រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ SIAAP និង AIMF ចុះហត្ថលេខាបន្តគម្រោងគ្រប់គ្រងសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) ដំណាក់កាលទី២
13-11-2026 12:15
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយសហជីពអន្តរតំបន់សម្រាប់អនាម័យសាធារណៈប្រចាំទីក្រុងប៉ារីស (SIAAP) និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសម្រេចចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈរួមគ្នាសម្រាប់ការបន្តភាពជាដៃគូ ក្នុងការគាំទ្រដល់គម្រោងគ្រប់គ្រងសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) ដំណាក់កាលទី២ នៅរាជធានីភ្នំពេញ ក្រោយពីគម្រោងនៃដំណាក់កាលទី១ បានដាក់ឱ្យដំណើរការប្រើប្រាស់កាលពីឆ្នាំ២០២៣ កន្លងមក ដោយជោគជ័យ។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក Mr.Frederic Vallier អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងលោក វាឡីរី ម៉ូឡេត អគ្គនាយកសហជីពអន្តរតំបន់សម្រាប់អនាម័យសាធារណៈប្រចាំទីក្រុងប៉ារីស (SIAAP)។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ បានចាប់ផ្តើមតាំងពីនៅឆ្នាំ២០២០ ដោយមានការគាំទ្រពីទីភ្នាក់ងារទឹកសែនន័រម៉ង់ឌី (AESN) ហើយសម្រេចបាននូវការសាងសង់ស្ថានីយប្រព្រឹត្តកម្មដំបូងគេបង្អស់នៅក្នុងខណ្ឌកំបូល ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធនៃប្រព័ន្ធគ្រប់គ្រងស្ថាប័ន និងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនានា ព្រមទាំងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០២៣។ តាមរយៈរបាយការណ៍លទ្ធផលនៃការវាយតម្លៃចុងក្រោយក្នុងឆ្នាំ២០២៥ របស់គម្រោង បានបង្ហាញឱ្យឃើញពីសមិទ្ធផលជាក់ស្តែង ដែលស្ថាបនាជាមួយនឹងតម្រូវការក្នុងការបង្កើនសមត្ថភាពប្រព្រឹត្តកម្មសំណល់ភក់ របស់រាជធានីភ្នំពេញបន្ថែមទៀត នាពេលអនាគត។
លោកស្រីអ្នកនាំពាក្យបានបន្ថែមថា ដោយផ្អែកលើលទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងយោងតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០៣៥ នៅដំណាក់កាលទី២នេះ គម្រោងនឹងសាងសង់ស្ថានីយមួយកន្លែងទៀត នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ព្រមទាំងរៀបចំការសិក្សាសមទ្ធិលទ្ធភាពត្រៀមសម្រាប់ការសាងសង់ស្ថានីយទីបីបន្តទៀត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ចំពោះទំហំថវិកាប៉ាន់ស្មានសម្រាប់ដំណាក់កាលទីពីរនេះ គឺប្រមាណ ២.៣២០.០០០អឺរ៉ូ (ពីរលានបីរយម្ភៃពាន់អឺរ៉ូ) ដោយមិនរាប់បញ្ចូលភាគទានជាវត្ថុ/ជាអត្ថប្រយោជន៍ ដែលមិនមែនជាសាច់ប្រាក់នោះទេ ដែលថវិកាគ្រោងនេះ ទទួលបានពីការចូលរួមវិភាគទានពីសមាគម AIMF ទីភ្នាក់ងារ AESN សហជីព SIAAP និងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
គម្រោងជំហានទី២នេះ នឹងអាចចាប់ផ្តើមដំណើរការនៅក្រោយពេលក្រុមការងារបច្ចេកទេសសពិភាក្សាលម្អិតអំពីខ្លឹមសារកិច្ចព្រមព្រៀងសហប្រតិបត្តិការចប់សព្វគ្រប់ និងចុះហត្ថលេខារួមគ្នានាពេលខាងមុខឆាប់ៗនេះ៕

























