អភិបាលស្រុកស្ទោង អំពាវនាវឱ្យយុវជនរៀនសូត្របំណិនវិជ្ជាជីវៈនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពលកម្មនៅក្នុងមូលដ្ឋាន
13-11-2026 16:58
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អំពាវនាវឱ្យយុវជនរៀនសូត្របំណិនវិជ្ជាជីវៈនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពលកម្មនៅក្នុងមូលដ្ឋាន។
អភិបាលស្រុកស្ទោងបានអំពាវនាវនេះ នៅក្នុងពិធីចែកអំណោយដល់គ្រួសារងាយរងហានិភ័យ និងបានរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងទៅ នៅឃុំចំណាក្រោមចំនួន៨៣គ្រួសារ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកបានបន្ថែមថា ជាមួយគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម ដែលនឹងមានរោងចក្រកែច្នៃធំៗចំនួនបីនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោងមខេត្តកំពង់ធំ ដែលជាការកៀរគរវិនិយោគិននិងជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពី សំណាក់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំម និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងការបង្កើតកម្លាំងពលកម្មដល់ពលរដ្ឋក្នុងមូលដ្ឋាន ដែលជាផ្នែកមួយនៃការលើកកម្ពស់ ជីវភាពពលរដ្ឋក្នុងមូលដ្ឋាន ស្រុកស្ទោងនិងខេត្តកំពង់ធំផងដែរ។
ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់អាជ្ញាធរឃុំចំណាក្រោម ដែលបានប្រើប្រាស់ថវិកាសេវាសង្គមក្នុងការជួយឧបត្ថម្ភគាំទ្រស្បៀង ដល់ពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់កាលពីរដូវវស្សាកន្លងទៅដែល ជាគម្រោងរបស់រាជរដ្ឋាភិបាលនិងជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់សុខទុក្ខ សុខមាលភាព និងជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់កាលៈទេសៈ។
លើសពីនេះ លោកអភិបាលស្រុកស្ទោង បានអំពាវនាបន្ថែមទៀតដល់ពលរដ្ឋក្នុងមូលដ្ឋាន ត្រូវទៅធ្វើជីវមាត្រឬចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងត្រៀមលក្ខណៈឯកសារ បញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធក្នុងការទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខឱ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា បងប្អូនរងគ្រោះទាំង ៨៣គ្រួសារខាងលើមក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ១បេ មី១កេស ត្រីខរ១យួរ និងងទឹកត្រីចំនួន១យួរផងដែរ៕

























