លោក Mr. Frederic Vallier អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បញ្ជាក់ថា AIMF ស្ថិតនៅខាងជនរងគ្រោះជានិច្ច
12-11-2026 22:22
(ភ្នំពេញ)៖ ចំពោះសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា លោក Mr. Frederic Vallier អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានបញ្ជាក់ថា AIMF ស្ថិតនៅខាងជនរងគ្រោះជានិច្ច។ ក្នុងនាមសមាគម AIMF លោកសូមចូលរួមរំលែកការលំបាក និងការសោកស្ដាយចំពោះហេតុការណ៍នៃសង្គ្រាមនេះ ដែលបានបន្សល់ទុកនូវប្រជាពលរដ្ឋកម្ពុជាជាជនភៀសសឹកជាច្រើនគ្រួសារ។ ទន្ទឹមនឹងនេះ លោកក៏បានមើលឃើញជាក់ស្ដែងនូវសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកជញ្ជូនសម្ភារៈ និងស្បៀងអាហារ ទៅចែកជូនបងប្អូនជនភៀសសឹកជាបន្តបន្ទាប់។
លោក Mr. Frederic Vallier បានបញ្ជាក់បែបនេះកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈលោកដឹកនាំគណៈប្រតិភូសមាគម AIMF និងដៃគូសហការ ចូលជួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក Mr. Frederic Vallier បានបន្តថា ស្របពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សមាគម AIMF នឹងរៀបចំកម្មវិធីអមមួយចំនួន ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ ការរៀបចំសន្និសីទកម្រិតអភិបាល និងតំណាងរដ្ឋបាលមូលដ្ឋាន ស្ដីពី «ទំនាក់ទំនងការទូតទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន» ដែលជាសន្និសីទថ្នាក់តំបន់របស់សមាគម AIMF ដោយមានសមាជិកចូលរួមពីបណ្ដាទីក្រុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋបាលខេត្តកំពង់ធំ បាត់ដំបង សៀមរាប កំពត និងខេត្តព្រះសីហនុ ព្រមទាំងអង្គការសមាគមដៃគូមួយចំនួនទៀត។
ក្រៅពីនេះ ក៏មានកម្មវិធីសម្ពោធពិព័រណ៍សមិទ្ធផល «សកម្មភាពហ្វ្រង់កូហ្វូនីនៅថ្នាក់មូលដ្ឋាន» នៅមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃរាជធានីភ្នំពេញ ខាងលើរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំផងដែរ។
លោកបានសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចូលរួមសហការក្នុងការរៀបចំព្រឹត្តិការណ៍អមនេះ ព្រមទាំងបានទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងាររបស់សមាគមយ៉ាងរាក់ទាក់ និងកក់ក្ដៅ។ លោកបានបន្ថែមថា នៅខែក្រោយនេះ សមាគម AIMF នឹងរៀបចំមហាសន្និបាតលើកទី៤៦ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០៨ នៅទីក្រុងកាសាប្លង់កា ប្រទេសម៉ារ៉ុក។ នៅទីនោះ សមាគម AIMF នឹងឧទ្ទេសនាមលោកអភិបាលរាជធានីភ្នំពេញ ដើម្បីបន្តធ្វើជាបេក្ខភាពអនុប្រធានសមាគម AIMF ហើយរូបលោកផ្ទាល់នឹងរង់ចាំស្វាគមន៍លោក រួមទាំងគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនៅទីនោះផងដែរ។
ជាកិច្ចឆ្លើយតប លោក ឃួង ស្រេង បានលើកឡើងថា ពាក់ព័ន្ធនឹងការរំលោភបំពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា សកម្មភាពទាំងនេះមិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាក្លាយជាជនភៀសសឹករាប់ម៉ឺនគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លិចបំផ្លាញប្រាសាទបុរាណខ្មែរជាច្រើនទៀត ដូចជា ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងប្រាសាទព្រះវិហារជាដើម។ ប្រាសាទទាំងនេះជាបេតិកភណ្ឌមនុស្សជាតិរបស់ពិភពលោក។
លោកអភិបាលបានបន្តថា ការបំផ្លិចបំផ្លាញទាំងនោះមិនត្រឹមតែបង្កការឈឺចាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឈឺចាប់សម្រាប់ប្រជាពលរដ្ឋទូទាំងពិភពលោកផងដែរ។ ក្នុងសតវត្សរ៍ទី២១នេះ មិនគួរណាមានប្រទេសមួយរំលោភបំពាន និងឈ្លានពានប្រទេសមួយទៀត រហូតដល់បំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោកបែបនេះទៀតនោះទេ។
ជុំវិញការរំលោភបំពានរបស់យោធាថៃនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយកម្ពុជាផងដែរ។ ក្នុងនោះ ប្រទេសបារាំង ជាពិសេសប្រធានាធិបតីបារាំង ក៏បានយល់ព្រមប្រគល់ផែនទីជូនប្រទេសកម្ពុជា ដើម្បីយកមកប្រើប្រាស់ក្នុងកិច្ចការតវ៉ាផ្នែកយុត្តាធិការនេះផងដែរ។
ពាក់ព័ន្ធនឹងការស្នើសុំបន្តបេក្ខភាពរបស់លោកឱ្យកាន់តំណែងជាអនុប្រធានសមាគម AIMF លោកអភិបាលរាជធានីភ្នំពេញបានឯកភាព និងយល់ព្រមទទួលយកសំណើនេះ ដោយលោកគ្រោងនឹងដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ច និងចូលរួមមហាសន្និបាតរបស់សមាគម AIMF នៅប្រទេសម៉ារ៉ុក នៅដើមខែក្រោយនេះ។
ភ្ជាប់ជាមួយគ្នានេះដែរ លោកអភិបាលក៏បានសម្ដែងនូវអំណរគុណដល់សមាគម ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អ និងជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍរាជធានីភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកបានប្ដេជ្ញាបន្តសហការ និងធ្វើការរួមគ្នាជាមួយសមាគមនេះ ក្នុងការអនុវត្តគម្រោងនានាឱ្យកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត៕



















