ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពាររក្សាសន្តិសុខ ក្នុងពិធីបើកព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរវ៉ាន់ដា
13-11-2026 21:21
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» បើកទទួលស្វាគមន៍សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីយប់ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។ ក្នុងនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ជូន ឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រវ៉ាន់ដា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាផងដែរ។
សូមជម្រាបថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ការចូលរួមចំណែករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺមានសារៈសំខាន់ណាស់ក្នុងការធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ។














































