មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងវិស័យព័ត៌មាន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប
11-11-2026 22:28
(កែប)៖ លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប និងខេត្តកំពត និងលោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំក្នុងវិស័យព័ត៌មាន» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប ដោយមានចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ លោក សោម កុសល បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប ដែលបានខិតខំរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីបង្កើតឱកាសឱ្យមន្ត្រីរាជការបានសិក្សាស្វែងយល់ និងបង្កើនចំណេះដឹង សមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ លោកបន្តថា វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងវិស័យព័ត៌មាននេះ ពិតជាមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់មន្ត្រីរាជការ ក្នុងការពង្រឹងសមត្ថភាពដឹកនាំ ការគ្រប់គ្រង និងការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោក សោម កុសល ក៏បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ ឱ្យយកចិត្តទុកដាក់ស្តាប់ការបង្រៀន សិក្សារៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីទទួលបានចំណេះដឹងថ្មីៗ សម្រាប់យកទៅអនុវត្តក្នុងការងារជាក់ស្តែង ឱ្យទទួលបានលទ្ធផលល្អប្រសើរ។
លោក សោម កុសល បន្តបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពមន្ត្រីរាជការ ដោយផ្តោតលើការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ សាមគ្គីភាព និងប្រសិទ្ធភាពការងារជាក្រុម ជាពិសេសការពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យព័ត៌មានឱ្យមានចំណេះដឹង និងជំនាញសមស្រប ដើម្បីឆ្លើយតបទៅនឹងការវិវត្តរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ន។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកអនុរដ្ឋលេខាធិការ លោក សោម កុសល សង្ឃឹមថាសិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ព្រមទាំងអាចយកខ្លឹមសារដែលបានសិក្សាទៅប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពនៃការផ្សព្វផ្សាយព័ត៌មាន ជូនសាធារណជនឱ្យកាន់តែប្រសើរឡើង។
គួររំលឹកថា វគ្គបណ្តុះបណ្តាលនេះ គឺលោកបណ្ឌិត ស្លេះ អាល់ហ្វីន ជាគ្រូឧទ្ទេស ផ្ទាល់ ដោយផ្តោតលើការបង្រៀន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ គោលការណ៍នៃការគ្រប់គ្រង ការរៀបចំផែនការការងារ និងការអនុវត្តតួនាទីភារកិច្ចក្នុងវិស័យព័ត៌មាន៕













