ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
13-11-2026 18:33
(ភ្នំពេញ)៖ លោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីប្រទេសរវ៉ាន់ដា បានបង្ហាញការស្ញប់ស្ញែងចំពោះកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ខណៈដែលប្រទេសកម្ពុជា និងរវ៉ាន់ដា មានប្រវត្តិជូរចត់មិនខុសគ្នានោះឡើយ។ លោកប្រធានាធិបតី បានលើកឡើងថា ការបានឃើញនូវកិច្ចអភិវឌ្ឍន៍របស់កម្ពុជា បានក្លាយទៅជាកម្លាំងចិត្តមួយសម្រាប់រូបលោក ក្នុងការប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ប្រទេសរវ៉ាន់ដា ឱ្យរីកចម្រើនថែមទៀត។
លោកប្រធានាធិបតីលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់លោកប្រធានាធិបតី និងគណៈប្រតិភូនៅកម្ពុជានាពេល។
សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ដំណើររបស់លោកប្រធានាធិបតី មកកាន់កម្ពុជានៅពេលនេះបង្ហាញឃើញច្បាស់ពីការផ្ដល់តម្លៃដល់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់ដា និងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។ សម្ដេចតេជោ ក៏បានលើកឡើងពីប្រវត្តិសាវតារប្រទេសរវ៉ាន់ដា និងកម្ពុជា ដែលមានប្រវត្តិប្រហាក់ប្រហែលគ្នា ហើយសម្ដេច និងលោកប្រធានាធិបតីរវ៉ាន់ដា ក៏មានប្រវត្តិតស៊ូកម្សត់ប្រហាក់ប្រហែលគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ទស្សនកិច្ចរបស់លោកប្រធានាធិបតីនៅកម្ពុជានាពេលនេះ នឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងរវ៉ាន់ដា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកប្រធានាធិបតីរវ៉ាន់ដា បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្ដេចតេជោ ចំពោះរូបលោកនៅពេលនេះ។ លោកប្រធានាធិបតី បានលើកឡើងពីក្តីរីករាយដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយបានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏អស្ចារ្យ។
លោកប្រធានាធិបតី បានមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ហើយលោកលើកឡើងថា ការអភិវឌ្ឍនៅកម្ពុជា នឹងលើកទឹកចិត្តបន្ថែមទៀតដល់លោកផ្ទាល់ក្នុងការអភិវឌ្ឍដឹកនាំប្រទេសរបស់ខ្លួន។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតី ក៏បានសម្ដែងការចាប់អារម្មណ៍ចំពោះប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក៏ដូចជាប្រវត្តិរបស់លោកផ្ទាល់ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាដែលអាចស្វែងយល់គ្នាកាន់តែស៊ីជម្រៅនូវចំណុចដែលភាគីទាំងពីរត្រូវតែបំពេញនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរវ៉ាន់ដា។
លោកប្រធានាធិបតី បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានៅពេលនេះ ជាការស្វែងរកឱកាស ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដា។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកប្រធានាធិបតីរវ៉ាន់ដា។ សម្ដេចតេជោ បានលើកឡើងថា សម្ដេចគាំទ្រចំពោះប្រទេសទាំងពីរ ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងទេសចរណ៍ ហើយបានឈានទៅចុះហត្ថលេខាលើឯកសារអនុស្សារណៈចំនួន៣ជាមួយគ្នា។
សម្ដេចតេជោ បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងរវ៉ាន់ដា ដែលបាន ចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរ នឹងក្លាយទៅជាមាគ៌ាមួយដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់ដា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានលើកឡើងបន្ថែមនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម។ សម្ដេចតេជោបានកត់សម្គាល់ថា ប្រទេសទាំងពីរជាប្រទេសកំពុងអភិវឌ្ឍដូចគ្នា ដូច្នេះអាចមានឱកាសយល់ពីគ្នាច្រើន ហើយស្វែងរកនូវកាលានុវត្តភាពថ្មីៗក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា៕






























