ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ ជួបសំណេះសំណាល និងជូនថវិកាដល់មន្រ្តីប្រមាណ ២០ភូមិ ក្នុងភូមិសាស្ត្រនៃស្រុកទឹកឈូ
13-11-2026 15:26
(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានគណបក្សស្រុកទឹកឈូ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា ផ្តល់ជូនមន្ត្រីតាមបណ្ដាភូមិ ប្រមាណ ៦០នាក់ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ប្រចាំខែវិច្ឆិកា របស់គណបក្សស្រុក នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទឹកឈូ។
នាឱកាសនោះ លោក អុឹម ច័ន្ទសោធន បានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីលោកបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្ស ខេត្តកំពត ដែលលោកតែងតែគិតគូរអំពីសុខទុក្ខ ដល់មន្ត្រីតាមបណ្ដាភូមិនៅទូទាំងខេត្តកំពត និយាយជារួម និយាយដោយឡែក ចំពោះមន្ត្រីតាមបណ្ដាភូមិក្នុងស្រុកទឹកឈូ ដែលបានចូលរួម ក្នុងកិច្ចប្រជុំនាពេលនេះ។
ក្នុងកិច្ចប្រជុំខាងលើ លោកប្រធានគណបក្សស្រុក ក៏បានណែនាំនូវកិច្ចការងារ ៦ចំណុច ដល់មន្ត្រីតាមបណ្ដាភូមិ និងអ្នកពាក់ព័ន្ធ រួមមាន៖
*១៖ ជុំរុញការចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត
*២៖ តាមដានសកម្មភាពរបស់គណបក្សដ៏ទៃ
*៣៖ ការលើកស្លាកគណបក្ស
*៤៖ ធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងប្រពន្ធ័
*៥៖ សូមប្រធានគណបក្សឃុំ ចូលប្រើប្រាស់ប្រពន្ធ័មើលរបាយការណ៍ និងរៀបចំផែនការ
*៦៖ ដោះស្រាយរាល់បញ្ហា ប្រឈមនៅក្នុងមូលដ្ឋានឃុំ។
នាឱកាសនោះ លោកប្រធានគណបក្សស្រុក ក៏បានឧបត្ថម្ភថវិកាចំនួន ២,៤០០,០០០រៀល (ពីរលានបួនសែនរៀល) ជូនដល់មន្រ្តីភូមិទាំង ២០ភូមិ ចំនួន ៦០នាក់ ក្នុងមួយនាក់ទទួលបានថវិកា ៤០,០០០រៀល (បួនម៉ឺនរៀល) ក្នុងអំឡុងពេលយុទ្ធនាការ ពិនិត្យឈ្មោះ ចុះឈ្មោះបោះឆ្នោត៕














