* វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់មកធ្វើ ខណៈមានពលរដ្ឋជាង១លាននាក់ បានធ្វើបំពេញរួចហើយ
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?

12-11-2026 21:18

(សេអ៊ូល)៖ ហ្គេម Call of Duty: Modern Warfare 4 ដែលទើបតែត្រូវបានបញ្ចេញកាលពីពេលថ្មីៗនេះ បានបង្ហាញពីឈុតឆាកនៃការឈ្លានពានដ៏បំផ្លិចបំផ្លាញរបស់កូរ៉េខាងជើងប្រឆាំងនឹងកូរ៉េខាងត្បូង ការដួលរលំខ្សែការពារ សង្រ្គាមក្នុងទីក្រុង និងការវាយបកវិញរបស់កងទ័ពអាមេរិក និងកូរ៉េខាងត្បូង។ ទោះបីជាឈុតឆាកទាំងអស់នេះជាការប្រឌិតឡើងក៏ពិតមែន តែសេណារីយ៉ូចម្បងនៃហ្គេមមួយនេះបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភមួយដែលគេតែងតែលើកឡើង នោះគឺលទ្ធភាពដែលកូរ៉េខាងជើងអាចវាយទម្លុះខ្សែការពាររបស់កូរ៉េខាងត្បូង ចូលកាន់កាប់ក្រុងសេអ៊ូល និងរហូតដល់គ្រប់គ្រងឧបទ្វីបកូរ៉េ។ តែទោះជាយ៉ាងណាក៏ដោយ សង្រ្គាមសម័យទំនើបពិតប្រាកដ វាមិនងាយស្រួលដូចនៅក្នុងហ្គេមនោះទេ។

តាមក្រុមអ្នកជំនាញ សេណារីយ៉ូមួយដែលមើលទៅអាចទៅរួច គឺទីក្រុងព្យុងយ៉ាងអាចនឹងព្យាយាមដណ្ដើមកាន់កាប់ទឹកទ្រង់ទ្រាយតូច ឬមាន ដែនកំណត់ ទប់ស្កាត់ការឆ្លើយតបដោយយោធារបស់កូរ៉េខាងត្បូង និងការសម្លុតគំរាមពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងគោលបំណងសម្រេច ឱ្យបាននូវអត្ថាប្រយោជន៍នយោបាយដោយមិនចាំបាច់យកឈ្នះទាំងស្រុងលើកូរ៉េខាងត្បូងដោយយោធានោះឡើយ។ ការឈ្លានពានធម្មតា (ដោយមិនប្រើអាវុធនុយក្លេអ៊ែរ) ដែលត្រូវបានរៀបចំឡើងជាឈុតឆាកក្នុងហ្គេម Modern Warfare 4 អាចនឹងជួបឧបសគ្គដ៏ស្មុគស្មាញនៅក្នុងការអនុវត្តជាក់ស្ដែង។ កូរ៉េខាងត្បូងមានសុទ្ធតែយន្ដហោះចម្បាំង និងសមត្ថភាពស៊ើបការណ៍ដ៏ទំនើប ព្រមទាំងមានកងទ័ពថ្មើរជើងបំពាក់ដោយអាវុធប្រើសុទ្ធបច្ចេកវិទ្យាចុងក្រោយ និងថែមទាំងមានការគាំទ្រនៅពីក្រោយដោយកងទ័ពអាមេរិកប្រហែល ២៨ ៥០០នាក់ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូងស្រាប់។

