សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់ (Video inside)
09-11-2026 17:32
(ភ្នំពេញ)៖ ថ្លែងទៅកាន់ យោធិនកាតព្វកិច្ច ជាង៥ពាន់នាក់ដែលនឹងត្រូវចូលហ្វឹកហាត់ជំនាន់ទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហ្វឺនយុទ្ធវិធី នឹងត្រូវហ្វឹកហ្វឺនវិន័យ អត្តចរិត និងរបៀបរស់នៅជាកងទ័ពពេញលេញ ពោលគឺការហ្វឹកហ្វឺនរយៈពេល ២៤ ខែនេះ មិនមែនត្រឹមតែជាការហ្វឹកហ្វឺនយុទ្ធវិធីយោធា ឬកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែជាការលត់ដំមនុស្សម្នាក់ៗឱ្យទៅជាយោធិនពិតប្រាកដ។
សម្តេចធិបតីបានលើកឡើងថា ដំណើរការហ្វឹកហាត់រយៈពេល២៤ខែនេះយោធិនកាតព្វកិច្ច នឹងប្រឈមនឹងការផ្លាស់ប្តូរដ៏ធំធេងពីជីវិតស៊ីវិល ទៅជាជីវិតយោធាដែលមានវិន័យខ្ពស់។
សម្តេចធិបតីបានពន្យល់ថា វគ្គដំបូងរយៈពេល ៣ ខែ គឺផ្តោតលើការផ្លាស់ប្តូរពីស៊ីវិលទៅយោធិននៅក្នុងសាលា ខណៈ ២១ ខែបន្តបន្ទាប់ យុវជននឹងត្រូវរស់នៅ និងបំពេញការងារតាមបណ្តាអង្គភាពយោធា ក្រោមច្បាប់ និងវិន័យតឹងរ៉ឹង។ សម្តេចបញ្ជាក់ថាការលះបង់នូវភាពសុខស្រួល និងឯកជនភាព គឺជាការប្រឈម ប៉ុន្តែក៏ជាឱកាសដ៏ល្អដើម្បីពង្រឹងកាយសម្បទា ស្មារតី និងសតិអារម្មណ៍ ព្រមទាំងបណ្តុះស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវជាក្រុម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ រៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នេះហើយគឺជាការប្រឈម ប៉ុន្តែវាជាឱកាសផ្លាស់ប្ដូរពីផ្នត់គំនិតដែលយើងធ្វើការងារប្រកួតប្រជែងគ្នាយកចាញ់ឈ្នះ មកជាការប្រកួតប្រជែងគ្នាជាក្រុម រួមគ្នាដើម្បីពង្រឹងខ្លួន ពង្រឹងក្រុម។ នេះហើយគឺជាអ្វីដែលត្រូវប្រឈម ការលត់ដំកាយសម្បទា ស្មារតី សតិអារម្មណ៍។ប្អូនអាចថាឥឡូវរត់ ១០ គីឡូមិនទាន់បាន អញ្ចឹងជៀសមិនផុតពីត្រូវតែរត់ ១០ គីឡូទាល់តែបាន។ ការហ្វឹកហ្វឺននឹងសម្រួចទៅ ពេលនោះបានន័យថាម៉េច? ខ្លួនយើងនឹងត្រូវដាក់នៅក្រោមសម្ពាធ។ ភាពសុខស្រួលត្រូវបោះបង់ចោល។ ត្រឡប់មកវិញនូវការជំរុញខ្លួនឯង ជំរុញឆន្ទៈ។ ធ្លាប់មានសេរីភាពគ្រប់បែបយ៉ាង កន្លែងខ្លះម្ដាយស្រឡាញ់កូនពេក អត់ហ៊ាន អត់មានម្ដាយណាហ៊ាននិយាយជាមួយសម្ដីទៅកូនផង។ មកដល់នេះគ្រូថាត្រូវតែទៅ អាហ្នឹងត្រូវតែជាការប្រឈមរបស់យើងដែលត្រូវធ្វើ។ វិន័យ សណ្ដាប់ធ្នាប់ តម្រង់ទិសយើងឲ្យរឹងមាំ មិនមែនតែកែកាយសម្បទានោះទេ ប៉ុន្តែស្មារតី សតិអារម្មណ៍ នេះហើយគឺជាពិសេស»។
សម្តេចធិបតីបានបន្ថែមថា បន្ទាប់ពីបញ្ចប់កាតព្វកិច្ច ២៤ ខែ យុវជនទាំងនេះនឹងទទួលបានបទពិសោធន៍ជីវិតពិតរបស់កងទ័ព ដែលជាទម្លាប់ល្អសម្រាប់ជីវិតស៊ីវិលនាពេលអនាគត ឬបន្តអាជីពជាយោធិនអាជីព។ វិន័យ សណ្តាប់ធ្នាប់ និងការតម្រង់ទិសក្នុងអំឡុងពេលនេះ នឹងធ្វើឱ្យយុវជនកាន់តែរឹងមាំ និងមានឆន្ទៈខ្ពស់ក្នុងការសម្រេចគោលដៅ។
សម្តេចធិបតីបានសម្តែងក្តីសង្ឃឹមថា យោធិនកាតព្វកិច្ចទាំង ៥,០០០ នាក់ ដែលចូលបម្រើកាតព្វកិច្ចនៅជំនាន់ទី១ នេះ នឹងខិតខំតស៊ូរហូតដល់បញ្ចប់កាតព្វកិច្ចរយៈពេល ២៤ ខែរបស់ខ្លួន ដែលជាគំរូដ៏ល្អសម្រាប់យោធិនជំនាន់ក្រោយៗទៀត៕































































