ជនជាតិដើមភាគតិច នៅសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង ទទួលបានការគាំទ្រដើម្បីពង្រឹងជីវភាព និងលើកកម្ពស់សេដ្ឋកិច្ច
11-11-2026 15:35
(មណ្ឌលគិរី)៖ រាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពង្រឹងសេដ្ឋកិច្ចជាតិ និងធានាការរក្សាសិទ្ធិជនជាតិដើមភាគតិច ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។ ក្នុងស្មារតីនេះ សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង ដែលមានទីតាំងក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បាននឹងកំពុងក្លាយជាគំរូមួយក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ។
សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃ ភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននឹងកំពុងដើរតួនាទីសំខាន់ក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ។
ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ដែលចុះទៅប្រមូលព័ត៌មានដោយផ្ទាល់នៅសហគមន៍នេះលោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកស្ទួយជីវភាពសហគមន៍នៃអង្គការ WCS អង្គការ WCS បានចូលរួមគាំទ្រការអភិវឌ្ឍសហគមន៍នេះតាំងពីឆ្នាំ២០០៣ តាមរយៈការរៀបចំចងក្រងក្រុមសហគមន៍ទេសចរណ៍ធម្មជាតិ និងជួយបង្កើតឯកសារគតិយុត្តដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ខេត្ត។
មន្ត្រីអង្គការរូបនេះ បានបន្តថា WCS ក៏បានរៀបចំវគ្គបណ្តុះបណ្តាលដល់សមាជិកសហគមន៍លើការរៀបចំសេវាកម្មទេសចរណ៍ ម្ហូបអាហារ និងការពង្រឹងសមត្ថភាពគ្រប់គ្រង ដើម្បីឱ្យសហគមន៍អាចដំណើរការសេវាកម្មទេសចរណ៍ដោយខ្លួនឯងនាពេលអនាគត។ ក្រៅពីនេះគម្រោងបានជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន៖ ផ្លូវចូល កញ្ចុះសម្រាប់អង្គុយ ផ្ទះបាយ បន្ទប់ទឹកបែបធម្មជាតិ និងផ្ទះស្នាក់នៅចំនួន ២ខ្នង ដែលបំពាក់ដោយសម្ភារៈសម្រាប់ស្នាក់នៅ និងប្រព័ន្ធភ្លើងសូឡា។
លោកបានបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍នេះ បានរួមចំណែកកាត់បន្ថយការបរបាញ់សត្វ និងការកាប់បំផ្លាញព្រៃឈើ ព្រមទាំងជួយឱ្យប្រជាពលរដ្ឋមានប្រភពចំណូលបន្ថែមពីសេវាកម្មទេសចរណ៍។ ទោះបីជាចំណូលមិនទាន់មានទំហំធំក៏ដោយ ក៏ជីវភាពប្រជាពលរដ្ឋបានចាប់ផ្តើមប្រសើរឡើងជាបន្តបន្ទាប់។ គិតត្រឹមចុងឆ្នាំ២០២៦ មានភ្ញៀវទេសចរជាង ១០៩នាក់ បានមកស្នាក់នៅផ្ទះស្នាក់របស់សហគមន៍។ ចំណូលពីសេវាកម្មទេសចរណ៍ត្រូវបានបែងចែកមួយផ្នែកជូនម្ចាស់ផ្ទះ និងមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍សហគមន៍។
ជាមួយគ្នានេះលោក សុគុណ ជុ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង បានឱ្យដឹងថា តំបន់ទឹកធ្លាក់ជីអាំងមានសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារសម្បូរទៅដោយធនធានធម្មជាតិ រួមមាន៖ ទឹកធ្លាក់ ផ្ទាំងថ្ម ដើមឈើចម្រុះប្រភេទ និងទេសភាពភ្នំដ៏ស្រស់ស្អាត។ ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សហគមន៍ក៏បានដាក់ចេញវិធានការណែនាំមួយចំនួន ដូចជាហាមឃាត់ការលោតទឹក និងណែនាំឱ្យភ្ញៀវដើរដោយប្រុងប្រយ័ត្ននៅលើផ្ទាំងថ្មដែលមានសភាពរអិល។
