ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
12-11-2026 15:28
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ យ៉ាងមហោឡារិក នឹងចូលមកអង្រួនរាជធានីភ្នំពេញបេះដូងនៃព្រះរាជាណាចក្រកម្ពុជា នោះគឺព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូននី ឬហៅថាអង្គការប្រទេសនិយាយភាសាបារាំង លើកទី២០ និងព្រឹត្តិការណ៍អមមួយចំនួនទៀត។ មេដឹកនាំកំពូល គណៈប្រតិភូ និងអ្នកធ្វើធុរកិច្ចមកពីប្រទេសចំនួន៧៩ប្រទេស ស្មើនឹងរាប់ពាន់នាក់ នឹងមានវត្តមាននៅកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍មួយនេះ។
អង្គការហ្វ្រង់កូហ្វូនី បានចាប់ផ្តើមកំណើតរយៈពេល៥៦ឆ្នាំហើយ តែកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះម្តងណាឡើយ។ កម្ពុជា ទទួលបានសេចក្តីទុកចិត្ត និងប្រគល់ឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កាលពីឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសបារាំង។
តើអ្វីទៅជាអង្គការហ្វ្រង់កូហ្វូនី?
អង្គការហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយឥស្សរជនកំពូល៤អង្គ និងរូបរួមមាន៖ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាអតីតប្រមុខរដ្ឋកម្ពុជា, ប្រធានាធិបតីដំបូងរបស់សេណេហ្កាល់ លោក ឡេអូប៉ូល សេដា សង់ហ្គ័រ (Léopold Sédar Senghor), អតីតប្រធានាធិបតីនីហ្សេ លោក អាម៉ានី ឌីយ៉ូរី (Hamani Diori) និងអតីតប្រធានាធិបតីទុយនីស៊ី លោក អាប៊ីប បួរហ្គីបា (Habib Bourguiba)។
គំនិតដំបូងនៃការបង្កើតអង្គការនេះឡើង គឺជាការធ្វើសហប្រតិបត្តិការ ខាងផ្នែកភាសា និងវប្បធម៌ ដោយយកភាសាបារាំង ដើម្បីពង្រឹងនូវភាពចម្រុះនៃវប្បធម៌របស់ប្រទេសនានាដែលប្រើភាសាបារាំងដូចគ្នា។ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៧០ នៅទីក្រុងនីយ៉ាម៉េ ប្រទេសនីហ្សេ អង្គការមួយត្រូវបានកើតឡើង ហៅថាទីភ្នាក់ងារសហប្រតិបត្តិការការវប្បធម៌ និងបច្ចេកទេស។ ទីភ្នាក់ងារនេះ បានក្លាយទៅជាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅឆ្នាំ២០០៥ រហូតដល់សព្វថ្ងៃនេះ។ នៅឆ្នាំ២០០៥ មានរដ្ឋ និងរដ្ឋាភិបាលជាសមាជិកចំនួន៥៣។ សព្វថ្ងៃនេះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានសមាជិកជារដ្ឋ និងរដ្ឋាភិបាលចំនួន៩០ ក្នុងនោះមានរដ្ឋចំនួន៥៣ ជាសមាជិកពេញសិទ្ធិ ហើយរដ្ឋចំនួន៥ ជាសមាជិកបម្រុង និងរដ្ឋចំនួន៣២ ជាសមាជិកសង្កេតការណ៍ ប្រទេសទាំងអស់ គឺមកពីគ្រប់ទ្វីបទាំង៥។
ប្រទេសកម្ពុជា បានចូលជាសមាជិកសង្កេតការណ៍ក្នុងខែវិច្ឆិកា ឆ្នាំ១៩៩១ និងជាសមាជិកពេញសិទ្ធិក្នុងខែតុលា ឆ្នាំ១៩៩៣។
+ គោលដៅ និងបេសកកម្មរបស់អង្គការហ្វ្រង់កូហ្វូនី៖
