ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ពិនិត្យការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីត្រៀមរៀបចំពិធីបើកព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី»
12-11-2026 21:37
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីត្រៀមរៀបចំពិធីបើកព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមុខវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ) បានឲ្យដឹងថា អនុគណៈកម្មការទី៤ (សន្ដិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ) បានត្រៀមកម្លាំងការពារ ដែលនឹងដាក់ពង្រាយតាមគោលដៅសំខាន់ៗ សរុបប្រមាណជាង២ម៉ឺននាក់ មកពី៣១ស្ថាប័នអង្គភាព ដែលជាស្ថាប័នសំខាន់ៗ និងជំនាញពាក់ព័ន្ធទៅនឹងការការពារសុវត្ថិភាពកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកនេះ ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពនៃកិច្ចប្រជុំ។
សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
កម្ពុជា និងបារាំង បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំនេះ ឲ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅតំបន់នេះកាលពី២៩ឆ្នាំមុន។
ក្រៅពីនេះ ក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរគឺ ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) និងហ្វ្រង់កូតិច (FrancoTech) ដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
ការរៀបចំនេះនឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក៕





















































