លៃសន្តិភាព ព្រមទាំងការលះបង់របស់វីរកងទ័ពកម្ពុជា ក្នុងបុព្វហេតុការពារសន្តិភាព និងបូរណភាពទឹកដី។
*ទី២៖ សម្តេចធិបតី ណែនាំសាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់ ដោយផ្តល់ភាពកក់ក្តៅក្នុងការរស់នៅ ការហូបចុក និងការរួមរស់ជាយុទ្ធមិត្តក្នុងគ្រួសារតែមួយ។ ជាមួយគ្នានេះ ត្រូវពង្រឹងសមត្ថភាពយោធាចារ្យ និងគ្រូបង្វឹក ព្រមទាំងកែលម្អកម្មវិធីបណ្តុះបណ្តាល មេរៀន និងវិធីសាស្ត្រហ្វឹកហ្វឺន ដោយផ្តោតលើសមត្ថភាពបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យា យុទ្ធវិធីការពារជាតិ បំណិនជីវិត សីលធម៌ វិន័យ និងមនសិការស្នេហាជាតិ។
*ទី៣៖ សម្តេចធិបតី ណែនាំគណៈគ្រប់គ្រងសាលា និងគ្រូបង្វឹក ត្រូវបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ យុត្តិធម៌ ធ្វើជាគំរូល្អ និងយកចិត្តទុកដាក់ចំពោះសិក្ខាកាមគ្រប់រូប ព្រមទាំងធានាគុណភាព និងសុវត្ថិភាពនៃការហ្វឹកហាត់ សុខភាព អនាម័យ និងសេចក្តីថ្លៃថ្នូររបស់សិក្ខាកាម។ ទន្ទឹមនេះ ត្រូវប្រមូលបទពិសោធល្អៗពីយុវជនដែលបានឆ្លងកាត់កាតព្វកិច្ចយោធា ដើម្បីចែករំលែកដល់យោធិនជំនាន់ក្រោយ និងលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃកាតព្វកិច្ចយោធាចំពោះសន្តិភាព សន្តិសុខ និងការការពារជាតិ។
*ទី៤៖ សម្តេចធិបតី ណែនាំសិក្ខាកាមកាតព្វកិច្ចយោធាគ្រប់រូប ត្រូវគោរពវិន័យ បទបញ្ជា និងក្រមសីលធម៌ឱ្យបានម៉ឺងម៉ាត់ ដោយយល់ថា ការគោរពលក្ខខណ្ឌទាំងនេះ គឺជាជោគជ័យនៃការគ្រប់គ្រងខ្លួនឯង និងជាមូលដ្ឋានគ្រឹះសម្រាប់សម្រេចគោលដៅជីវិត។ ជាមួយគ្នានេះ ត្រូវថែរក្សាសាមគ្គីភាព មិត្តភាព ចេះជួយគ្នា លើកទឹកចិត្តគ្នា និងរួមគ្នាដោះស្រាយបញ្ហាដោយការយោគយល់ ព្រមទាំងខិតខំរៀនសូត្រ និងហ្វឹកហាត់ ដើម្បីយកចំណេះដឹង និងបទពិសោធទៅបម្រើសហគមន៍ និងសង្គមជាតិ។
*ទី៥៖ សម្តេចធិបតី ណែនាំយោធិនកាតព្វកិច្ចទាំងអស់ ចូលរួមពង្រឹងវប្បធម៌សន្តិភាព សាមគ្គីភាព និងការគោរពច្បាប់ ដោយសង្កត់ធ្ងន់ថា ការការពារជាតិពិតប្រាកដ ចាប់ផ្តើមពីការរួបរួមគ្នារបស់ប្រជាជន ការយល់ដឹងអំពីកាតព្វកិច្ចរបស់ខ្លួន និងការត្រៀមខ្លួនចូលរួមបម្រើជាតិនៅពេលជាតិត្រូវការ ស្របតាមពាក្យស្លោក «សន្តិភាពត្រូវការ ការការពារ និងការពង្រឹងសមត្ថភាពខ្លួនឯង»៕































































