អ្នកបើករថយន្តដឹកសិស្សសាលាប៊ែលធី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ ត្រូវសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
12-11-2026 21:18
(កណ្តាល)៖ អ្នកបើករថយន្តដឹកសិស្សសាលាប៊ែលធី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ និងរបួសធ្ងន់ស្រាលចំនួន២១នាក់ ត្រូវបានសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ថា លោក ម៉ែន ធារិត ជាអ្នកបើករថយន្តដឹកសិស្សសាលាប៊ែលធី ដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តចោទប្រកាន់ពីបទ «បើកបរដោយខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចស្តីពីបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោកតម្រូវ» បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃច្រើននាក់ និងដោយគ្មានបណ្ណបើកបរ ប្រព្រឹត្តនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
បន្ថែមលើការចោទប្រកាន់របស់តំណាងអយ្យការ, របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ផងដែរថា ក្រោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើង កម្លាំងនគរបាលចរាចរណ៍ខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញនាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពការពារកុមារ (CPU-Child Protection Unit) បានរួមគ្នាធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់។
ជាលទ្ធផលបានបង្ហាញថា មុនរថយន្តនេះក្រឡាប់ចូលទឹកស្រះ គឺមានអូសប្រហែល៤០ម៉ែត្រ ដែលបង្ហាញថាការបើកបរក្នុងល្បឿនមួយលឿនផងដែរ។ ដោយឡែកកង់រថយន្តក៏អស់ក្រឡា ដែលខុសលក្ខណៈបច្ចេកទេសក្នុងការបើកបរ។ សម្រាប់អ្នកបើកបររថយន្ត ក៏មិនមានបណ្ណបើកបរនោះឡើយ ដែលផ្ទុយពីច្បាប់ចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានេះ ជនមិនស្គាល់ (អ្នកបើកបរម៉ូតូរត់គេចខ្លួន) ក៏ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចស្តីពីបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោកតម្រូវ» បណ្តាលឱ្យរបួស និង ស្លាប់អ្នកដទៃច្រើននាក់ និងបទ «រត់គេចខ្លួន»។
តាមព័ត៌មានពីកន្លែងកើហេតុ ក៏បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ មានកម្លាំងសមត្ថកិច្ចច្រើននាក់ ត្រូវបានដាក់ពង្រាយការពារក្បួនថ្នាក់ដឹកនាំឆ្លងកាត់ ដែលបានចូលរួមជាមួយប្រជាពលរដ្ឋជួយសង្គ្រោះកូនសិស្ស បើសិនមិនមានកម្លាំងច្រើនអន្តរាគមន៍ទាន់ពេលទេ កូនសិស្សនៅក្នុងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងនេះ។
ចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ប្រជាពលរដ្ឋទូទាំងប្រទេស រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលា ប៊ែលធី អន្តរជាតិ ពិតជាមានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ។
ក្រោយកើតហេតុ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប រួមទាំងលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ និងគណៈគ្រប់គ្រងសាលា បានអញ្ជើញទៅសួរសុខទុក្ខកុមាររងគ្រោះដែលបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យគុន្ធបុប្ផាភ្នំពេញផងដែរ៕


















































