ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការគាំទ្រ និងសម្របសម្រួលលើការសិក្សាសមិទ្ធិលទ្ធភាព គម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញ
12-11-2026 16:06
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការគាំទ្រ និងសម្របសម្រួលលើការសិក្សាសមិទ្ធិលទ្ធភាព គម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការគាំទ្រ និងសម្របសម្រួលលើការសិក្សាសមិទ្ធិលទ្ធភាព គម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ក្រោមកិច្ចសហការបច្ចេកទេសជាមួយក្រុមហ៊ុន SEMMARIS នៃសាធារណរដ្ឋបារាំង នាពេលនេះ ដើម្បីរួមគ្នា សិក្សាអំពីសមិទ្ធិលទ្ធភាពលើគម្រោងបង្កើតផ្សារបោះដុំផលិតផលស្រស់ នៅរាជធានីភ្នំពេញ ឱ្យចេញជាផ្លែផ្កាជាក់ស្តែង។
លោកបានគូសបញ្ជាក់ថា ការរីកចម្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចែកចាយកសិផល និងខ្សែច្រវាក់ផ្គត់ផ្គង់ ស្របគ្នានឹងប្រតិបត្តិការផ្សារបោះដុំ ដែលមានសមត្ថភាពធានាបាននូវគុណភាពយ៉ាងម៉ត់ចត់ អនុលោមតាមបទដ្ឋានអន្តរជាតិ គឺជាការវិវត្តជាសារវន្តនៃការអភិវឌ្ឍ និងការតភ្ជាប់ទីផ្សារ ការពង្រឹងសមត្ថភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក ជាពិសេសការធ្វើពិពិធកម្មមូលដ្ឋានទីផ្សារក្នុងស្រុក។ ការធ្វើទំនើបកម្មប្រព័ន្ធចែកចាយ និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម នឹងធ្វើឱ្យកម្ពុជាឈានទៅរកស្តង់ដារអន្តរជាតិ ព្រមទាំងឆ្លុះបញ្ចាំងពីភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងបារាំង។
«ការបោះជំហានមួយនេះ ជាកត្តារួមចំណែកដ៏ចាំបាច់ ក្នុងការបង្កើន និងពង្រីកប្រភេទផលិតផល សេវាកម្ម និងបណ្តាញចែកចាយថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងរង្វង់ប្រជាជន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីខាងក្រៅ លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា»។ ការលើកឡើងបន្ថែមរបស់លោក ស៊ាង ថៃ។
ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹង និងធ្វើសមាហរណកម្មប្រព័ន្ធភស្តុភារកម្មស្បៀងអាហារ តាមរយៈការអភិវឌ្ឍ «មជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយស្បៀងអាហារតាមបណ្តាខេត្ត» នៅទូទាំងកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ប្រសិទ្ធភាព ខ្សែសង្វាក់តម្លៃកសិកម្ម ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងឧស្សាហកម្មកសិ-ចំណីអាហាររបស់កម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ។
អ្នកឧកញ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ចម និម្មល និងក្រសួងពាណិជ្ជកម្ម ចំពោះទំនុកចិត្ត និងកិច្ចសហការដ៏មានតម្លៃដែលបានផ្តល់ការចូលរួមដល់គម្រោងនេះ។ «អនុស្សរណៈនេះជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការធ្វើទំនើបកម្មប្រព័ន្ធចែកចាយទំនិញរបស់កម្ពុជា និងការពង្រឹងការតភ្ជាប់រវាងអ្នកផលិតក្នុងស្រុក ជាមួយនិងទីផ្សារក្នុងស្រុកយើងផ្ទាល់ផងដែរ។ ជាមួយគ្នានេះ យើងនឹងធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសិក្សានិងវាយតម្លៃអំពីរបៀបដែលមជ្ឈមណ្ឌលស្បៀងអាហារនៅតាមបណ្តាខេត្ត អាចដើរតួនាទីជាស្ពានតភ្ជាប់រវាងអ្នកផលិត និងទីផ្សារ ដោយនាំយកសេវាប្រមូលផល ការរក្សាទុកស្តុក និងប្រព័ន្ធភស្តុភារកម្មឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាកសិករ ដែលជាអ្នកដាំដុះផ្ទាល់»។
