អភិបាលខេត្តកែប៖ ភាពជាអ្នកដឹកនាំត្រូវរៀនហើយ រៀនទៀត ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ
11-11-2026 23:03
(កែប)៖ «រៀនហើយ រៀនទៀត» គឺជាការលើកទឹកចិត្តដល់អ្នកដឹកនាំ និងមន្ត្រីរាជការឱ្យបន្តសិក្សារៀនសូត្រជាប្រចាំ ដើម្បីពង្រឹងចំណេះដឹង សមត្ថភាព និងបទពិសោធន៍ក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំក្នុងវិស័យព័ត៌មាន» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប។
មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់ស្តាប់ និងសិក្សារៀនសូត្រតាមរយៈការបង្រៀន និងការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេស។ លោកបានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការដឹកនាំ និងគ្រប់គ្រងការងារ ដោយអ្នកដឹកនាំត្រូវមានការគិតគូរវែងឆ្ងាយ ចក្ខុវិស័យច្បាស់លាស់ សុចរិតភាព ភាពស្មោះត្រង់ ការទទួលខុសត្រូវ តម្លាភាព ព្រមទាំងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ ជាពិសេស ត្រូវបន្តសិក្សារៀនសូត្រជាប្រចាំ ព្រោះចំណេះដឹងត្រូវការការអភិវឌ្ឍជាបន្តបន្ទាប់ ដោយត្រូវប្រកាន់ខ្ជាប់នូវទស្សនៈថា «រៀនហើយ រៀនទៀត»។
ស្របគ្នានោះ លោកបណ្ឌិត សោម ពិសិដ្ឋ ក៏បានបន្ថែមថា ដោយសារខេត្តកែបជាខេត្តដែលមានសក្តានុពលទេសចរណ៍ ការផ្សព្វផ្សាយព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយពីសក្តានុពល តំបន់ទេសចរណ៍ សមិទ្ធផលនានា និងភាពរីកចម្រើនរបស់ខេត្តទៅកាន់សាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដូច្នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារផ្សព្វផ្សាយ ដោយរៀបចំខ្លឹមសារព័ត៌មានឱ្យបានត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ព្រមទាំងជ្រើសរើសមុំផ្សព្វផ្សាយឱ្យបានសមស្រប ដើម្បីបង្ហាញពីភាពទាក់ទាញ និងអត្តសញ្ញាណរបស់ខេត្តកែប។ ជាពិសេស ត្រូវចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ ឬអាចបង្កឱ្យមានការយល់ច្រឡំដល់សាធារណជន និងប៉ះពាល់ដល់មុខមាត់ខេត្ត ព្រោះព័ត៌មានដែលមានភាពត្រឹមត្រូវ និងគួរឱ្យជឿជាក់ គឺជាផ្នែកមួយដែលរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះ និងទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់ខេត្តកែប។
ជាមួយគ្នានេះ លោកបណ្ឌិត សោម ពិសិដ្ឋ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប ឱ្យយកចិត្តទុកដាក់អនុវត្តការងារលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖
ទី១៖ ត្រូវពង្រឹងការងារជាក្រុម មានកិច្ចសហការល្អ និងចេះជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចបានលទ្ធផលការងាររួម។
ទី២៖ ត្រូវលើកកម្ពស់វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន ដោយយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងខ្លឹមសារព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងចូលរួមផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងគួរឱ្យជឿជាក់ជូនសាធារណជន។
ទី៣៖ ត្រូវពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងមធ្យោបាយទំនើបៗក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន។
ទី៤៖ ត្រូវបង្កើនការចុះយកព័ត៌មាន និងផលិតខ្លឹមសារផ្សព្វផ្សាយអំពីសមិទ្ធផលនានា សក្តានុពល និងការអភិវឌ្ឍនៅតាមមូលដ្ឋានក្នុងខេត្ត ជាពិសេសនៅតាមបណ្តាឃុំ សង្កាត់ ដើម្បីឱ្យសាធារណជនបានជ្រាបកាន់តែច្បាស់អំពីសមិទ្ធផល និងការរីកចម្រើនរបស់មូលដ្ឋាន។
ដោយឡែក លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយពាក់ព័ន្ធនឹងខេត្ត ដោយត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ព្រមទាំងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីផ្តល់ព័ត៌មានដែលមានភាពជឿជាក់ជូនសាធារណជន។
សូមជម្រាបថា ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប និងខេត្តកំពត និងលោកបណ្ឌិត ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលនេះ។
គួររំលឹកថា វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំក្នុងវិស័យព័ត៌មាន» នៅមន្ទីរព័ត៌មានខេត្តកែបនាថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលលើកទី១ ដែលរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង សមត្ថភាព និងជំនាញភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពនៃការផ្សព្វផ្សាយព័ត៌មានជូនសាធារណជនឱ្យកាន់តែមានប្រសិទ្ធភាព៕




























