* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក, ជាលំហនៃការផ្លាស់ប្តូរ, ការធ្វើពាណិជ្ជកម្ម និង នវានុវត្តន៍។ ហ្វ្រង់កូហ្វូនីប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ៖ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាសាបារាំងគឺជាភាសានៃការចងចាំ, ជាភាសាសម្រាប់ ការសិក្សា ចំណេះដឹង និង ជាភាសាសម្រាប់មិត្តភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភូមិហ្វ្រង់កូហ្វូនីរបស់យើង ត្រូវបានរៀបចំស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែលជាទីប្រសព្វរវាង ទន្លេសាប និងទន្លេមេគង្គ។ តាំងពីដើមរៀងមក, រាជធានីរបស់យើងតែង តែជាទីកន្លែងនៃការជួបជុំគ្នា ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នា នៅទីនេះ ហើយប្រជាជនរបស់យើងក៏បានមកជួបជុំគ្នានៅទីនេះដូចគ្នាដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នេះជាលើកដំបូង, ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរ, ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់ តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀត។ សម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំកំពូលនាពេលនេះគឺជាខណៈពេលដ៏មានមោទនភាព, ជាខណៈពេលនៃសាមគ្គីភាព និងជាខណៈពេលនៃការអបអរដ៏រីករាយសម្រាប់យើងទាំងអស់គ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»
* វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»

13-11-2026 07:02

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.ស៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ភូមិ​ហ្វ្រង់កូហ្វូនី» ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី ទំហំប្រមាណ ១ម៉ឺនម៉ែត្រក្រឡា។

ពិធីដ៏មហោឡារិក ប្រកបដោយកិត្តិយស និងមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា នៃការចាប់​ផ្តើមព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលរៀបចំឡើងជា​លើកដំបូងនៅកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិ​ហ្រ្វង់កូហ្វូនី ព្រមទាំងមាន​ការ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល តំណាងគណៈ​កម្មការ​នៃរដ្ឋសភា និងព្រឹទ្ធសភា វិស័យឯកជន ដៃគូជាតិ និងអន្តរជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី និងខេត្ត។

សូមបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» ជាព្រឹត្តិការណ៍អមដែល​តែង​តែរៀបចំ​ភ្ជាប់ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងក្នុងគោលបំណង​លើក​កម្ពស់​វប្បធម៌ ទេសចរណ៍ រអប់រំ កិច្ចសហប្រតិបត្តិការ ការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស (People-to-People Connectivity) និងភាពចម្រុះនៃបណ្ដាប្រទេសជាសមាជិក​ទាំងអស់។

ព្រឹត្តិការណ៍នេះ គឺផ្សារភ្ជាប់នឹងក្របខណ្ឌយុទ្ធសាស្ត្រហ្វ្រង់កូហ្វូនីឆ្នាំ២០២៣– ២០៣០ និង​ក្របខណ្ឌកម្មវិធីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤–២០២៧ ដោយផ្តោតលើ «ប្រជា​ជន» ដោយដាក់បុគ្គល និងសហគមន៍ជាស្នូលនៅចំកណ្តាលសកម្មភាព ព្រមទាំងធានាការ​ចូល​រួម​ងាយស្រួល បរិយាបន្ន និងមានអត្ថន័យ សម្រាប់យុវជន ស្ត្រី និងសាធារណជន​ទូលំ​ទូលាយ។

សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ជាសហប្រធានក្នុងការរៀប​ចំ​ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី- Le sourire khmer, le sourire de la Francophonie» ដែលបង្ហាញលើវប្បធម៌ ទេសចរណ៍ ការអប់រំ។

ប្រធានបទនេះ បានដកស្រង់ពីព្រះរាជសុន្ទរកថាដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ឆ្នាំ២០២៤ នៅប្រទេស​បារាំង។

