កម្លាំងនគរបាលខេត្តកណ្តាល តាមចាប់ជនដៃដល់ ដែលចាប់កុមារីអាយុ៥ឆ្នាំម្នាក់ ជំរិតទារលុយ១ម៉ឺនដុល្លារពីឪពុកម្ដាយ ហើយសម្លាប់ចោលក្នុងទឹក
13-11-2026 15:33
(កណ្ដាល)៖ គួរឲ្យអាណិតអាសូរណាស់! កុមារីអាយុ៥ឆ្នាំម្នាក់ ត្រូវបានបុរសម្នាក់ដែលជាអ្នកស្គាល់រាប់អានបងធម៌ប្អូនធម៌ជាមួយគ្រួសារ បានសម្លាប់ចោលក្នុងស្រះទឹក ក្រោយចាប់ជំរិតទារប្រាក់ចំនួន១ម៉ឺនដុល្លារ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ឈ្មោះ ថាត ថេត ភូមិព្រែកតាមេម សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។
ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពី តំណាងអយ្យការ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់តែម្តង។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ថ.រ.ន អាយុ៥ឆ្នាំ។ រីឯជនដៃដល់ឈ្មោះ ឡាយ សុខជា អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
មុនពេលកើតហេតុ ជនដៃដល់ឈ្មោះ ឡាយ សុខជា បានចាប់កុមារីរងគ្រោះគោលបំណងទារប្រាក់ពីឪពុកម្ដាយកុមារីរងគ្រោះ។ បន្ទាប់មកជនសង្ស័យគិតថា បើទុកកុមារីរងគ្រោះឲ្យនៅរស់នោះប្រាកដជាសមត្ថកិច្ចចាប់ខ្លួន បានព្រោះកុមារី រងគ្រោះស្គាល់ខ្លួនច្បាស់ ទើបជនសង្ស័យសម្រេចចិត្តដឹកកុមារីជនរងគ្រោះទៅកន្លែងស្ងាត់ ដើម្បីយកទៅសម្លាប់ចោល ដោយបានជិះឆ្លងទូកនៅចំណុចព្រែកតាផ ចូលភូមិសាស្ត្រខេត្តតាកែវ មកដល់ចំណុចប្រឡាយលេខ១២ ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។
ពេលមានសភាពស្ងាត់ពុំសូវមានមនុស្សឆ្លងកាត់ ជាឱកាសល្អ ជនសង្ស័យបានឈប់ម៉ូតូប្រាប់ថា ម៉ាស៊ីនក្ដៅពេកសម្រាកមួយសន្ទុះសិន ប្រមាណ ២០នាទី ជនសង្ស័យបានប្រាប់ជនរងគ្រោះថា នៅទីនេះទេសភាពស្អាត ចុះមកខ្លួនថតរូបឲ្យ ដោយបញ្ជាឲ្យកុមារីរងគ្រោះចុះទៅលើចង្អើរឈរបង់សំណាញ់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពរុញកុមារីជនរងគ្រោះចូលទឹកប្រឡាយតែម្ដង។
ចំពោះទឹកប្រាក់ដែលជនសង្ស័យទារពីឪពុកម្ដាយកុមារីរងគ្រោះនោះ គឺមិនបាននោះទេ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួន និងចាប់យកវត្ថុតាង កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕








