វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
11-11-2026 20:42
(តូក្យូ)៖ ក្រសែភ្នែកពិភពលោកនឹងត្រូវបង្វែរមកកាន់តំបន់អាស៊ីក្នុងខែវិច្ឆិកានេះនៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី បន្ទាប់ពីគណបក្សសាធារណរដ្ឋបរាជ័យធ្ងន់ក ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ លោក ត្រាំនឹងត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដែលជាការបង្ហាញវត្តមាន ២ឆ្នាំជាប់ៗគ្នា។ កាលពីអាណត្តិទី១ ពោលគឺនៅឆ្នាំ២០១៧ លោក ត្រាំបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានតែមួយលើកគត់។
ហ្វីលីពីនឆ្នាំនេះជាប្រធានប្ដូរវេនអាស៊ាន ដំបូងឡើយគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ប៉ុន្តែបានសម្រេចប្ដូរកាលបរិច្ឆេទដើម្បីសម្រួលឱ្យលោក ត្រាំចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយអាចបន្តធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុង Shenzhen ប្រទេសចិន ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។ យ៉ាងណាក៏ដោយ អ្វីដែលគេកំពុងទន្ទឹមរង់ចាំ នោះគឺកិច្ចប្រជុំ APEC ក្នុងទីក្រុង Shenzhen ជាជាងកិច្ចប្រជុំអាស៊ាននៅម៉ានីល។ ខណៈលោក ត្រាំត្រូវបានរំពឹងថានឹងបើកកិច្ចប្រជុំ ជាលើកទី៣ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងក្នុងឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយធំៗបានរាយការណ៍ពីលទ្ធភាពនៃកិច្ចប្រជុំត្រីភាគីដែលមានការចូលរួមពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាសចូលរួមកិច្ចប្រជុំ APEC។ ប្រសិនបើកិច្ចប្រជុំត្រីភាគីបែបនេះកើតឡើងពិតមែន វានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។
នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ បានបរាជ័យធ្ងន់ធ្ងរដោយបានបាត់បង់សំឡេងភាគច្រើនទាំងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា។ បច្ចុប្បន្ន លោក ត្រាំកំពុងស្ថិតក្នុងអាណត្តិទី២ និងមិនអាចឈរឈ្មោះជាប្រធានាធិបតីសាជាថ្មីនោះទេ។ ប៉ុន្តែ ដោយសារតំណែងជាប្រធានាធិបតីផ្ដល់អំណាចឱ្យរូបលោកចាត់ចែងលើគោលនយោបាយការបរទេស ក្រុមអ្នកវិភាគយល់ថាលោក ត្រាំអាចនឹងចំណាយពេលសេសសល់នៃអាណត្តិរបស់លោក ទៅផ្ដោតលើគោលនយោបាយការបរទេស ដើម្បីបង្កើតស្នាដៃធំៗបន្សល់ទុកជាកេរ្តិ៍តំណែលនយោបាយរបស់លោក។ ការលើកឡើងពីលទ្ធភាពដែលកិច្ចចរចាត្រីភាគីរវាងសហរដ្ឋអាមេរិក ចិន និងរុស្ស៉ីអាចនឹងកើតឡើង បានធ្វើឱ្យគេនឹកឃើញឡើងវិញនូវសន្និសីទ Yalta ឆ្នាំ១៩៤៥ ជាទីដែលមេដឹកនាំអាមេរិក ព្រីតថេន និងអតីតសហភាពសូវៀតជួបពិភាក្សាគ្នាអំពីការពុះចែកដែនឥទ្ធិពលគ្រប់គ្រង និងការរៀបចំសណ្ដាប់ធ្នាប់ពិភពលោកក្រោយសង្រ្គាមលោកលើកទី២។
លទ្ធភាពនៃកិច្ចចរចាត្រីភាគីក៏ធ្វើឱ្យគិតគូរផងដែរពីពិភពលោកមួយដែលត្រូវបានចាត់ចែងដោយក្រុមប្រទេស G3 រួមមានសហរដ្ឋអាមេរិក ចិន និងរុស្ស៉ី បន្ថែមពីលើក្រុមប្រទេស G2 គឺសហរដ្ឋអាមេរិក និងចិន។ តាមលោក Taisuke Abiru ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីមូលនិធិ Sasakawa Peace Foundation លោក ពូទីនយល់យ៉ាងច្បាស់ថារុស្ស៉ីមិនមានអំណាចគ្រប់គ្រាន់ដើម្បីឈរស្មើមុខស្មើមាត់ជាមួយចិន និងសហរដ្ឋអាមេរិកទេ។ ដូច្នេះជាជាងស្វះស្វែងក្លាយជាផ្នែកមួយនៃក្រុមប្រទេស G3 លោក ពូទីន សុខចិត្តរារាំងកុំឱ្យ G2 លេចចេញជារូបរាងពិតប្រាកដ។ រុស្ស៉ីមានបំណងធ្វើឱ្យទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះដុនដាបចាប់តាំងពីការបើកការឈ្លានពានប្រឆាំងអ៊ុយក្រែន ហើយចង់កាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើចិន។ ដើម្បីសម្រេចគោលដៅនេះ រុស្ស៉ីសម្លឹងឃើញការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន គឺជាឱកាសមួយរបស់ខ្លួន។ បន្ថែមពីលើនេះ ខណៈរុស្ស៉ីកំពុងព្យាយាមរក្សាឥទ្ធិពលក្នុងសណ្ដាប់ធ្នាប់ពហុប៉ូលមួយ អាស៊ានបានលេចមុខឡើងជាដៃគូមិនអាចខ្វះបានសម្រាប់មូស្គូ។
ពាក្យ G2 ក៏ធ្លាប់ត្រូវបានគេប្រើផងដែរសំដៅលើសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត។ បន្ទាប់ពីសហភាពសូវៀតរលំរលាយក្នុងឆ្នាំ១៩៩១ រុស្ស៉ីបានសម្របខ្លួនទទួលយកការពិតនៃអំណាចគ្មានគូប្រជែងរបស់សហរដ្ឋអាមេរិក តាមរយៈការចាប់ផ្ដើមធ្វើកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិច។ ប៉ុន្តែក្នុងពេលកាតិកសញ្ញាវ៉ាសូវីដែលគេស្គាល់ជាអតីតបក្សសម្ព័ន្ធយោធាអឺរ៉ុបខាងកើតត្រូវបានរំលាយចោលក្រោយការបិទបញ្ចប់សង្រ្គាមត្រជាក់ សត្រូវចាស់របស់សូវៀត គឺ NATO មិនបានបាត់ទៅណាទេ ហើយថែមទាំងចាប់ផ្ដើមពង្រីកឥទ្ធិពលឆ្ពោះទៅទិសខាងកើតទៀតផងជាមួយការទទួលយកសមាជិកបន្ថែមដូចជាប៉ូឡូញ សាធារណរដ្ឋឆែក និងហុងគ្រី នៅពេលនោះ។ ក្នុងឆ្នាំ២០១១ រុស្ស៉ីបានចូលរួមក្នុងកិច្ចប្រជុំអាស៊ីបូព៌ាជាមួយអាស៊ាន ជប៉ុន ចិន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់។
ភ្លាមៗក្រោយរុស្ស៉ីធ្វើសង្រ្គាមលុកលុយចូលអ៊ុយក្រែនក្នុងឆ្នាំ២០២២ បណ្ដាប្រទេសលោកខាងលិចបានប្រកាសដាក់ចេញទណ្ឌកម្មប្រឆាំងមូស្គូ និងធ្វើយុទ្ធនាការធ្វើឱ្យរុស្ស៉ីឯកោនៅលើឆាកអន្តរជាតិ។ ប៉ុន្តែ អាស៊ាននៅតែបន្តរក្សាទំនាក់ទំនង និងគោលជំហរទន់ភ្លន់ចំពោះរុស្ស៉ី។ បន្ទាប់ពីក្រសោបយកតំបន់គ្រីមក្នុងឆ្នាំ២០១៤ រុស្ស៉ីត្រូវបានបណ្ដេញចេញពីក្រុមប្រទេស G8។ តែនៅឆ្នាំ២០១៦ អាស៊ានបានចូលរួមកិច្ចប្រជុំកំពូលមួយក្នុងទីក្រុង Sochi ដើម្បីអបអរសាទរខួបលើកទី២០ នៃកិច្ចសន្ទនាភាពជាដៃគូរបស់ពួកគេ និងបញ្ជាក់ឡើងវិញពីការបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលរបស់លោក ពូទីន។ នៅឆ្នាំ២០២២ ជាឆ្នាំដែលរុស្ស៉ីឈ្លានពានអ៊ុយក្រែន កម្ពុជាគឺជាប្រធានអាស៊ាន រីឯឥណ្ឌូណេស៊ីជាប្រធាន G20 ខណៈថៃជាប្រធាន APEC។ ប៉ុន្តែក្នុងចំណោមប្រទេសទាំង៣នេះ គ្មានប្រទេសណាមួយផាត់រុស្ស៉ីចេញនោះទេ។
៤ឆ្នាំក្រោយមក គឺក្នុងឆ្នាំ២០២៦នេះ ក្រុមមេដឹកនាំអាស៊ានជាថ្មីម្ដងទៀតបានធ្វើដំណើរទស្សនិច្ចទៅកាន់ប្រទេសរុស្ស៉ីចូលរួមក្នុងកិច្ចប្រជុំជាមួយលោក ពូទីនកាលពីខែមិថុនាកន្លងទៅ និងដើម្បីអបអរសាទរដល់ខួប៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងរុស្ស៉ី និងអាស៊ាន និងខួប៣០ឆ្នាំដែលរុស្ស៉ីបានក្លាយជាដៃគូសន្ទនាមួយរបស់អាស៊ាន។ នៅឯកិច្ចប្រជុំនោះភាគីទាំង២ បានឈានដល់ការឯកភាពគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការថាមពល ជាការឆ្លើយតបទៅផលវិបាកកើតចេញពីសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់។
សេចក្ដីថ្លែងការណ៍ Kazan Declaration បានប្រកាសពីគោលដៅសម្រេចឱ្យបាននូវសណ្ដាប់ធ្នាប់ពហុប៉ូលមួយប្រកបដោយភាពយុត្តិធម៌ ផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ បើទោះជាសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនដើរផ្ទុយពីគោលការណ៍ទាំងនោះក៏ដោយ ក៏អាស៊ានមិនបានថ្កោលទោស ឬរិះគន់រុស្ស៉ីឡើយ។ «ជាការពិតណាស់ អាស៊ានមិនគាំទ្រគ្រប់គ្រងដោយប្រើ កម្លាំងបាយនោះទេ។ ប៉ុន្តែប្លុកមួយនេះក៏មិនអាចកំញើញការទប់ស្កាត់ការប៉ុនប៉ងរបស់ចិនក្នុងការផ្លាស់ប្ដូរស្ថានភាពដើមក្នុងតំបន់សមុទ្រចិនខាងត្បូងដោយគ្រាន់តែប្រកាន់គោលជំហប្រឆាំងបាននោះដែរ។ ដូច្នេះអាស៊ានជ្រើសរើសទុកគោលការណ៍របស់ខ្លួនមួយឡែកសិន (នីតិរដ្ឋ) ដើម្បីស្វែងរកផលប្រយោជន៍ជាក់ស្ដែង»។ នេះជាការគូសបញ្ជាក់របស់លោក Ken Jimbo ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Keio University។