ប្រធានបទនេះក៏ឆ្លុះបញ្ចាំង និងស្របទៅនឹងប្រធាន បទរួមនៃកិច្ចប្រជុំកំពូ​លលើក​ទី២០ ឆ្នាំ​២០២៦នេះ ដែលបានកំណត់យក «ខិតខំថែរក្សាសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និង​ស្ថិរ​ភាពយូរអង្វែង- Réinvestir dans la paix pour une prospérité partagée et une stabilité durable»។ មានសន្តិភាព ទើបមានស្នាមញញឹម មានវិបុលភាព និងមានអ្វីៗគ្រប់​យ៉ាង។

ភូមិហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅលើទីធ្លាសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ ដែលមាន​ទំហំ​ដីសរុប ១០ ០០០ម៉ែត្រការ៉េ។ ការកំណត់យកទីតាំងនេះ ផ្អែកលើការធ្វើទស្សនកិច្ច​ពិនិត្យជាក់​ស្ដែង​ដោយក្រុមការងារ និងលោកស្រីអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយទី​តាំង​នេះ មានលក្ខណៈសមស្រប បង្ហាញអត្តសញ្ញាណខ្មែរ ស្ថិតនៅកណ្តាលទីប្រជុំជន ហ៊ុមព័ទ្ធ​ទៅដោយទស្សនីយភាពសំណង់អគារប្រវត្តិសាស្ត្រ វប្បធម៌ និងទីតាំងល្បីល្បាញនៃព្រះរាជាណា​ចក្រកម្ពុជា ដូចជា៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឯករាជ្យជាដើម។ល។

ភូមិហ្វ្រង់កូហ្វូនី នឹងបើកជូនសាធារណជនចូលទស្សនា ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់​ម៉ោង ៩៖០០នាទីយប់ ដោយទទួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមទស្សនកិច្ចពន្លាជាតិ ស្តង់ពិព័រណ៍ ស្ដង់ម្ហូបអាហារ ការចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សា និងទស្សនាការសម្ដែងទស្សនីយ​ភាពសិល្បៈប្រចាំថ្ងៃដោយសេរី។

ភូមិហ្វ្រង់កូហ្វូនី មានតំបន់សំខាន់ៗរួមមាន៖ តំបន់ពន្លាជាតិរបស់ប្រទេសសមាជិកអង្គការ​អន្តរ​ជាតិ​​ហ្វ្រង់កូហ្វូនី ពន្លាជាតិកម្ពុជា និងពន្លាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី, តំបន់ស្តង់ ពិព័រណ៍​ទូទៅ, តំបន់សម្រាប់រៀបចំសន្និសីទ និងវេទិកាតុមូល (សម្រាប់២៥០នាក់), និងតំបន់ពិព័រណ៍ម្ហូប​អា​ហារ, ទីកន្លែងលេខាធិការដ្ឋាន, ពេទ្យសង្គ្រោះ, ឃ្លាំងទុកសម្ភារៈ, បន្ទប់ផ្លាស់សម្លៀកបំពាក់​សម្រាប់​អ្នកសម្ដែងសិល្បៈ, បន្ទប់សម្រាប់ផ្តល់ខ្លឹមសារព័ត៌មាន និងបន្ទប់ Breakout Room សម្រាប់រៀបចំកិច្ចពិភាក្សាទ្រង់ទ្រាយតូច (៥០ ទៅ ៦០នាក់)។

ពន្លាជាតិ (National Pavilion)៖ ត្រូវបានរៀបចំសម្រាប់តំណាងឱ្យបណ្ដារដ្ឋ​ជាសមា​ជិក ៥៦ប្រទេស រដ្ឋសង្កេតការណ៍ ៣២ប្រទេស និងរដ្ឋសមាជិកមិនពេញសិទ្ធិ ៥ប្រទេស។ ពន្លាជាតិ​នីមួយៗអាចបង្ហាញពី៖ អត្តសញ្ញាណជាតិ, បេតិកភណ្ឌវប្បធម៌, គោលដៅទេសចរណ៍, អាទិភាពនៃកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានា។