លើសពីនេះទៅទៀត កូរ៉េខាងជើងអាចនឹងជួបការលំបាកយ៉ាងខ្លាំង ឬមិនអាចលាក់បាំងសកម្មភាព ឬក៏ការត្រៀមលក្ខណៈយោធាដើម្បីបើកការវាយលុកឆ្លងខែ្សបន្ទាត់ព្រំដែនគ្មានយោធាពីក្រសែភ្នែករបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននោះទេ។ ម្យ៉ាងបើទោះជាកងទ័ពកូរ៉េខាងជើងអាចទទួលបានជោគជ័យក្នុងការវាយទម្លុះខ្សែការពារកូរ៉េខាងត្បូងនៅទីតាំងណាមួយក៏ដោយ ក៏វានឹងក្លាយជារឿងដ៏ពិបាកបំផុតសម្រាប់កូរ៉េខាងជើងដើម្បីបន្តវាយរុលទៅមុខ នៅចំពោះមុខការវាយបករួមគ្នាពីកងទ័ពអាមេរិក និងកូរ៉េខាងត្បូង។ កាន់តែសំខាន់ជាងនេះ ការចូលកាន់កាប់ទីក្រុងសេអ៊ូល ក៏មិនមែនអាចនាំទៅរកជ័យជម្នះយោធាយូរអង្វែងនោះដែរ។ ដ្បិតកូរ៉េខាងជើងនឹងត្រូវប្រឈមមុខនឹងសង្រ្គាមទីក្រុង ឧបសគ្គខាង logistic និងការវាយបកយ៉ាងជាប់លាប់ពីកងទ័ពអាមេរិក និងកូរ៉េខាងត្បូង រួមទាំងកងទ័ពងអាមេរិក និងជប៉ុន ឬក៏អាចឈានដល់ការបញ្ជូនកងទ័ពជំនួយបន្ថែមពីទឹកដីអាមេរិក។ ដូច្នេះក្រុមអ្នកជំនាញពីឧបទ្វីបកូរ៉េ ដូចជាលោក Ju Hyung Kim ជឿថាមេដឹកនាំកូរ៉េខាងជើងប្រហែលជាអាចធ្វើការសន្និដ្ឋានថាការធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយតូច ឬមានដែនកំណត់អាចនឹងធានាបាននូវអត្ថាប្រយោជន៍នយោបាយធំៗ និងមិនប្រថុយនឹងគ្រោះថ្នាក់ខ្ពស់ខាងយោធា។ ក្នុងន័យនេះកូរ៉េខាងជើងអាចបង្កើតវិបត្តិមួយឡើងសំដៅបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ធ្វើសម្បទាននយោបាយ ជំនួសឱ្យការដុតបញ្ឆេះសង្រ្គាមទ្រង់ទ្រាយធំ។

ក្នុងបរិបទបែបនេះ សេណារីយ៉ូដែលអាចទៅរួច នោះគឺអាចជាការបើកការវាយប្រហារមានដែនកំណត់ទាំងនៅក្នុង និងជុំវិញកោះស្ថិតនៅ ពាយព្យកូរ៉េខាងត្បូង​ក្បែរខែ្សបន្ទាត់ព្រំដែនទឹក Northern Limit Line (NLL)។ ការវាយប្រហាររបស់កូរ៉េខាងជើងលើកោះ Yeonpyeong កាលពីឆ្នាំ២០១០ បានបង្ហាញថាកូរ៉េខាងជើងមានសមត្ថភាពបង្កការប្រឈមមុខយោធាធ្ងន់ធ្ងរនៅក្នុងតំបន់នេះ។ ជាការពិតណាស់ ការបាញ់ផ្លោងកាំភ្លើងធំត្រឹមបណ្ដោះអាសន្នជារឿងងាយស្រួល បើធៀបទៅនឹងការចូលកាន់កាប់ និងការពារកោះមួយនេះប្រឆាំងនឹងប្រតិបត្តិការវាយបកពីកងទ័ពកូរ៉េខាងត្បូង។ បានន័យថាប្រសិនបើកូរ៉េខាងជើងចង់ព្យាយាមកាន់កាប់កោះណាមួយរបស់កូរ៉េខាងត្បូង វានឹងតម្រូវឱ្យកូរ៉េខាងជើងត្រូវទប់ស្កាត់កុំឱ្យកូរ៉េខាងត្បូងបញ្ជូនកងទ័ពជំនួយ។

ប៉ុន្តែគ្មានអ្វីត្រូវសង្ស័យទេ កងទ័ពកូរ៉េខាងជើងអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងធំពីកងទ័ពជើងទឹក កងទ័ពអាកាស និងសមត្ថភាពវាយប្រហារចំៗគោលដៅរបស់កូរ៉េខាងត្បូង។​ តែព្រមពេលជាមួយគ្នា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក៏អាចប្រឈមនឹងការសម្រេចចិត្តដ៏លំបាកផងដែរ ប្រសិនបើកូរ៉េខាងជើងគំរាម ឬជ្រើសរើសយកការពង្រីកការវាយប្រហារ។ ចំណុចខ្សោយមួយទៀតនៃឈុតឆាកឈ្លានពានក្នុងហ្គេម Modern Warfare 4 គឺហ្កេមនេះផ្ដោតសំខាន់តែលើសមរភូមិមុខ ជាជាងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការធ្វើប្រតិបត្តិការយោធា។

