ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំសមត្ថកិច្ចជំនាញយកចិត្តទុកដាក់លើផលិតក្លែងបន្លំម៉ាក គ្មានគុណភាព ដើម្បីការពារសុខុមាលភាពពលរដ្ឋ និងកុំឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគ
11-11-2026 14:47
(កណ្ដាល)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់ចំពោះផលិតផលក្លែងបន្លំម៉ាក និងគ្មានគុណភាពដែលចរាចរនៅលើទីផ្សារនាពេលបច្ចុប្បន្ន ដើម្បីចាត់វិធានការច្បាប់ ព្រោះដើម្បីកុំឲ្យផលិតផលទាំងអស់នោះ បំផ្លាញដល់សុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដុតបំផ្លាញផលិតផលក្លែងបន្លំម៉ាក និងសម្ភារពាក់ព័ន្ធប្រមាណ៧៥០តោន នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានអះអាងថា ផលិតផលក្លែងបន្លំម៉ាក និងគ្មានគុណភាពនេះ ក្រៅពីធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋហើយនោះ គឺបានធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគដែលមករកស៉ីច្បាប់ទៀតផង។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានដាក់បទបញ្ជាដល់សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ត្រូវតែបន្ដស្រាវជ្រាវ ស៉ើបអង្កេត ដើម្បីឈានទៅបង្ក្រាបទីតាំងផលិត ស្ដុកទុក ចែកចាយ នូវផលិតផលក្លែងក្លាយ ដោយស្ថាប័នពាក់ព័ន្ធ និងដៃគូសហប្រតិបត្តិការអន្ដរជាតិ។ លោកបានសង្កត់ធ្ងន់ទៀតថា សមត្ថកិច្ចខ្លួនឯងផ្ទាល់ មិនត្រូវជាប់ពាក់ព័ន្ធជាមួយផលិតផលក្លែងក្លាយទាំងអស់នោះឡើយ ពោលប្រសិនបើរកឃើញនឹងចាត់វិធានការតែម្ដង។
ជាមួយគ្នានេះ លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចយ៉ាងម៉ឺងមាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសពាក់ព័ន្ធផលិតផលក្លែងក្លាយ ដែលបង្កហានិភ័យ និងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធដែលត្រូវដុតបំផ្លាញនេះ នៅសេសសល់ និងបង្ក្រាបនៅត្រីមាសទី៣ ឆ្នាំ២០២៦ សរុបចំនួនប្រមាណ៧៥០តោន។ ផលិតផលទាំងនេះមានដូចខាងក្រោម៖
១៖ ប្រេងម៉ាស៊ីនម៉ាក Total ប្រមាណ ២តោន បង្ក្រាបថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤
២៖ ប្រេងម៉ាស៊ីនម៉ាក Nova 2T ប្រមាណ ១.៥តោន បង្ក្រាបថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤
៣៖ អំបោះដេររបួសម៉ាក ETHILON ប្រមាណ ០.៤៨តោនបង្ក្រាបថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤
៤៖ បារីក្លែងម៉ាក និងសំបកវេចខ្ចប់ប្រមាណ ៥៨តោន បង្ក្រាបថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤
៥៖ គ្រឿងអេឡិចត្រូនិចម៉ាក Apple ប្រមាណ០.៦៥តោន បង្ក្រាបថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
៦៖ សម្លៀកបំពាក់ម៉ាកBoss ប្រមាណ០.៦៥តោន បង្ក្រាបថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥
៧៖ បន្ទះបិតបញ្ចុះកម្ដៅម៉ាក Cool-Kid ប្រមាណ ១.៦តោន បង្ក្រាបថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥
៨៖ ថ្នាំដុសធ្មេញម៉ាក Sogate និង Crogate ប្រមាណ ១៦ តោន បង្ក្រាបថ្ងៃទី២២ ខែមករាឆ្នាំ២០២៦
៩៖ បារីក្លែងម៉ាក និងសំបកវេចខ្ចប់ ប្រមាណ ៤៥៥តោន បង្ក្រាបថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
១០៖ បារីក្លែងម៉ាក និងសំបកវេចខ្ចប់ ប្រមាណ ២១២តោន បង្ក្រាបថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៕






























