ស្បៀង និងពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបន្តផ្តល់ជូនគ្រួសាររងគ្រោះធម្មជាតិ ២,៦៨២គ្រួសារ ក្នុងស្រុកបាកាន
09-11-2026 20:47
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី0៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យអូរតាប៉ោង លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដោយទទួលបានការអនុញ្ញាតពី លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំយកស្បៀង និងពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀង ចំនួន២,៦៨២គ្រួសារ ក្នុងស្រុកបាកាន ដើម្បីជួយសម្រាលការលំបាក និងស្តារការបង្កបង្កើនផលឡើងវិញ។
យោងតាមរបាយការណ៍របស់ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានឱ្យដឹងថា ស្រុកបាកានបានជួបប្រទះនូវគ្រោះរាំងស្ងួត បង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន២៦,០០០ហិកតា។ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោកអភិបាលខេត្ត និងមានកិច្ចសហការពីមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើអន្តរាគមន៍ទាញទឹកតាមរយៈប្រឡាយមេដំណាក់អំពិល ដោយអាចស្រោចស្រពដំណាំស្រូវ បានជាង១៦,០០០ហិកតា ខណៈជាង១០,០០០ហិកតាទៀតបានខូចខាត ដោយសារស្ថិតនៅឆ្ងាយពីប្រភពទឹក។ លោកបន្តថា ជំនន់ទឹកភ្លៀង ក្នុងអំឡុងចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៦ ស្រុកបាកានក៏បានរងគ្រោះជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដំណាំស្រូវ ជាង២,០០០ហិកតាបន្ថែមទៀត។
លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានប្រជាពលរដ្ឋ ចំនួន១,៥៧៦គ្រួសារ បានទទួលស្បៀង និងពូជស្រូវផ្ទាល់ពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៥ ខែវិច្ឆិកា នៅពហុកីឡដ្ឋានខេត្តរួចមកហើយ។ ចំណែកឯការចែកជូននាថ្ងៃនេះ គឺផ្តល់ជូនប្រជាពលរដ្ឋ ចំនួន២,៦៨២គ្រួសារបន្ថែមទៀត ដោយក្នុងនោះ៖ ៥០០គ្រួសារ ទទួលបានពូជស្រូវគុណភាពល្អ ចំនួន១០០គីឡូក្រាម ក្នុងមួយគ្រួសារ និង២,១៨២គ្រួសារ ទទួលបានស្បៀង និងសម្ភារៈឧបត្ថម្ភ។
ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ខូយ រីដា និងលោក ឡាំ ហេងហួត បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ស្រទន់បំផុតពីសំណាក់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនប្រជាកសិករ ដោយសង្កត់ធ្ងន់ថា ទោះបីជាសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ ប៉ុន្តែសម្ដេចតែងតែគិតគូរជាប់ជានិច្ចពីសុខទុក្ខ និងដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ថា ស្បៀង និងស្រូវពូជដែលរាជរដ្ឋាភិបាលផ្តល់ជូន តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា នាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសម្រាលការលំបាក និងផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាកសិករបានចាប់ផ្តើមបង្កបង្កើនផលស្តារឡើងវិញ។
លោករដ្ឋមន្ត្រីប្រតិភូ បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែង និងចែកចាយពូជស្រូវ និងស្បៀងទាំងនោះឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ដើម្បីឱ្យប្រជាកសិករយកទៅប្រើប្រាស់ ក្នុងការដាំដុះស្របតាមរដូវកាល។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់លើការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីលើកស្ទួយប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ត្រូវបន្តយកចិត្តទុកដាក់អប់រំទូន្មានកូនចៅឱ្យខិតខំរៀនសូត្រ ឃ្លាតឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមសហគមន៍មូលដ្ឋានរៀងៗខ្លួនឱ្យបានល្អប្រសើរ៕








