ពីដំបូងទី អង្គការនេះធ្វើត្រឹមតែសហប្រតិបត្តិការខាងផ្នែកភាសា និងវប្បធម៌ ប៉ុន្តែយូរឆ្នាំក្រោយមក អង្គការនេះ បានពង្រីកបេសកកម្ម និងគោលដៅរបស់ខ្លួន ដើម្បីឱ្យក្លាយទៅជាទីកន្លែងមួយសម្រាប់កិច្ចសហប្រតិបត្តិការមិនត្រឹមតែខាងផ្នែកអប់រំប៉ុណ្ណោះទេតែជាកិច្ចសហប្រតិបត្តិការខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងការស្រាវជា។
ធម្មនុញ្ញរបស់ហ្វ្រង់កូហ្វូនី បានចែងពីបេសកកម្មរបស់ខ្លួនចំនួន៤ រួមមាន៖
បេសកកម្មទី១៖ ការលើកស្ទួយការប្រើប្រាស់ភាសាបារាំង លើកស្ទួយភាពចម្រុះខាងផ្នែកវប្បធម៌ និងភាសា គឺចង់ធ្វើឱ្យភាសាបារាំងនេះ ក្លាយទៅជាឧបករណ៍សម្រាប់សម្រាប់បង្ខិតប្រជាជននៅលើលោកឱ្យខិតចូលចិត្តគ្នា និងបើកចំហទៅកាន់ពិភពលោក។
បេសកកម្មទី២៖ ការលើកស្ទួយសន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ នេះគឺជាទិដ្ឋភាពខាងនយោបាយ។ អង្គការហ្វ្រង់កូហ្វូនី គឺចង់ឱ្យក្លាយទៅជាលំហនៃការសន្ទនាគ្នា សាមគ្គីភាពជាមួយគ្នា ធ្វើការងារការទូតបង្កាទប់ស្កាត់ជាមុនកុំឱ្យមានសង្គ្រាមកើតឡើង ហើយប្រែក្លាយអង្គការនេះ ឱ្យទៅជាអង្គការមួយដែលមានសមត្ថភាពក្នុងការរួមចំណែកទៅដល់សន្តិភាព និងស្ថេរភាពជាអន្តរជាតិ។
បេសកកម្មទី៣៖ គាំទ្រខាងផ្នែកអប់រំ បណ្ដុះបណ្ដាល និងការស្រាវជៀវ៖ បេសកកម្មនេះ គឺពាក់ព័ន្ធទៅនឹងការអប់រំសិក្សាធិការ។ អង្គការនេះ មានគោលបំណងក្នុងការអភិវឌ្ឍធនធានមនុស្ស កាត់បន្ថយគម្លាត និងបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយ ដើម្បីឱ្យមានសមត្ថភាពប្រឈមទៅនឹងការប្រែប្រួលផ្នែកសេដ្ឋកិច្ច និងផ្នែកបច្ចេកវិទ្យាទៅថ្ងៃអនាគត។
បេសកកម្មទី៤៖ បេសកកម្មចុងក្រោយនេះ ធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចេរភាព។ នេះគឺជាទិដ្ឋភាពខាងផ្នែកសេដ្ឋកិច្ច ដូច្នេះអង្គការនេះ មិនត្រឹមតែធ្វើជាសហគមន៍មួយ ដែលយកភាសា និងវប្បធម៌ជាគ្រឹះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវវិភាគទានរបស់ខ្លួនសម្រាប់ការអភិវឌ្ឍខាងផ្នែកសេដ្ឋកិច្ច និងជាវិបុលភាពមួយដែលរួមគ្នាជាមួយប្រជាពលរដ្ឋទាំងអស់នៅលើពិភពលោក។ ចុងក្រោយបំផុតហ្វ្រង់កូហ្វូនី តែងតែផ្ដល់ការយកចិត្តទុកដាក់ជាពិសេសចំពោះយុវជន ចំពោះស្ត្រីនិងចំពោះបច្ចេកវិទ្យាឌីជីថល។
អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស ប្រទេសបារាំង។ អគ្គលេខាធិការរបស់អង្គការបច្ចុប្បន្ន គឺលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) ជាជនជាតិរវ៉ាន់ដា។ លោកស្រី បានកាន់តំណែងនេះ ពីរអាណត្តិរួចមកហើយ។ អាណត្តិទី១ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ហើយអាណត្តិទី២ ពីឆ្នាំ២០២៣ ដល់២០២៦។ ក្នុងកិច្ចប្រជុំកំពូលនៅកម្ពុជា ឆ្នាំ២០២៦នេះ នឹងត្រូវជ្រើសអគ្គលេខាធិការសម្រាប់អាណត្តិថ្មី។
