ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
10-11-2026 20:34
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធាន គណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលសហការរៀបចំដោយក្រុមប្រឹក្សាអ្នកច្បាប់ គណៈកម្មាធិការដឹក នាំការកែទម្រង់ច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ) នៃទីស្តីការគណៈរដ្ឋមន្រ្តី។
ក្នុងប្រសាសន៍បើកអង្គសិក្ខាសាលា ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីរួមគ្នាលើកកម្ពស់ការអនុវត្តការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) សំដៅធ្វើយ៉ាងណាឱ្យការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ដោយឆ្លងកាត់ការវិភាគផលប៉ះពាល់ ផលចំណេញ ការខាតបង់ និងបន្ទុកនានាមកលើសង្គម សេដ្ឋកិច្ច បរិស្ថាន ប្រជាពលរដ្ឋ និងធុរកិច្ច ដោយផ្អែកលើភស្តុតាង ទិន្នន័យ និងការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានដល់ការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត រួមទាំងគោលនយោបាយរបស់ប្រទេសទៅតាមវិស័យផងដែរ។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ការងារ RIA នេះ មិនមែនជាកិច្ចការថ្មីទាំងស្រុងនោះទេ ពោលគឺ RIA ត្រូវបានអនុវត្តនៅទីស្តីការគណៈរដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ក្រោមជំនួយបច្ចេកទេសរបស់ ADB ហើយក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ RIA នៅតាមក្រសួងស្ថាប័ន ហើយ ក.ស.វ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានតួនាទីជាអ្នកផ្តល់ការបណ្តុះបណ្តាល និងផ្តល់យោបល់ជូនក្រសួងស្ថាប័នក្នុងការអនុវត្ត RIA។
បន្ទាប់មក ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ១៧០អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលតម្រូវឱ្យមានរបាយការណ៍ RIA ភ្ជាប់ជាមួយនឹងសេចក្តីព្រាងច្បាប់។
ទន្ទឹមនេះដែរ ដើម្បីជំរុញល្បឿនក្នុងកសាងសមត្ថភាព និងការអនុវត្ត RIA, ទីស្តីការគណៈរដ្ឋមន្រ្តីបានបង្កើតគណៈកម្មការដឹកនាំកែទម្រង់ RIA ក្នុងឆ្នាំ២០២៤ ហើយក្នុងឆ្នាំ២០២៦នេះ ក៏ទើបបានបង្កើតក្រុមការងារចំនួន២ទៀត គឺក្រុមការងាររៀបចំក្របខណ្ឌគោលនយោបាយនិងគតិយុត្ត និងក្រុមការងារត្រួតពិនិត្យគុណភាពការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលជាការប្រមូលធនធានសរុប ក្រោមតួអង្គតែមួយ ដើម្បីជំរុញការងារ RIAឱ្យកាន់តែមានគុណភាព និងមានប្រសិទ្ធផលខ្ពស់បន្ថែមទៀត។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ជារួម RIA គឺជាឧបករណ៍ដ៏ចាំបាច់សម្រាប់កិច្ចការនីតិកម្ម ហើយជួយធ្វើឱ្យយើងអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវនិងកាន់តែប្រសើរ (Better Regulation-Better Growth-Better Life) ដោយផ្អែកលើភស្តុតាង ទិន្នន័យ និងការវិភាគ មិនមែនផ្អែកតែលើការសន្មត់ ឬការយល់ឃើញ ឬតាមអារម្មណ៍ ដោយមិនមានការផ្ទៀងផ្ទាត់នោះទេ។
ទន្ទឹមនេះ RIA គឺជាផ្នែកមួយនៃការកែទម្រង់ច្បាប់ និងជាឧបករណ៍សំខាន់មួយ ក្នុងដំណើរឆ្ពោះទៅរកការប្រតិបត្តិល្អនៃបទប្បញ្ញត្តិ (Good Regulatory Practice-GRP) នៅកម្ពុជា ដែលមានវិសាលភាពធំទូលាយជាង ដោយគ្របដណ្តប់គ្រប់ដំណាក់កាលនៃវដ្តរបស់ច្បាប់ ដោយចាប់ផ្តើមពីការកំណត់បញ្ហា ការរៀបចំគោលនយោបាយ ការវិភាគ ការពិគ្រោះយោបល់ ការតាក់តែង ការអនុម័ត រហូតដល់ការអនុវត្ត ការតាមដាន ការវាយតម្លៃ និងការកែតម្រូវ ឬវិសោធនកម្មផងដែរ។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងថា ការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ RIA នេះ គឺជាការបោះជំហានបន្តដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធ RIA ឱ្យស្របតាមបរិបទកម្ពុជាផង និងស្របតាមស្តង់ដាអន្តរជាតិផងដែរ ដើម្បីធ្វើស្ថាប័នូបនីយកម្ម RIA នៅគ្រប់ក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាលទាំងមូល។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានសង្កត់ធ្ងន់ថា ជោគជ័យនៃការងារ RIA នេះ គឺអាស្រ័យទៅលើក្រសួងស្ថាប័ននីមួយៗដែលមានសមត្ថភាព និងភាពជាម្ចាស់លើការយល់ដឹង ការអនុវត្ត និងការតាមដាននិងវាយតម្លៃរបស់ខ្លួន ដោយមិនមែនស្ថិតលើទីស្តីការគណៈរដ្ឋមន្រ្តីដែលមានមុខងារជាទ្វារបាលនោះទេ។
បន្ទាប់មក អង្គសិក្ខាសាលាបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ RIA ព្រមទាំងបានលើកឡើងជាសំណួរផ្សេងៗផងដែរ។ ក្រៅពីនេះ អង្គសិក្ខាសាលាក៏បានពិភាក្សាអំពីវិសាលភាព គោលការណ៍លើកលែង គោលការណ៍សមាមាត្រ និងការកំណត់កម្រិតផលប៉ះពាល់ (threshold) រវាងការវាយតម្លៃបឋមលើផលប៉ះពាល់ (Preliminary Assessment Statement - PAS) និងការវាយតម្លៃពេញលេញលើផលប៉ះពាល់ (Regulatory Impact Statement - RIS) ព្រមទាំងទិដ្ឋភាពបច្ចេកទេសផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំមួយចំនួនដល់ក្រុមការងារយកទៅធ្វើការកែសម្រួលសេចក្តីព្រាងគោលការណ៍ណែនាំនេះឡើងវិញ និងស្នើឱ្យតំណាងក្រសួងស្ថាប័ននានាបន្តផ្តល់ធាតុចូលជាលាយលក្ខណ៍អក្សរដើម្បីអាចដាក់ឱ្យអនុវត្តបានឆាប់តាមដែលអាចធ្វើបាន ដើម្បីជាប្រយោជន៍ដល់ការកសាងសណ្ដាប់ធ្នាប់គតិយុត្ត និងសណ្ដាប់ធ្នាប់ស្ថាប័ន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងរដ្ឋ ការអភិវឌ្ឍជាតិ និងវប្បធម៌នីតិរដ្ឋនៅ កម្ពុជា៕