លោកបានបញ្ជាក់ថា សហគមន៍បានរៀបចំសេវាកម្មជាច្រើនដើម្បីបម្រើភ្ញៀវទេសចរ ដូចជា៖ អ្នកនាំភ្ញៀវ អ្នកចម្អិនម្ហូប អ្នកលក់ផលិតផលសហគមន៍ អ្នកថែរក្សាសន្តិសុខ អ្នកសម្តែងរបាំប្រពៃណី និងសេវាជួលសម្ភារៈផ្សេងៗ។ សេវាកម្មទាំងនេះត្រូវបានផ្តល់ជូនដោយសមាជិកសហគមន៍ចំនួន ៣១នាក់ ក្នុងនោះមានស្ត្រី៧នាក់ ដែលភាគច្រើនជាជនជាតិដើមភាគតិចពូនង។ ការចូលរួមក្នុងវិស័យទេសចរណ៍បានផ្តល់ឱកាសការងារ និងប្រភពចំណូលបន្ថែមដល់សមាជិកសហគមន៍ ព្រមទាំងជួយកាត់បន្ថយការពឹងផ្អែកលើធនធានព្រៃឈើ។
ដោយឡែក លោក ហេង ខេង អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ខេត្តមណ្ឌលគិរី បច្ចុប្បន្នមានសហគមន៍ទេសចរណ៍ធម្មជាតិចំនួន៣កន្លែង រួមមាន៖ ទឹកធ្លាក់ជីអាំង ឡែងកៅ និងភ្នំណាមលា។ តំបន់ទាំងនេះមានសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសអ្នកដែលចូលចិត្តទេសចរណ៍ផ្សងព្រេង និងការស្វែងយល់ពីធម្មជាតិ។
លោកបានបន្ថែមថា មន្ទីរបរិស្ថានខេត្តបានសហការជាមួយសហគមន៍ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ព្រមទាំងផ្សព្វផ្សាយចំណេះដឹងអំពីការថែរក្សាបរិស្ថាន អនាម័យ និងការគ្រប់គ្រងធនធានធម្មជាតិ។ ក្រៅពីនេះ មន្ទីរក៏បានសហការជាមួយអង្គការដៃគូ ដូចជា WCS ក្នុងការអភិរក្សសត្វព្រៃ តាមដាន និងវាយតម្លៃការអនុវត្តផែនការរបស់សហគមន៍ ដើម្បីធានាឱ្យការគ្រប់គ្រងធនធានធម្មជាតិមានប្រសិទ្ធភាព និងនិរន្តរភាព។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល គឺបានគាំទ្រការលើការពង្រឹងពង្រីកជីវភាព ការលើកផ្នែកកម្ពស់សេដ្ឋកិច្ច និងការរក្សានូវសិទ្ធិ ព្រមទាំងជំនឿរបស់ជនជាដើមភាគតិច ដែលកំពុងរស់នៅតាមតំបន់ការពារធនធានធម្មជាតិនានាទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានឱ្យដឹងថា បងប្អូនជនជាតិដើមភាគតិច និងប្រជាសហគមន៍ គឺជារនាំងដ៏រឹងមាំឈរការពារធនធានធម្មជាតិនៅកម្ពុជាផងដែរ។
សូមជម្រាបថា សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង ស្ថិតក្រោមការគាំទ្ររបស់គម្រោងរេដបូកកែវសីមា ដែលជាកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការ WCS។ គម្រោងនេះមានគោលបំណងគាំទ្រជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងប្រភពចំណូល ដើម្បីកាត់បន្ថយការពឹងផ្អែកលើធនធានព្រៃឈើ ព្រមទាំងចូលរួមការពារព្រៃឈើ និងជីវចម្រុះក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ជាក់ស្តែងថ្មីៗនេះក្រសួងបរិស្ថាន បានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមគម្រោងរេដបូកកែវសីមា បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ២៥នាក់ ចុះទស្សនកិច្ចនៅដែនជម្រកសត្វព្រៃកែវសីមា នៅខេត្តមណ្ឌលគិរី៕







