+ អ្នកប្រើប្រាស់ភាសាបារាំង (២០២២)៖
យោងតាមរបាយការណ៍ឆ្នាំ២០២២ អ្នកនិយាយភាសាបារាំងមានចំនួន ៣២១លាននាក់ ត្រូវបានគេកំណត់ថាជាអ្នកចេះនិយាយភាសាបារាំងពិតប្រាកដ។
សម្រាប់អ្នកប្រើប្រាស់ភាសាបារាំងនៅអាស៊ីអាគ្នេយ៍ នៅកម្ពុជាមានចំនួន ៤៦៣ ០០០នាក់ គឺស្មើនឹង ៣ភាគរយនៃប្រជាជន, ឡាវមានចំនួន ២០៤ ០០០នាក់ ស្មើនឹង ៣ភាគរយ នៃប្រជាជន និងវៀតណាម មានចំនួន ៦៩៣ ០០០នាក់ គឺស្មើនឹង ១ភាគរយ។
+ សមាជិកភាពរបស់កម្ពុជា និងការធ្វើជាម្ចាស់ផ្ទះលើកដំបូងសម្រាប់ឆ្នាំ២០២៦៖
បើទោះបីសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាស្ថាបនិកនៃអង្គការប្រទេសនិយាយភាសាបារាំងយ៉ាងណាក្តី តែកម្ពុជាមិនបានក្លាយជាសមាជិករបស់អង្គការនេះនៅពេលបង្កើតឡើងពីដំបូងនោះឡើយ។
បញ្ហាដែលកម្ពុជាមិនអាចចូលជាសមាជិកនៃអង្គការនេះ ទីមួយនៅឆ្នាំ១៩៧០ ដែលជាឆ្នាំបង្កើតភ្នាក់ងារសហប្រតិបត្តិការខាងផ្នែកវប្បធម៌ និងបច្ចេកទេសនោះ គឺជាឆ្នាំមានរដ្ឋប្រហារនៅកម្ពុជា (១៨ មីនា ១៩៧០) តែម្ដង។ បន្ទាប់មក គឺមានសង្គ្រាម បន្ទាប់ពីសង្គ្រាម កម្ពុជា ជួបនូវសោកនាដកម្មនៃរបបប្រល័យពូជសាសន៍។ ក្រោយបានរំដោះពីរបបប្រល័យពូជសាសន៍ហើយ អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មខាងផ្នែកសេដ្ឋកិច្ចលើកម្ពុជាអស់រយៈពេល១២ឆ្នាំ។
លុះកម្ពុជា បានទទួលបានសន្តិភាព និងធ្វើសមាហរណកម្មឡើងវិញនៅក្នុងកិច្ចការពិភពលោកនោះ ជាពិសេសបន្ទាប់ពីការបោះឆ្នោតដែលឃ្លាំមើលដោយអង្គការសហប្រជាជាតិ ដែលបេសកកម្មពេលនោះហៅថា អ៊ុនតាក់ នៅឆ្នាំ១៩៩៣ កម្ពុជាបានសម្រេចចិត្តប្រែក្លាយខ្លួនទៅជាសមាជិកទីភ្នាក់ងារសហប្រតិបត្តិការខាងផ្នែកវប្បធម៌ និងបច្ចេកវិទ្យានៅឆ្នាំ១៩៩៣តែម្តង។
ដោយមើលឃើញថា កម្ពុជាមានភាពសកម្មចាប់តាំងពីសមាជិកភាពរបស់ខ្លួននៅគ្រប់វេទិកាទាំងអស់របស់អង្គការនេះ កម្ពុជាត្រូវបានជ្រើសរើសជាឯកច្ឆន្ទកាលពីឆ្នាំ២០២៤ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេស និងរដ្ឋាភិបាលជាសមាជិកលើកទី២០ នៅកម្ពុជា។ សេចក្ដីសម្រេចនេះ គឺជាការបង្ហាញនូវទំនុកចិត្តរបស់សមាជិករបស់អង្គការនេះ ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងក្រុមគ្រួសាររបស់ហ្វ្រង់កូហ្វូនី។
កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅកម្ពុជា នឹងត្រូវធ្វើឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាពដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ក្នុងមូលបទនេះ មានគំនិត ឬគុណតម្លៃធំៗបី៖ ទី១ សន្តិភាព ទី២ វិបុលភាព និងទី៣ ស្ថិរភាព។ មូលបទនេះ គឺយកចេញពីបទពិសោធន៍ និងពីប្រវត្តិរបស់កម្ពុជាផ្ទាល់តែម្តង។ ប្រវត្តិរបស់កម្ពុជា គឺឆ្លងកាត់ការលំបាកច្រើនណាស់។ ក្នុងរយៈពេល ៣០ឆ្នាំអតីតកាលរបស់កម្ពុជា កម្ពុជាមានការរីករាលដាលពីសង្គ្រាមនៅវៀតណាមនៅចុងទសវត្សរ៍ទី៦០ មានរដ្ឋប្រហារ មានសង្គ្រាមស៊ីវិល មានរបបប្រល័យពូជសាសន៍ ទម្រាំតែកម្ពុជាបានទទួលសន្តិភាពពេញលេញដោយគុណនៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ ៣០ឆ្នាំនៃទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ គឺបានធ្វើឱ្យកម្ពុជាស្គាល់ច្បាស់ណាស់នូវតម្លៃនៃសន្តិភាព។
កិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅកម្ពុជា នឹងអនុម័តនូវឯកសារចំនួន៣រួមមាន៖
ទី១៖ ជាសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ។ សេចក្តីថ្លែងការណ៍ជាសេចក្តីថ្លែងការណ៍ខាងនយោបាយបញ្ជាក់អំពីជំហររបស់អង្គការនេះ បញ្ជាក់ពីការងាររបស់អង្គការនេះ ទិសដៅ គុណតម្លៃដែលអង្គការនេះ ខំលើកស្ទួយ និងទិសដៅអនាគតសម្រាប់អង្គការនេះ។
ទី២៖ ជាសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការចាកចេញពីវិបត្តិ និងការពង្រឹងសន្តិភាពក្នុងតំបន់ប្រើប្រាស់ភាសាបារាំងដូចគ្នា។ ចង់ជម្រាបជូនថាស្ថានភាពវិបត្តិនៅគ្រប់ទ្វីបទាំងអស់ ហើយពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីចាកចេញពីវិបត្តិទាំងនោះ និងការពង្រឹងសន្តិភាព។
ទី៣៖ សេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។ ប្រទេសទាំងអស់មានវប្បធម៌ខុសៗគ្នា ហើយការការពារនេះ គឺជាភារកិច្ចរបស់មនុស្សជាតិទាំងអស់គ្នា។
ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅកម្ពុជា ក្រៅអំពីការប្រជុំទាំងថ្នាក់រដ្ឋមន្ត្រី ទាំងថ្នាក់ប្រមុខរដ្ឋរដ្ឋាភិបាលនោះ គឺមានព្រឹត្តិការណ៍អមមួយចំនួនទៀត រួមមានការរៀបចំហ្វ្រង់កូតិច (Francotech)។ ហ្វ្រង់កូតិចនេះ គឺប្រមូលផ្ដុំសហគ្រិន តំណាងខាងផ្នែកវិស័យឯកជន គឺក្រុមហ៊ុនថ្មីៗកើតឡើងថ្មីហៅថា Start-up មានអង្គការក្រៅរដ្ឋាភិបាល។ ហ្វ្រង់កូតិចនេះ អ្នកដែលរៀបចំចូលរួមគឺមានរហូតដល់ ៤៦០០នាក់។ ក្រៅពីនោះ ក៏មានកិច្ចប្រជុំមួយទៀតហៅថា កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង មាន ១២០០នាក់ ចូលរួមមកពី ៧២ប្រទេស។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានព្រឹត្តិការណ៍មួយទៀត គឺភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) ធ្វើនៅសួនច្បារមុខវត្តបទុមវតី មកដល់ម៉ោងនេះ បានរៀបចំ ១៣០ស្តង់រួចទៅហើយ។ ១៣០ពន្លា ដែលក្នុងនោះ ៧៣សម្រាប់ប្រទេស ៥៦ កន្លែងនេះ គឺជាកន្លែងដែលនឹងដាក់បង្ហាញផលិតផលពីប្រទេសនានាដែលគេមក រួមមានការសម្ដែងសិល្បៈ មានការបង្ហាញអំពីសក្ដានុពលខាងផ្នែកទេសចរណ៍ ហើយក៏មានស្តង់រហូតទៅដល់៣០ សម្រាប់បង្ហាញម្ហូបអាហាររបស់ប្រទេសនីមួយៗ។
