សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងប្រគល់ ផ្ទះថ្មី ១ខ្នង ជូនលោកយាយ អាយុ៨៥ឆ្នាំ ដែលផ្ទះចាស់ត្រូវភ្លើងឆេះផ្ទះទាំងស្រុង នៅស្រុកពាមជរ ខេត្តព្រៃវែង
13-11-2026 21:51
(ព្រៃវែង)៖ ដោយមិនបង្អង់យូរ ក្រោយសាងសង់ផ្ទះថ្មី១ខ្នងរួចរាល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រមទាំងសហការី ចុះសម្ពោធប្រគល់ផ្ទះ ១ខ្នង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ ចំណាយអស់ថវិកាចំនួន ៣.២៦២,៥០ដុល្លារ ជូនលោកយាយ អ៊ូ យ៉ាន អាយុ ៨៥ឆ្នាំ រស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ដែលបានរងគ្រោះដោយសារភ្លើងឆេះផ្ទះកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយម្ចាស់ផ្ទះ រួមជាមួយលោកតាលោកយាយរស់ជិតខាងចំនួន ៣០នាក់ ដែលបានចូលរួមក្នុងពិធីនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកយាយលោកតាទាំងអស់ ព្រមជាមួយនឹងការពាំនាំនូវសារអប់រំសុខភាព អនាម័យ ការថែរក្សាបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាដើម ជាពិសេសត្រូវបន្តប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដាំដំណាំសុវត្ថិភាពគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមានសុខភាពល្អ។
លោកស្រីអគ្គលេខាធិការរងទី១ ក៏បានគូសបញ្ជាក់ផងដែរថា៖ «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។
លោកយាយ អ៊ូ យ៉ាន មានក្តីរំភេីបរីករាយឥតឧបមា ដោយទទួលបានជម្រកស្នាក់នៅសមរម្យ ថែមទាំងទទួលបានអំណោយសម្រាប់សង្កត់ផ្ទះចំនួនទៀតពីកាកបាទក្រហមកម្ពុជារួមមាន អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥យួរ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ, ប្រេងឆា ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ២ឃីត, សាប៊ូកក់សក់ ៥ដប, សាប៊ូដុសខ្លួន ៥ដប, ម្សៅសាប៊ូ ៥កញ្ចប់, សាប៊ូលាងចាន ៥ដប, សាប៊ូលាងដៃ ៥ដប, សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ៥០ម៉ឺនរៀល។ បន្ថែមពីនេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ បានឧបត្ថម្ភបន្ថែមនូវ សម្ភារផ្ទះបាយ ១ឈុត, សម្ភារដំណេក ១ឈុត, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, មី ១កេស និងថវិកា ១០ម៉ឺនរៀល។ ដោយឡែក ចំពោះលោកយាយលោកតា ៣០នាក់ដែលបានចូលរួមក្នុងកម្មវិធីនេះ ក៏ទទួលបានថវិកាក្នុងម្នាក់ៗ ២ម៉ឺនរៀល៕




























