សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក្នុងឱកាសចម្រើនជន្មាយុ
13-11-2026 17:14
(ភ្នំពេញ)៖ តាងនាមរដ្ឋសភាកម្ពុជា និងក្នុងនាមផ្ទាល់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសារលិខិតជូនពរយ៉ាងកក់ក្តៅជូនចំពោះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុរបស់សម្តេច ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមសារលិខិត, សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងអំណរសាទរ ព្រមទាំងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្ត និងប្រកបដោយមោទនភាពយ៉ាងក្រៃលែង ចំពោះគុណបំណាច់របស់ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នារយៈពេលកន្លងមក សម្តេចឥស្សរវិទេសបញ្ញា បានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដែលបានជួយការពារសន្តិសុខជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយកិត្តិនាមកម្ពុជាឱ្យល្បីល្បាញទាំងលើឆាកជាតិ និងអន្តរជាតិ។
ទន្ទឹមនឹងនេះ សម្តេចប្រធានរដ្ឋសភា ក៏បានរំលេចផងដែរអំពីការចូលរួមចំណែកយ៉ាងធំធេងរបស់ សម្តេចឥស្សរវិទេសបញ្ញា ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិមាតុភូមិ តាមរយៈការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសមត្ថភាពស្ថាប័ន ការថែរក្សាសុខសន្តិភាព ការពារអធិបតេយ្យ បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។
ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរជូនចំពោះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