+ គណៈប្រតិភូចូលរួមនៅកម្ពុជា៖
មកដល់ពេលនេះ មានគណៈប្រតិភូប្រទេសជាច្រើន បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំនៅកម្ពុជា ខណៈគណៈប្រតិភូខ្លះ បានអញ្ជើញមកដល់កម្ពុជារួចហើយ។ ក្នុងចំណោមប្រទេស និងរដ្ឋាភិបាលជាសមាជិកទាំង៩០ របស់អង្គការនេះ មានគណៈប្រតិភូ ៧៩ប្រទេសរួចហើយ បានបញ្ជាក់អំពីការចូលរួម ហើយនឹងមានជាង ១០០០ប្រតិភូ ដែលក្នុងនោះ គឺ៩០០ ប្រតិភូនឹងចូលរួមនៅក្នុងកិច្ចប្រជុំទាំងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រី និងកិច្ចប្រជុំថ្នាក់កំពូល។ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ២០ប្រទេសមកចូលរួម។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីចំនួន២៦ ដែលជាប្រធានគណៈប្រតិភូមកចូលរួម។ បានចុះបញ្ជីអ្នកកាសែតចំនួន ១២០០នាក់ រួចទៅហើយ ដែលក្នុងនោះមានជិត ៤០០ជាអ្នកកាសែតបរទេស។ នេះអត់ទាន់រាប់សមាជិកទាំងឡាយដែលជាបុគ្គលិករបស់គណៈប្រតិភូទេ ដែលមកតាមជាមួយគណៈប្រតិភូធំៗ។ ក្នុងនោះប្រទេសកុងហ្គោ ដែលជាប្រទេសនៅអាហ្វ្រិកដែលមានប្រជាជនរហូតទៅដល់ជាង ១០០លាននាក់ ហើយជាប្រទេសនិយាយភាសាបារាំងធំជាងគេ គឺសមាជិកគណៈប្រតិភូមានរហូតដល់ ២១១នាក់។ ប្រទេសវៀតណាម ដឹកនាំដោយអគ្គលេខាធិការ និងជាប្រធានរដ្ឋលោក តូ ឡឹម មានសមាជិក ១៥៦នាក់។ ប្រទេសកាណាដាដែលដឹកនាំដោយនាយករដ្ឋមន្ត្រី នឹងមានសមាជិកគណៈប្រតិភូចំនួន ១២៤នាក់។
+ ការរំពឹងទុករបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០៖
ការដែលសមាជិកអង្គការហ្វ្រង់កូហ្វូនី បានគាំទ្រជាឯកឆន្ទឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាការបង្ហាញនូវទំនុកចិត្តដ៏ខ្លាំង ហើយនិងបង្ហាញការទទួលស្គាល់ចំពោះតួនាទី និងវិភាគទានរបស់កម្ពុជានៅក្នុងអង្គការនេះ។ ជោគជ័យនៃកិច្ចប្រជុំនេះ គឺនឹងទៅជាជោគជ័យរួម ពីព្រោះជោគជ័យនេះ គឺត្រូវការនូវការគាំទ្រ និងការប្តេជ្ញាចិត្តរបស់រដ្ឋ និងរដ្ឋាភិបាលដែលជាសមាជិក។
កម្ពុជា ប្តេជ្ញាចិត្តធ្វើឱ្យកិច្ចប្រជុំកំពូលនេះ ក្លាយទៅជាជោគជ័យមួយ ហើយវានឹងផ្តល់នូវ កិត្តិយសដ៏ធំផងសម្រាប់កម្ពុជា ហើយក៏បង្ហាញឱ្យពិភពលោកមើលឃើញថា កម្ពុជាមានការទទួលខុសត្រូវ មានសមត្ថភាពនៅក្នុងការរៀបចំចាត់ចែងកិច្ចប្រជុំប្រតិបត្តិការដ៏ធំសម្បើមនេះ។ ហើយក៏វានឹងលើកតួនាទី និងទីតាំងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ។ ចំណុចសំខាន់មួយទៀត គឺវានឹងផ្តល់នូវកាលានុវត្តភាពច្រើនខាងផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ហើយក៏ដូចជាផ្តល់កិត្តិយស និងកិត្យានុភាពរបស់ជាតិ។
