លោក ផៃ ប៊ុនឈឿន៖ ការវិនិយោគលើវិស័យអប់រំ មិនមែនគ្រាន់តែជាការសាងសង់អគារសិក្សា ឬការផ្ដល់សម្ភារសិក្សាប៉ុណ្ណោះទេ តែជាការវិនិយោគលើចំណេះដឹង ជំនាញ សមត្ថភាព និងសក្ដានុពលរបស់កុមារ និងយុវជន
12-11-2026 15:05
(ស្ទឹងត្រែង)៖ លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានការវិនិយោគលើវិស័យអប់រំ មិនមែនគ្រាន់តែជាការសាងសង់ អគារសិក្សា ឬការផ្ដល់សម្ភារៈសិក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើចំណេះដឹង ជំនាញ សមត្ថភាព និងសក្ដានុពលរបស់កុមារ និងយុវជន។
ការថ្លែងបែបនេះរបស់លោកបានធ្វើឡើងនាឱកាសដែល លោក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវិស័យអប់រំ ដែលទទួលបានការឧបត្ថម្ភពីអង្គការភ្លែនអន្តរជាតិកម្ពុជា នៅបរិវេណវិទ្យាល័យបុរីអូរស្វាយសែនជ័យ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
សមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ រួមមាន៖
*អគារសិក្សាចំនួន ១ខ្នង មាន ៣បន្ទប់ នៅវិទ្យាល័យបុរីអូរស្វាយសែនជ័យ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
*អគារសិក្សាចំនួន ១ខ្នង មាន ៣បន្ទប់ និងអគារអនាម័យចំនួន ១ខ្នង មាន ៣បន្ទប់ នៅសាលាបឋមសិក្សាហាងសាវ៉ាត ស្ថិតក្នុងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោក សរ សុពុត្រា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់វិស័យអប់រំ ព្រមទាំងវិស័យអាទិភាពជាច្រើនទៀតនៅក្នុងខេត្តស្ទឹងត្រែង។ ការគាំទ្រនេះបានឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការបង្កើតបរិយាកាសសិក្សាដែលមានភាពល្អប្រសើរ សុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្ស។
លោកអភិបាលខេត្ត ក៏បានណែនាំដល់គណៈអភិបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សមិទ្ធផលដែលទទួលបានឱ្យមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព ដើម្បីធានាថាសំណង់ និងហេដ្ឋារចនាសម្ព័ន្ធទាំងនេះអាចបម្រើផលប្រយោជន៍ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសហគមន៍បានយូរអង្វែង។
លោកក៏បានគូសបញ្ជាក់ថា រាល់សមិទ្ធផលដែលកើតមានឡើង គឺជាផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ សមិទ្ធផលទាំងអស់ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួម ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សា និងប្រើប្រាស់ឱ្យចំគោលដៅ។
លោក ផៃ ប៊ុនឈឿន បានលើកឡើងថា វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាកត្តាកំណត់អនាគតរបស់ប្រទេសជាតិ។ ការវិនិយោគលើវិស័យអប់រំ មិនមែនគ្រាន់តែជាការសាងសង់អគារសិក្សា ឬការផ្ដល់សម្ភារៈសិក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើចំណេះដឹង ជំនាញ សមត្ថភាព និងសក្ដានុពលរបស់កុមារ និងយុវជន ដែលជាកម្លាំងបន្តវេនក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។
លោកបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់ការអភិវឌ្ឍមូលធនមនុស្សជាបញ្ចកោណយុទ្ធសាស្ត្រទី១ ដែលមានអាទិភាពសំខាន់លើការលើកកម្ពស់គុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងការពង្រឹងគុណភាពពលរដ្ឋក្នុងសង្គម។
លោកបានបញ្ជាក់ថា «ការអភិវឌ្ឍវិស័យអប់រំ ត្រូវផ្ដោតលើការធានាឱ្យកុមារ និងយុវជនគ្រប់រូបទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព ព្រមទាំងបន្តពង្រឹងសមត្ថភាពគ្រូបង្រៀន កែលម្អកម្មវិធីសិក្សា លើកកម្ពស់វិធីសាស្ត្របង្រៀន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានចំណេះដឹង និងជំនាញស្របតាមតម្រូវការនៃសង្គម និងទីផ្សារការងារនាពេលអនាគត»។
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង ក៏បានសង្កត់ធ្ងន់ថា ការសាងសង់អគារសិក្សា និងបន្ទប់អនាម័យនៅតាមសាលារៀន គឺជាផ្នែកមួយនៃការបង្កើតបរិស្ថានសិក្សាដែលមានសុវត្ថិភាព សុខភាពល្អ និងលើកទឹកចិត្តដល់ការសិក្សារបស់សិស្ស។ ជាពិសេស ការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូដូចជាអង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងការជំរុញការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព៕


























