វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
10-11-2026 21:08
(ប៉ារីស)៖ AI កំពូលឈីបឆ្លាតវៃ និងសង្រ្គាមសាយប័រប្រហែលជាកំពុងកែប្រែវិធីសាស្ត្រឈ្លបយកការណ៍ ឬប្រមូលព័ត៌មានសម្ងាត់សម័យទំនើប។ តែទោះជាបែបនេះក្ដី ព័ត៌មានសម្ងាត់មួយចំនួននៅតែត្រូវបានប្រមូលដោយវិធីសាស្ត្របុរាណ នោះគឺ «អន្ទាក់ស្រីស្អាត» ដូចសុភាសិតចិនបាននិយាយថាអ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត។
នៅទីនេះ ភាពចម្រូងចម្រាសចុងក្រោយបំផុតមួយ បាន និងកំពុងអង្រួនពិភពបច្ចេកវិទ្យា បន្ទាប់ពីនាយកប្រតិបត្តិ CEO ក្រុមហ៊ុន Nvidia លោក Jensen Huang ត្រូវបានរាយការណ៍ថាមានទំនាក់ទំនងក្រៅអាពាហ៍ពិអាពាហ៍ជាមួយស្ត្រីម្នាក់ ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកអះអាងថាជាចារនារីរបស់ចិន ជាការអះអាងមួយដែលប៉េកាំងបានទាត់ចោល។ រឿងអាស្រូវនេះបានធ្វើឱ្យអន្ទាក់ស្រីស្អាតក្លាយជាប្រធានបទមួយកំពុងត្រូវបានគេលើកយកមកជជែកដេញដោល។ អន្ទាក់ស្រីស្អាតជាវិធីសាស្ត្របុរាណមួយដែលគេប្រើសម្រស់ដើម្បីអាចចូលទៅក្បែរ និងមានឥទ្ធិពលលើមនុស្សមានអំណាចដើម្បីលួចយកព័ត៌មានសម្ងាត់រដ្ឋ។
នៅក្នុងប្រវត្តិសាស្ត្រ អ្នកនយោបាយមានអំណាច និងមនុស្សមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានអំណាចទាំងនោះបានធ្លាក់ចូលក្នុងអន្ទាក់សម្រស់របស់ចារបុរស និងចារនារី។ ក្នុងនោះមានចារនារីដ៏ល្បីឈ្មោះម្នាក់ឈ្មោះថា Mata Hari។ Mata Hari ជានារីរបាំហូឡង់ ដែលត្រូវបានប្រហារជីវិតក្នុងឆ្នាំ១៩១៧ បន្ទាប់ពីរូបនាងត្រូវបានចោទប្រកាន់ថាបានលួចព័ត៌មានសម្ងាត់ផ្ដល់ទៅឱ្យអាល្លឺម៉ង់អំឡុងសង្រ្គាមលោកលើកទី១។
អំឡុងសម័យសង្រ្គាមត្រជាក់ ក៏មានសំណុំរឿងល្បីស្រដៀងគ្នានេះដែរ។ នៅក្នុងប្រទេសបារាំង ឯកអគ្គរដ្ឋទូតបារាំង លោក Maurice Dejean ត្រូវបានកោះហៅឱ្យត្រឡប់ចូលស្រុកវិញពីទីក្រុងមូស្គូ ក្នុងឆ្នាំ១៩៦៤ ក្រោយផ្ទុះរឿងអាស្រូវមានទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍។ នេះបើតាមលោក Clement Renault ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថាន France’s Institute for Strategic Research។ លោក Renault បានឱ្យដឹងទៀតថាករណីល្បីល្បាញមួយទៀតមានពាក់ព័ន្ធនឹងអតីតទីភ្នាក់ងារស៊ើបការណ៍សូវៀត KGB បានគំរាមទម្លាយរូបភាពដែលត្រូវបានគេលួចថតជាប់ក្នុងទីក្រុងមូស្គូ អំពីរឿងអាស្រូវស្រឡាញ់ភេទដូចគ្នារបស់បុគ្គលិកស្ថានទូតអង់គ្លេសម្នាក់មានឈ្មោះថា John Vassall ដើម្បីបង្ខំឱ្យបុគ្គលិកស្ថានទូតរូបនេះសហការជាមួយ KGB។