នៅមុនបើកការវាយប្រហារទោះតូច ឬធំ កូរ៉េខាងជើងត្រូវធ្វើឱ្យបណ្ដាញស៊ើបការណ៍ តាមដាន ប្រព័ន្ធទូរគមនាគមន៍ ប្រតិបត្តិការនៅព្រលាន យន្ដហោះ និងហេដ្ឋារចនាសម្ព័ន្ធ logistic របស់កូរ៉េខាងត្បូងគាំងដំណើរការ ឬចុះខ្សោយក្នុងរយៈពេលណាមួយ។ ការវាយប្រហារទាំងនេះ អាចរួមមានការវាយប្រហារព្រមគ្នាដោយមីស៊ីល និងដ្រូន សង្រ្គាមអេឡិចត្រូនិក និងប្រតិបត្តិការសាយប័រ ហើយគោលដៅនៃការវាយប្រហារគឺបង្កភាពស្មុគស្មាញដល់ការចាត់វិធានការវាយបករបស់កូរ៉េខាងត្បូងក្នុងដំណាក់កាលដំបូងនៃការប្រឈមមុខដាក់គ្នា។ តាមលោក Ju Hyung Kim ការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ធ្វើឱ្យសេណារីយ៉ូបែបនេះមានលទ្ធភាពអាចទៅរួច។ កងទ័ពកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានដកស្រង់បទពិសោធន៍ពីសង្រ្គាមពិតៗនៅអ៊ុយក្រែន ដូចជាសង្រ្គាមដ្រូន និងការធ្វើប្រតិបត្តិការកាំភ្លើងធំ ព្រមទាំងការប្រើប្រាស់មីស៊ីលជាក់ស្ដែងនៅលើសមរភូមិ។ បទពិសោធន៍ទាំងនេះអាចនឹងលើកទឹកចិត្តឱ្យកូរ៉េខាងជើងបញ្ចូលសង្រ្គាមដ្រូនទៅក្នុងសមត្ថភាពយោធារបស់ខ្លួនដែលមានស្រាប់។

តែទោះជាយ៉ាងណាក៏ដោយ ការទទួលបានបទពិសោធន៍នៅលើសមរភូមិជាក់ស្ដែង មិនមែនបានន័យថាកូរ៉េខាងជើងក៏ទទួលបានសមត្ថភាពបញ្ជាការ និងគ្រប់គ្រងដោយស្វ័យប្រវត្តិ ហើយដែលសមត្ថភាពបែបនេះមានសារៈដ៏សំខាន់សម្រាប់ការធ្វើប្រតិបត្តិការយោធាច្រើនក្នុងពេលតែមួយនោះទេ។ មួយវិញទៀត ភាពខុសគ្នារវាងសេណារីយ៉ូសង្រ្គាមធម្មតានៅក្នុងហ្គេម Modern Warfare 4 និងយោធាពិតប្រាកដ នោះគឺពាក់ព័ន្ធនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ការសិក្សាមួយរបស់ស្ថាប័ន Atlantic Council បានបង្ហាញថាក្នុងជម្លោះណាមួយ កូរ៉េខាងជើងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរកម្រិតទាប បន្ទាប់ពីចាប់ផ្ដើមការវាយប្រហារដើម្បីកំញើញទប់ស្កាត់ការវាយបកពីកងទ័ពអាមេរិក និងកូរ៉េខាងត្បូង។ នៅក្នុងច្បាប់ថ្មីមួយនៃរដ្ឋធម្មនុញ្ញកូរ៉េខាងជើង កាលពីខែកញ្ញា ឆ្នាំ២០២២ បានកំណត់ថាអាវុធនុយក្លេអ៊ែរនឹងត្រូវបានប្រើប្រាស់ ក្នុងករណីមានការគំរាមកំហែងចំពោះមេដឹកនាំកូរ៉េខាងជើង។ ដូច្នេះអ្វីដែលគេព្រួយបារម្ភគឺជម្លោះតូចតាចរវាងកូរ៉េទាំង២ អាចនឹងរាលដាលទៅជាសង្រ្គាមធំ ហើយមានជម្លោះមួយផ្ទុះឡើងនិងមានការខ្វែងគំនិតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងការចាត់វិធានការឆ្លើយតប វាអាចនឹងក្លាយជាឱកាសមួយសម្រាប់កូរ៉េខាងជើង ដើម្បីព្យាយាមបំបែកបាក់សម្ព័ន្ធមិត្តទាំង២៕