ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ
11-11-2026 16:55
(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ខណ្ឌ សង្កាត់ ដែលបានពុះពារជំនះរាល់ការលំបាក ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសផ្សេងៗ ដែលធ្វើឱ្យបទល្មើសនៅក្នុងខែតុលាកន្លងមកនេះ ថយចុះ ជាមួយនិងការផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ។
ការកោតសរសើរនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ, លោក ឆាយ វីរៈ អភិបាលរង តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ក្រៅពីសារទរចំពោះការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញហើយ លោកលោក ម៉ប់ សារិន បានបន្តថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា សម្រាប់អាជ្ញាធររាជធានីភ្នំពេញ មានភារកិច្ចគ្រប់វិស័យ ខណៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំ ដោយចាប់ផ្តើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។ ដូចនេះក្នុងនាមក្រុមប្រឹក្សា រាជធានីភ្នំពេញ លោកសូមលើកទឹកចិត្ត និងសម្តែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបសរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលកំពុងរួមសហការគ្នា ដេីម្បីលើកមុខមាត់របស់ រាជធានីភ្នំពេញ ក៏ដូចជា ប្រទេសជាតិយើងទាំងមូលនាពេលនេះ ព្រោះនេះជាកិត្តិយសរបស់យេីងទាំងអស់គ្នា។
លោកអភិបាលរងរដ្ឋបាលភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានលើកឡើងពីការត្រៀមរួចរាល់ជាស្រេច ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដោយរៀបចំរួចរាល់ទាំង ការរក្សាសន្តិសុខ សុវត្ថិភាពសំរាប់ប្រតិភូ ការតុបតែង ការដាក់ទង់ជាតិនៃបណ្តាលប្រទេសដែលចូលរួម ការរៀបចំស្តង់ពិពណ៍ ការសំអាតអនាម័យ បរិស្ថាន ជាដើម។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ក៏បានពិនិត្យ និងអនុម័តរបៀបវារៈចំនួន២ ក្នុងនោះរួមមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបញ្ហាផ្សេងៗ៕

