នៅទីនេះ តើអ្វីទៅជាប្រយោជន៍ជាក់ស្ដែងដែលអាស៊ានទទួលបានពីរុស្ស៉ី? សម្រាប់បណ្ដាប្រទេសជាសមាជិកអាស៊ានដែលពឹងផ្អែកជាយូរណាស់មកហើយលើការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីតំបន់មជ្ឈិមបូព៌ា កិច្ចសហប្រតិបត្តិការថាមពលជាមួយរុស្ស៉ីពិតជាមានសារៈសំខាន់ ជាពិសេសក្នុងពេលកើតមានវិបត្តិនៅច្រកសមុទ្រ Hormuz។ ក្នុងពេលដំណាលគ្នា ពួកគេកំពុងប្រឈមមុខនឹងការកើនឡើងតម្រូវការអគ្គិសនីក្នុងយុគសម័យ AI ហើយក្នុងពេលពួកគេព្យាយាមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែររបស់រុស្ស៉ីមើលទៅជាជម្រើសគួរឱ្យទាក់ទាញមួយ។ វៀតណាមបានដាក់ចេញផែនការអភិវឌ្ឍរេអាក់ទ័រនុយក្លេអ៊ែរខ្នាតធំ រីឯឥណ្ឌូណេស៊ីកាលពីខែតុលាកន្លងទៅបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលយល់ព្រមទិញកប៉ាល់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចផលិតដោយរុស្ស៉ី។
តែទោះជាបែបនេះក្ដី រុស្ស៉ីចូលរួមចំណែកមានត្រឹមតែ ០,៤ភាគរយនៃពាណិជ្ជកម្មសរុបរបស់អាស៊ានកាលពីឆ្នាំ២០២៥។ បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុលវិញ ១ភាគ៣ នៃអាវុធសរុបដែលអាស៊ានបានទិញពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ គឺមានប្រភពមកពីរុស្ស៉ី។ ការទិញអាវុធពីរុស្ស៉ីរបស់អាស៊ានបានធ្លាក់ចុះដោយសារតែទណ្ឌកម្មលោកខាងលិចដែលត្រូវបានដាក់ចេញក្រោយមូស្គូ ក្រសោបយកគ្រីមៀ។ ក្រោយមកទៀត ចាប់តាំងពីមានសង្រ្គាមនៅអ៊ុយក្រែន ការទិញអាវុធពីរុស្ស៉ីសឹងតែផ្អាកទាំងស្រុង ក៏ព្រោះតែរុស្ស៉ីត្រូវបំពេញតម្រូវការអាវុធជាអាទិភាពសម្រាប់ខ្លួនឯងក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ប៉ុន្តែគ្រាន់តែតួលេខមួយមុខមិនអាចពន្យល់ពីតម្លៃរបស់រុស្ស៉ីនៅក្នុងក្រសែភ្នែកអាស៊ាននោះទេ។ ដោយសារតែការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន អាស៊ានពិតជាពិបាកក្នុងការថែរក្សាជំហរអព្យាក្រឹត ដោយម្ខាងពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខ និងម្ខាងទៀតពង្រឹងទំនាក់ទំនងជាមួយចិនលើបញ្ហាសេដ្ឋកិច្ច។
អាស៊ានមិនចង់ធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិនឡើយ។ តែកិច្ចព្រមព្រៀងជាសម្ងាត់ណាមួយរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងធ្វើឱ្យភាពបត់បែនរបស់អាស៊ានរួមតូច។ ដូចគ្នាទៅនឹងរុស្ស៉ី អាស៊ានប្រហែលជាចង់ឃើញការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិននៅក្នុងកម្រិតមួយចំនួន។ ដូច្នេះហើយទើបរុស្ស៉ីដែលជាអ្នកគាំទ្រពិភពលោកពហុប៉ូលមួយ និងសង្ឃឹមថាអាចរារាំងកុំឱ្យ G2 លេចចេញជារូបរាង គឺជាដៃគូឱ្យគួរឱ្យទាក់ទាញមួយសម្រាប់អាស៊ាន។ ដូច្នេះដែរប្រសិនបើសហរដ្ឋអាមេរិក និងរុស្ស៉ីអាចធ្វើឱ្យទំនាក់ទំនងប្រសើរឡើង នោះវានឹងផ្ដល់ភាពងាយស្រួលដល់បណ្ដាប្រទេសអាស៊ានទិញអាវុធ និងថាមពលពីរុស្ស៉ី៕