អ្នកឧកញ៉ា បានគូសរំលឹកថា ប្រជាកសិករកម្ពុជាយើងផលិតបាននូវផលិតផលកសិកម្មយ៉ាងសម្បូរបែប រួមមាន៖ បន្លែ ផ្លែឈើ និងសាច់។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃផលិតផលទាំងនេះ នៅតែត្រូវបានចែកចាយតាមរយៈបណ្តាញតូចៗ ដែលមានលក្ខណៈបែកខ្ញែក និងខ្វះការសម្របសម្រួលនៅឡើយ។ លើសពីនេះ ការដឹកជញ្ជូនត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន និងមានចម្ងាយឆ្ងាយ ដែលបណ្តាលឱ្យជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជាការខ្វះខាតឃ្លាំងត្រជាក់សម្រាប់រក្សាទុក ព្រមទាំងការខកខានក្នុងការអនុវត្តស្តង់ដាររួម សម្រាប់ការប្រមូលផ្តុំ តម្រៀប និងវេចខ្ចប់ឱ្យបានត្រឹមត្រូវ។ ដូច្នេះការប្រមូលផ្តុំ និងការគ្រប់គ្រងនូវសង្វាក់ផលិតកម្ម តាមរយៈមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយស្បៀងអាហារនៅតាមបណ្តាខេត្ត នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធផ្គត់ផ្គង់ កាត់បន្ថយអត្រាខាតបង់ក្រោយការប្រមូលផល ព្រមទាំងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់កសិករ និងអ្នកផលិត ទាំងនៅក្នុងស្រុក និងនៅលើទីផ្សារអន្តរជាតិ»។
មជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយស្បៀងអាហារតាមបណ្តាខេត្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយនៅទីតាំងតែមួយ ចាប់ពីការប្រមូលផ្តុំ ការតម្រៀប និងចាត់ថ្នាក់ស្តង់ដារ ការវេចខ្ចប់ ការស្តុកទុក រហូតដល់ការដឹកជញ្ជូន។ តាមរយៈការប្រើប្រាស់ធនធាន និងសេវាកម្មរួមគ្នានេះ ផលិតករ និងពាណិជ្ជករខ្នាតតូច នឹងទទួលបានឱកាសប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស្តង់ដារ និងតភ្ជាប់ទៅកាន់ទីផ្សារអ្នកទិញសក្តានុពល ដែលពួកគេមិនអាចសម្រេចបានដោយឯកឯង។ យន្តការនេះ នឹងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កសិផលទាំងមូល ដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយដឹកចេញពីកសិដ្ឋាន ទៅកាន់តុអាហារផ្ទាល់ (Farm to Table)។ គោលបំណងជាយុទ្ធសាស្ត្រនៃគម្រោងនេះ គឺការបើកទូលាយច្រកចេញចូលទីផ្សារ ការរក្សាស្ថិរភាពតម្លៃ ការធានាប្រាក់ចំណូលសមរម្យជូនដល់ផលិតករ និងការពង្រឹងសន្តិសុខស្បៀងអាហារជាតិឱ្យកាន់តែរឹងមាំ។
អ្នកឧកញ៉ាបានបញ្ជាក់ឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ មិនមានគោលបំណងទៅជំនួសទីផ្សារ ពាណិជ្ជករ ឬសហគមន៍កសិកម្មដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជានោះទេ។ ផ្ទុយទៅវិញ គម្រោងនេះមានបំណងបំពេញបន្ថែម និងពង្រឹងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មដែលមានស្រាប់ ឱ្យកាន់តែរឹងមាំតាមរយៈការលើកកម្ពស់ប្រសិទ្ធភាពភស្តុភារកម្ម និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួមគ្នា។ តាមរយៈយន្តការនេះ កសិករ អាជីវករខ្នាតតូច និងពាណិជ្ជករទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងពិតប្រាកដ ពីប្រព័ន្ធផ្គត់ផ្គង់ដែលមានភាពរឹងមាំ ប្រសិទ្ធភាពខ្ពស់ និងការតភ្ជាប់សមាហរណកម្មកាន់តែប្រសើរឡើង៕






























