Elon Musk ប្រកាសត្រៀមខ្លួនជួល CEO លោក Jensen Huang ក្រោយ Nvidia ត្រៀមដកតំណែង
12-11-2026 12:12
(វ៉ាស៊ីនតោន)៖ ពិភពបច្ចេកវិទ្យាកំពុងរង្គោះរង្គើជាខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia កំពុងត្រៀមបើកកិច្ចប្រជុំបន្ទាន់ដើម្បី ដកហូតតំណែងនាយកប្រតិបត្តិ (CEO) លោក Jensen Huang ជុំវិញរឿងអាស្រូវផ្ទាល់ខ្លួន និងមុំសន្តិសុខជាតិ។
ចំពេលមានវិបត្តិដ៏តានតឹងនេះ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានចេញមុខប្រតិកម្មយ៉ាងលឿននៅលើបណ្តាញសង្គម ដោយប្រកាសថា វាគឺជាកិត្តិយសមួយ ប្រសិនបើលោកអាចជួលលោក Jensen Huang ឱ្យមកធ្វើការជាមួយគ្នា។
បន្ទាប់ពីមានការស្នើសុំ និងការជជែកវែកញែកយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម X (Twitter) ជុំវិញលទ្ធភាពនៃការបណ្តេញលោក Jensen Huang ចេញពីក្រុមហ៊ុន Nvidia លោក Elon Musk បានឆ្លើយតបយ៉ាងខ្លី ប៉ុន្តែមានអត្ថន័យធ្ងន់ធ្ងរថា៖ « វាគឺជាកិត្តិយសមួយ - That would be an honor»។ នេះជាការឆ្លើយតបទៅនឹងសំណូមពររបស់អ្នកប្រើប្រាស់ម្នាក់ដែលបានស្នើឱ្យលោករៀបចំការងារ ឬជួលលោក Jensen Huang ប្រសិនបើស្ថាបនិក Nvidia រូបនេះពិតជាត្រូវបាត់បង់តំណែងពីក្រុមហ៊ុនរបស់ខ្លួនពិតមែន។
ទោះបីជាការឆ្លើយតបនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីសំណើការងារជាក់លាក់ណាមួយក៏ដោយ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ពីការគាំទ្រ និងការឱ្យតម្លៃយ៉ាងខ្លាំងចំពោះសមត្ថភាពដឹកនាំ និងចក្ខុវិស័យបច្ចេកវិទ្យារបស់លោក Jensen Huang ក្នុងនាមជាបុគ្គលសំខាន់បំផុតម្នាក់ក្នុងយុគសម័យ AI។
នេះមិនមែនជាលើកទីមួយទេដែល Elon Musk បានចេញមុខគាំទ្រលោក Jensen Huang ចំពេលដែលកំពុងប្រឈមមុខនឹងរឿងអាស្រូវ។ មុនពេលមានព័ត៌មានរឿងការត្រៀមដកហូតតំណែងនេះ លោក Elon Musk ធ្លាប់បានគាំទ្រការយោបល់របស់អ្នកជំនាញហិរញ្ញវត្ថុមួយចំនួនដែលលើកឡើងថា ទោះបីជា Jensen Huang បានធ្វើខុសរឿងផ្ទាល់ខ្លួន ប៉ុន្តែលោកគឺជា «សហគ្រិនដ៏អស្ចារ្យបំផុតម្នាក់នៃជំនាន់នេះ និងមិនអាចរកអ្នកណាមកជំនួសតំណែង ឬតួនាទីរបស់គាត់បានឡើយ ក្នុងការដឹកនាំវិស័យបញ្ញាសិប្បនិម្មិត ឬ AI របស់អាមេរិក»។
លោក Elon Musk និងលោក Jensen Huang ធ្លាប់មានទំនាក់ទំនងកិច្ចការងារជាមួយគ្នារាប់ឆ្នាំមកហើយ ដោយក្រុមហ៊ុនរបស់ Musk ដូចជា Tesla និង xAI គឺជាវីរបុរសទិញបន្ទះឈីប AI ដ៏ធំបំផុតមួយរបស់ Nvidia សម្រាប់ជំរុញគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យា។
ការងើបមកនិយាយជាសាធារណៈរបស់ Elon Musk ក្នុងការត្រៀមទទួលយកស្ថាបនិក Nvidia រូបនេះ មិនត្រឹមតែជាការផ្ញើសារគាំទ្រក្នុងរឿងក្ដីដ៏តានតឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពី «តម្លៃដ៏មហាសាលនៃមេដឹកនាំបច្ចេកវិទ្យា AI» ដែលកំពុងស្ថិតក្នុងទីតាំងដ៏រសើបបំផុតនៅលើឆាកអន្តរជាតិ៕






