សមត្ថកិច្ចបង្ក្រាបក្រុមចោរលួចប្រេង ដែលបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
12-11-2026 14:42
(កំពង់ស្ពឺ)៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៩៖៤៥នាទី នៅចំណុចលើផ្លូវលេខ១៤២ ស្ថិតក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃាតកម្ម (បាញ់សម្លាប់) បង្កឡើងដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់ បានប្រើប្រាស់អាវុធខ្លីចំនួន១ដើម ធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ HAN YU MING អាយុ៣៥ឆ្នាំ ជនជាតិចិន (ផ្នែកគ្រប់គ្រងសម្ភារ និងប្រេង) ត្រូវចំដើមទ្រូងបណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈពេលដែលជនរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យខាងលើលួចដឹកប្រេង ហើយក៏ត្រូវបានជនសង្ស័យដកអាវុធខ្លីបាញ់ទៅលើជនរងគ្រោះតែម្តង។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាកម្មករលួចប្រេងរបស់ក្រុមហ៊ុន បានចំនួន៦នាក់រួមមាន៖
១៖ ឈ្មោះ នន ណេង ភេទប្រុស អាយុ៣១ឆ្នាំ
២៖ ឈ្មោះ ភួង សំណាង ភេទប្រុស អាយុ៥០ឆ្នាំ
៣៖ ឈ្មោះ ព្រិច បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ
៤៖ ឈ្មោះ ឃុយ ធី ភេទប្រុស អាយុ៥៨ឆ្នាំ
៥៖ ឈ្មោះ ណុប សាក់ ភេទប្រុស អាយុ៣៥ឆ្នាំ
៦៖ ឈ្មោះ សួង សុនិត ភេទប្រុស អាយុ៤៥ឆ្នាំ។
រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៥៖១០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត (ជាអ្នកទទួលទិញប្រេង និងជាបក្ខពួកជនដៃដល់) មានឈ្មោះ មឿន សុខគា ភេទប្រុស អាយុ៤២ឆ្នាំ ត្រង់ចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១១៖៤០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់បន្ថែមទៀត រួមមាន៖ ១៖ឈ្មោះ ឆាយ សុផាត ភេទប្រុស អាយុ៤៦ឆ្នាំ ត្រង់ចំណុច វាល៤ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជាអ្នកទទួលទិញប្រេង និងជាអ្នកធ្វើសកម្មភាពបាញ់ជនរងគ្រោះ) និង២៖ឈ្មោះ ជ័យ សីហា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ជាអ្នកទទួលទិញប្រេង និងជាបក្ខពួកជនដៃដល់)។ ដកហូតបាន អាវុធខ្លីចំនួន១ដើម ម៉ាកK54 បង់ចំនួន១ គ្រាប់ចំនួន៥។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


