កម្ពុជា មានក្តីរំពឹងថា កិច្ចប្រជុំកំពូលនេះ នឹងធ្វើឱ្យសម្រេចនូវមហិច្ឆតារួមរបស់ប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី ក៏ដូចជារបស់អង្គការហ្វ្រង់កូហ្វូនី។ បានន័យថា កម្ពុជានឹងធ្វើឱ្យអង្គការនេះ ក្លាយទៅជាអង្គការមួយដែលមានប្រសិទ្ធភាពជាងមុន ពង្រឹងប្រសិទ្ធភាពរបស់អង្គការនេះ, ធ្វើឱ្យអង្គការនេះ ខិតកាន់តែគៀកជាមួយប្រជាពលរដ្ឋទូទៅ ផ្តល់សារៈសំខាន់ការយកចិត្តទុកដាក់ចំពោះបំណងប្រាថ្នារបស់យុវជន និងរបស់ស្ត្រី ពីព្រោះសព្វថ្ងៃនេះ ពិភពលោកខិតខំជំរុញលើកស្ទួយខ្លាំងណាស់ចំពោះតួនាទីរបស់ស្ត្រី ហើយមានការគិតគូរខ្លាំងចំពោះយុវជនដែលជាអ្នកត្រូវទទួលរ៉ាប់រងស្នងពីជំនាន់បច្ចុប្បន្ននេះ ក្នុងដំណាក់កាលពេលក្រោយៗទៀត។
កម្ពុជា ក៏មានក្តីរំពឹងដែរថា នឹងធ្វើឱ្យអង្គការហ្វ្រង់កូហ្វូនី ក្លាយទៅជាអង្គការមួយដែលមានសមត្ថភាពក្នុងការឆ្លើយតបដោយជាក់ស្តែងចំពោះការប្រឈមរបស់សម័យកាលនេះ។ អ៊ីចឹងកម្ពុជានឹងខំរួមចំណែកធ្វើយ៉ាងម៉េចឱ្យហ្វ្រង់កូហ្វូនីនេះវិវត្តពីគ្រាន់តែថា លើកអំពីគុណតម្លៃ និងធ្វើសេចក្តីថ្លែងការណ៍ សេចក្តីប្រកាសនានា ទៅជាហ្វ្រង់កូហ្វូនីមួយ ធ្វើសកម្មភាព ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា មានសាមគ្គីភាពជាមួយគ្នា និងផលិតនូវលទ្ធផលជាក់ស្តែងសម្រាប់ផលប្រយោជន៍របស់ប្រជាជាតិទាំងឡាយ។
ដូច្នេះគោលគំនិតរបស់កម្ពុជា គឺធ្វើឱ្យអង្គការហ្វ្រង់កូហ្វូនី ក្លាយទៅជាលំហមួយសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋាភិបាលដែលមកពីទ្វីបទាំងប្រាំ។ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមាសមួយសម្រាប់កម្ពុជា ក្នុងការធ្វើឱ្យពិភពលោកដែលមកនេះ ឱ្យគេស្គាល់កម្ពុជា កម្ពុជាជាប្រទេសរបៀបម៉េច កម្ពុជាមានសក្ដានុពលរបៀបម៉េច កម្ពុជាជួបបញ្ហារបៀបម៉េច។
បន្ថែមពីលើនេះ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជួបគ្នា រដ្ឋមន្ត្រី រដ្ឋមន្ត្រីជួបគ្នា អ៊ីចឹងកម្ពុជានឹងរកនូវការគាំទ្រខាងផ្នែកការទូតសម្រាប់កិច្ចការទាំងឡាយដែលពាក់ព័ន្ធទៅសន្តិភាព និងអធិបតេយ្យជាតិរបស់ជាតិ។ តាមរយៈការជជែកដេញដោលគ្នា ពិភាក្សាគ្នា ការសម្រេចចិត្តនានា និងការរៀបចំនូវព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី ឬក៏ហ្វ្រង់កូហ្វូនីតិច ឬក៏កិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូននេះ អាចរកទីផ្សារថ្មី អាចទាក់ទាញនូវវិនិយោគថ្មី អាចលើកស្ទួយវិស័យទេសចរណ៍ វប្បធម៌របស់កម្ពុជា៕





































































