ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់មកធ្វើ ខណៈមានពលរដ្ឋជាង១លាននាក់ បានធ្វើបំពេញរួចហើយ
12-11-2026 20:49
(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់ទៅបំពេញកាតព្វកិច្ចនេះឱ្យបានគ្រប់ៗគ្នា។
ការអំពាវនាវនេះធ្វើឡើងខណៈដែលដំណើរការបច្ចុប្បន្នភាពទិន្នន័យជីវមាត្រសម្រាប់ឆ្នាំ២០២៦ រយៈពេល ៣៥ថ្ងៃ មានពលរដ្ឋត្រឹមតែជាង ១លាននាក់ប៉ុណ្ណោះបានមកធ្វើបច្ចុប្បន្នភាព បើធៀបនឹងចំនួនប្រមាណ ៤លាននាក់ ដែលត្រូវធ្វើបច្ចុប្បន្នភាព។
ប្រធាន គ.ជ.ប បានលើកយ៉ាងដូច្នេះថា៖ «ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រសម្រាប់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ មានប្រមាណ ៤លាននាក់ បានអញ្ជើញមកធ្វើជីវមាត្រ នៅមានចំនួនតិចនៅឡើយ បើប្រៀបនឹងឆ្នាំ២០២៥ ក្នុងរយៈពេលតែ២៦ថ្ងៃ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្របានជាង ២លាននាក់ ប៉ុន្តែ នៅឆ្នាំ២០២៦នេះ ដំណើរការនេះមានរយៈពេល៣៥ថ្ងៃ មានពលរដ្ឋប្រមាណតែជាង១លាននាក់ ប៉ុណ្ណោះដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ»។
ក្នុងឱកាសអញ្ជើញបានអញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងសាលាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ប្រាជ្ញ ចន្ទ បានសង្កត់ធ្ងន់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនេះមានសារៈសំខាន់ណាស់ ដើម្បីធានាថាទិន្នន័យអ្នកបោះឆ្នោតមានភាពត្រឹមត្រូវ ពេញលេញ ឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន និងអាចទុកចិត្តបានសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ គ.ជ.ប ក៏បានកត់សម្គាល់ឃើញថា កាលពីឆ្នាំ២០២៥ ក្នុងរយៈពេលត្រឹមតែ ២៦ថ្ងៃ មានពលរដ្ឋជាង ២លាននាក់បានមកធ្វើបច្ចុប្បន្នភាពរួចហើយ។
ដើម្បីសម្រួលដល់ការធ្វើបច្ចុប្បន្នភាពនេះ ប្រជាពលរដ្ឋអាចអញ្ជើញទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សាលាសង្កាត់ ឬទីតាំងចល័តដែលបានកំណត់ក្នុងឃុំ ឬសង្កាត់ដែលខ្លួនកំពុងរស់នៅ។ គ.ជ.ប សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមយ៉ាងសកម្ម ដើម្បីរួមចំណែកដល់ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតឱ្យកាន់តែមានគុណភាព និងតម្លាភាព។
សូមជម្រាបថា ក្នុងរយៈពេល ៣៦ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤០២ ០៧៨នាក់, អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៦១ ៦៨៣នាក់, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១ ១៧៦ ៤៣៧នាក់, អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១ ១៩៣ ៦៣០នាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៤៩ ៦៥១នាក់។
សូមប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែទិន្នន័យរបស់ខ្លួនដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតកត់ត្រាមិនត្រឹមត្រូវ ឬទើបបានទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព អ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ (អ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អញ្ជើញទៅស្នើសុំកែតម្រូវ ធ្វើបច្ចុប្បន្នភាព ឬចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០ នាទី។ ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៤ លើក គឺនៅថ្ងៃទី១១ និងថ្ងៃទី២៩ ខែតុលា ថ្ងៃទី៩ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងបង្ហោះនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH៕



