នៅទសវត្សរ៍ឆ្នាំ១៩៨០វិញ អ្នកទម្លាយរឿងសម្ងាត់ជាជនជាតិអ៉ីស្រាអែលឈ្មោះ Mordechai Vanunu ដែលបានទម្លាយព័ត៌មានស្ដីពីកម្មវិធីនុយក្លេអ៊ែរសម្ងាត់របស់អ៉ីស្រាអែលបានចាញ់ល្បិចល្បួងរបស់ស្រ្តីម្នាក់ឈ្មោះ Cindy។ ស្ត្រីរូបនេះបានល្បួងឱ្យលោក Vanunu ធ្វើដំណើរទៅជួបរូបនាងក្នុងកាន់ទីក្រុងរ៉ូមជាទីដែលរូបលោកត្រូវបានចាប់ក្របួចជាប់ដោយចារកម្មអ៉ីស្រាអែល Mossad នាំខ្លួនទៅកាន់អ៉ីស្រាអែល។ អន្ទាក់ស្រីស្អាតមួយចំនួនត្រូវការចាយពេលរាប់ឆ្នាំ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ តារាចម្រៀងអូប៉េរ៉ាចិន Shi Pei Pu បានបំពេញភារកិច្ចយ៉ាងសម្ងាត់ឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន ដោយចាប់ផ្ដើមជាមួយបង្កើតទំនាក់ទំនងមានរយៈពេលជាង ២ទសវត្សរ៍ជាមួយមន្ត្រីការទូតបារាំង លោក Bernard Boursicot ដែលបានប្រគល់ព័ត៌មានរសើបទៅឱ្យចារនារីចិនរូបនេះ។
អន្ទាក់សម្រស់ក៏មានទម្រង់ជាអន្ទាក់ប្រុសស្អាតផងដែរ។ ឧទាហរណ៍៖ ករណីចារបុរសដ៏ល្បីល្បាញម្នាល់នៅអាល្លឺម៉ង់ខាងកើត ក្នុងសម័យសង្រ្គាមត្រជាក់ដែលស្គាល់ថា «Romeo Spies»។ ចារបុរសអាល្លឺម៉ង់ខាងកើតនៅពេលនោះមានភារកិច្ចដាក់អន្ទាក់ និងបង្កើតទំនាក់ទំនងស្នេហាជាមួយស្ត្រីនៅលីវដែលបម្រើការក្នុងស្ថាប័ន ឬក្នុងជួររដ្ឋាភិបាលអាល្លឺម៉ង់ខាងលិចដើម្បីប្រមូលព័ត៌មានសម្ងាត់។ ការសិក្សាមួយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានឱ្យដឹងថានៅពេលនោះ ក្រោយសង្រ្គាមលោកលើកទី២ នៅអាល្លឺម៉ង់ខាងលិចខ្សត់មនុស្សប្រុស ជាហេតុធ្វើឱ្យស្ត្រីអាល្លឺម៉ង់ខាងលិចដែលចង់បានប្ដីបានក្លាយគោលដៅរបស់ចារបុរសអាល្លឺម៉ង់ខាងកើត។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក៏បានប្រើប្រាស់ផងដែរអ្នកបម្រើសេវាផ្លូវភេទ នាយកប្រតិបត្តិ និងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានឥទ្ធិពល ឬអំណាចដើម្បីប្រមូលព័ត៌មានដែលពួកគេចង់បាន។ ក្នុងករណីនេះដូចអ្វីបានកើតឡើងលើ CEO ក្រុមហ៊ុន Nvidia លោក Jensen Huang ដែលត្រូវបានរាយការណ៍ថាមានទំនាក់ទំនងស្នេហាជាមួយស្ត្រីឈ្មោះ Alice Huang ដែលមានតួនាទីធំមួយក្នុងក្រុមហ៊ុន Megaspeed មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី និងមានមុខជំនួញជាមួយ Nvidia។
តាមលោក Renault ស្ត្រីឈ្មោះ Alice Huang ត្រូវបានជ្រើសរើសដោយក្រសួងសន្តិសុខរដ្ឋចិនឱ្យធ្វើជាចារនារីម្នាក់ដែលស័ក្តិសមបំផុត ក្នុងការបង្កើតទំនាក់ទំនងជាមួយលោក Jensen Huang។ អ្វីដែលចាប់អារម្មណ៍នៅទីនេះ នោះគឺបុគ្គលម្នាក់ដែលលេចធ្លោជាងគេបំផុតក្នុងសង្រ្គាម AI សម័យទំនើប ដូចជាលោក Jensen Huang បានធ្លាក់ចូលក្នុងអន្ទាក់ចាស់បុរាណរបស់ចារកម្ម៕