ពន្លាជាតិកម្ពុជា (Cambodian Pavilion)៖ ត្រូវបានសាងសង់ជារចនាបទខ្មែរ ដែលនឹង​បង្ហាញ​អំពី​អត្តសញ្ញាណជាតិ បេតិកភណ្ឌ វប្បធម៌ខ្មែរ សក្ដានុពលទេសចរណ៍ និងសមិទ្ធផល​នៃកិច្ចអភិ​វឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក៏ដូចឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងសហគមន៍​ហ្វ្រង់​កូហ្វូនី។

កម្ពុជា ក៏បានដាក់បញ្ចូល កម្មវិធី «ប៉ាក់ស្បៃខ្មែរ» ដើម្បីបង្ហាញអំពីសម្លៀកបំពាក់ប្រពៃណីខ្មែរ ការ​ថែ​រក្សានូវអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រមទាំងជម្រុញការគាំទ្រការដាក់បញ្ចូល ស្បៃខ្មែរ ជាសម្បត្តិ​បិតិកភ័ណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)។

ពន្លាជាតិរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងស្ថាប័នប្រតិបត្តិករ៖ ជាពន្លាជាតិបែបស្ថាប័ន ដែលបង្ហាញអំពីមហិច្ឆតាយុទ្ធ សាស្ត្រទាំងប្រាំ (The five strategic ambitions), កម្មវិធី និងសកម្មភាពនានារបស់អង្គការ OIF, ឱកាស ទទួលបានព័ត៌មាន និងពិភាក្សា។

តំបន់ពិព័រណ៍ទូទៅ៖ តាំងបង្ហាញ និងផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ អរិយធម៌ ការអប់រំ ឱកាស​ការ​ងារ វិស័យទេសចរណ៍ ផលិតផល និងស្នាដៃខ្មែរ។

ការតាំងពិព័រណ៍នេះមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងមាន​ការ​ចូល​រួមពីដៃគូនៃបណ្តាប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញពីសក្តានុពល សមិទ្ធ​ផល និងភាពសម្បូរបែបនៃសិល្បៈ និងវប្បធម៌នៃប្រទេសនីមួយៗ។

បច្ចុប្បន្នតំបន់ពិព័រណ៍ទូទៅមានចំនួន១៣០ស្តង់ ដោយមានការចូលរួមពីក្រសួង ស្ថាប័នរដ្ឋ បណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី រដ្ឋបាលរាជធានី-ខេត្ត សមាគម អង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងសហគ្រាសនានា។

ភូមិម្ហូបអាហារហ្វ្រង់កូហ្វូនី (Gastronomy Village)៖ កន្លែងសម្រាប់បង្កបរិយាកាសរីករាយ តាមរយៈ ប្រពៃណីម្ហូបអាហារ ការផ្លាស់ប្តូរវប្បធម៌ ការភ្លក្សរស់ជាតិម្ហូបអាហារ, ការបង្ហាញការ​ចម្អិន​​ម្ហូបដោយផ្ទាល់ និងការប្រាស្រ័យទាក់ទងរវាងប្រជាជនខ្មែរ និងបណ្តាប្រទេសហ្វ្រង់កូហ្វូនី។

សាលសន្និសីទ (Conference Hall)៖ កិច្ចពិភាក្សាលើប្រធានបទជាក់លាក់ (Structured Thematic Events) និងវេទិកាតុមូលចំនួនប្រមាណ៣០ រួមមានកិច្ចពិភាក្សាតុមូលស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ, ការអប់រំ និងបញ្ញាសិប្បនិម្មិត, និងពហុវប្បធម៌និងហ្វង់កូហ្វូនី (រៀបចំ ដោយក្រសួងកិច្ចការនារី), សន្និសីទអន្តរ ជាតិ ស្តីពីសន្តិភាព និងទេសចរណ៍ (រៀបចំដោយ ក្រសួងទេសចរណ៍), កិច្ចសន្ទនាស្ដីពីកិច្ចសហប្រតិបត្តិការ វប្បធម៌ (រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)។

