ការចូលរៀនរបស់កុមារជនជាតិដើមភាគតិចកើនឡើង តែបញ្ហាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សានៅតែជាកង្វល់
12-11-2026 11:09
(មណ្ឌលគិរី)៖ ផ្នត់គំនិតរបស់បងប្អូនជនជាតិដើមភាគតិចព្នង នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ដោយឪពុកម្ដាយបានបញ្ជូនកូនចៅឱ្យទៅសិក្សារៀនសូត្រកាន់តែច្រើនឡើង។ នេះជាសញ្ញាវិជ្ជមានដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍។
មកដល់ពេលនេះ បើទោះមានការផ្លាស់ប្ដូរផ្នត់គំនិតរបស់បងប្អូនជនជាតិដើមភាគតិចព្នង នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងការបញ្ជូនកូនចៅទៅសិក្សារៀនសូត្រកាន់តែច្រើនឡើងក្ដី តែកត្តាផ្ទះឆ្ងាយ កត្តាជីវភាព និងការយល់ដឹងបានធ្វើឱ្យសិស្សមួយចំនួនចូលរៀនយឺត និងខ្លះទៀតបោះបង់ការសិក្សាទាំងថ្នាក់បឋមសិក្សា។
គណៈគ្រប់គ្រងសាលាបឋមសិក្សាស្រែអ៊ី លោក ហួន សុធារី បានឱ្យដឹងថា កាលពីមុនគ្រួសារជនជាតិដើមភាគតិចភាគច្រើនជួបការលំបាក និងមានទម្លាប់ទុកកូនចៅឱ្យជួយធ្វើការងារចម្ការវិលជុំ ឬមើលថែផ្ទះសម្បែង។ ប៉ុន្តែបច្ចុប្បន្ន និន្នាការនេះបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ហើយឪពុកម្ដាយពួកគេចាប់ផ្ដើមបញ្ជូនកូនតូចៗរបស់ខ្លួនឱ្យចូលរៀន។
លោកបានបញ្ជាក់ថា កូនជនជាតិព្នងដែលមានអាយុចាប់ពី៦ឆ្នាំឡើង ទៅដល់១៤ឆ្នាំ មិនទាន់បានប្រមូលឱ្យចូលរៀនបាន១០០ភាគរយឡើយ ពោលគឺពួកគេនៅជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ទោះបីយ៉ាងណាបើគេមើលស្ថិតិនៅពេលនេះមានអត្រាខ្ពស់ជាងមុនដែរ។ ដោយឡែកក្នុងឆ្នាំ២០២៦នេះ សម្រាប់ថ្នាក់មត្តេយ្យ សិស្សបានចូលរៀនស្ទើរ១០០ភាគរយ។ សន្ទុះនៃការចូលរៀនខុសប្លែកគ្នាពីមុន ពោលគឺពួកគាត់បានស្វះស្វែងឱ្យកូនមកចូលរៀនច្រើន បើធៀបកាលពីសម័យដូនតាគាត់។
ទោះបីយ៉ាងណា លោក ហួន សុធារី បានឱ្យដឹងដែរថាក្នុងសង្កាត់របស់លោក សាលារៀនមានត្រឹមតែថ្នាក់មត្តេយ្យ និងបឋមសិក្សា ហើយកុមារដែលរៀនចប់ថ្នាក់បឋមសិក្សាត្រូវទៅរៀនសូត្រឆ្ងាយពីកន្លែងនេះ។ សម្រាប់សិស្សដែលរៀនបញ្ចប់បឋមសិក្សាមួយចំនួនក៏បានបោះបង់ការសិក្សាផងដែរ ដោយសារឪពុកម្ដាយឱ្យជួយធ្វើស្រែចម្ការ និងមួយចំនួនសាលារៀននៅឆ្ងាយពីកន្លែងរស់នៅ។ អ្នកខ្លះត្រូវជួលកន្លែងស្នាក់នៅឱ្យកូនបន្តការរៀនសូត្រ ម្ល៉ោះហើយដោយសារកត្តាជីវភាពធ្វើឱ្យមួយចំនួនទៀតត្រូវតែបោះបង់ការសិក្សា។
អ្នកគ្រូ ភឿង ស្រីពៅ បង្រៀននៅក្នុងសាលាបឋមសិក្សាស្រែអ៊ី បានបញ្ជាក់ប្រាប់ថាកូនសិស្សជនជាតិព្នងភាគច្រើននិយាយភាសាដើមកំណើត ម្ល៉ោះហើយអ្នកគ្រូជាជនជាតិព្នងដែរទើបអាចបកប្រែ និងបង្រៀនពួកគេមានភាពងាយស្រួល។ សិស្សជនជាតិព្នង ការរៀនមានការទទួលបានចំណេះដឹងលឿនដូចសិស្សទូទៅដែរ គ្រាន់តែពួកគេមិនសូវបានមករៀនជាប់លាប់។
អាណាព្យាបាលសិស្សមួយរូបគឺ អ្នកស្រី ភៀង ខែលី រស់នៅភូមិស្រែអ៊ី បានប្រាប់ថាអ្នកស្រីបានបញ្ជូនកូនមករៀនដើម្បីទទួលបានចំណេះដឹង និងមិនឱ្យដូចសម័យមុនឡើយ។ អ្នកស្រីត្រូវការឱ្យកូនមានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីរកការងារធ្វើ មិនឱ្យដូចឪពុកម្ដាយទៀតទេ។
ជាមួយគ្នានេះលោក ហួន ណារិន ជាចៅសង្កាត់រង នៃសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឱ្យដឹងថាភូមិស្រែអ៊ី ជាភូមិមួយនៅដាច់ស្រយាលជាងគេ ក្នុងចំណោមសង្កាត់ទាំង៤។ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់នេះ៩៩ភាគរយ ជាជនជាតិព្នង។ នាពេលបច្ចុប្បន្ននេះជនជាតិព្នងភាគច្រើនណាស់ បានបញ្ជូនកូនមករៀនសូត្រខុសពីសម័យមុនៗដែលពួកគាត់ភាគច្រើនមិនបានចូលសាលារៀន។ តាមរយៈការផ្លាស់ប្ដូរបរិបទនៃផ្នត់គំនិតនេះដែរ គឺជាសញ្ញាវិជ្ជមានមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍។
គួរបញ្ជាក់ថាសាលារៀនបឋមសិក្សាស្រែអ៊ី គឺបានជំនួយឧបត្ថម្ភពីគម្រោងរេដបូក ដោយក្នុងនេះបានទទួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នាក់រៀន និងសម្ភារៈសិក្សាមួយចំនួនថែមទៀត ដែលធ្វើឱ្យទាំងការសិក្សា និងការបង្រៀនប្រកបដោយភាពរលូនល្អ។ លើសពីនេះបានជំរុញឱ្យសិស្សជនជាតិភាគតិចកាន់តែច្រើនទទួលការសិក្សា និងអាចពង្រឹងផ្នែកចំណេះដឹងរឹងមាំក្នុងសហគមន៍៕