ទីតាំងសម្តែងវប្បធម៌ប្រចាំថ្ងៃចំនួន ៥០កម្មវិធី៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រតិទិន​នៃការ សម្ដែងសិល្បៈទស្សនីយ៍ភាពប្រចាំថ្ងៃក្នុងភូមិហ្វ្រង់កូហ្វូនី ដោយបញ្ចូលសិល្បៈខ្មែរ និងសិល្បៈបរទេស តាមពេលវេលាកំណត់ជូន។

បច្ចុប្បន្ននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលសំណើសុំចូលរួមសម្ដែងពីក្រុម សិល្បៈក្នុងប្រព័ន្ធ(៥អង្គភាពរដ្ឋ) សិល្បៈក្រៅប្រព័ន្ធ(១៣អង្គភាពក្រៅរដ្ឋាភិបាល) និងក្រុម សិល្បៈមកពីក្រៅប្រទេស(បារាំង កាណាដា រ៉ូម៉ានី និងអាម៉េនី)។

បរិក្ខារ និងសេវាកម្ម៖ រួមមានបន្ទប់លេខាធិការដ្ឋាន, មជ្ឈមណ្ឌលព័ត៌មាន, បន្ទប់ទទួលភ្ញៀវកិត្តិយស, ទីតាំង ផ្តល់សេវាអាហារ និងភេសជ្ជៈ (Catering) និងសេវាសុខាភិបាល/វេជ្ជសាស្ត្រ។

ការចូលរួមរបស់សារព័ត៌មានជាតិ និងអន្តរជាតិ៖ សារព័ត៌មានអន្តរជាតិTV5 Monde បារាំង បានរៀបចំ studio ដើម្បីថត និងផ្សព្វផ្សាយសកម្មភាពប្រចាំថ្ងៃក្នុងភូមិហ្វ្រង់កូហ្វូនី។

ក្រសួងទេសចរណ៍ក្នុងនាមក្រុមការងារបច្ចេកទេស និង លេខាធិការដ្ឋាន គណៈកម្មការជាតិ បានពិនិត្យលទ្ធភាពផ្តល់ជូនទីតាំងធ្វើ Studio ទំហំប្រមាណ ១០០ម៉ែត្រការ៉េ ស្ថិតក្នុង​បរិវេណ​ភូមិហ្វ្រង់កូហ្វូនី។

បន្ទាប់ពីកម្មវិធីបើកសម្ពោធនេះទៅ នៅភូមិហ្វ្រង់កូហ្វូនី នឹងមានព្រឹត្តិការសំខាន់មួយទៀត នា​រសៀល​ថ្ងៃ ទី១៥ ខែវិច្ឆិកា គឺកម្មវិធីទស្សនកិច្ចរបស់ភរិយា និងស្វាមីថ្នាក់ដឹកនាំ (Spouse Programme) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១​នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូអម។

អំឡុងពេលបំពេញទស្សនកិច្ចនេះ ក្រុមការងារក៏មានរៀបចំកម្មវិធីមួយចំនួនដែលដឹកនាំដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបង្ហាញអំពីការប៉ាក់ ស្បៃខ្មែរ និងរៀបចំស្បៃខ្មែរជាវត្ថុ​អនុស្សាវ​រី​យ៍​ជូនស្ត្រីទី១ ដែលអញ្ជើញមកពីគ្រប់បណ្ដាប្រទេស។

បន្តពីកម្មវិធីនេះ គណៈប្រតិភូ នឹងបន្តទស្សនាពន្លាជាតិ ស្តង់ពិព័រណ៍ទូទៅ ទស្សនាប្រាសាទទាំង​បី (ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងប្រាសាទព្រះវិហារ) ទស្សនាការសម្ដែងសិល្បៈ និង​ទស្សនាការបង្ហាញការចម្អិនម្ហូប៕