វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
14-11-2026 00:19
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុង Shenzhen ប្រទេសចិននៅសប្ដាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) ជាទីដែលរូបលោកនឹងត្រូវជួបលោកប្រធានាធិបតី ស៊ី ជីនពីង។ ដំណើរទស្សនកិច្ចនេះកើតមានឡើងចំពេលលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia និងជាមនុស្សម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ត្រាំ កំពុងប្រឈមមុខនឹងការស៊ើបអង្កេតជុំវិញទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍របស់លោកជាមួយស្ត្រីឈ្មោះ Alice Huang ដែលជាអតីតនាយកប្រតិបត្តិម្នាក់នៃក្រុមហ៊ុន Megaspeed និងដែលក្រុមមន្ត្រីអាមេរិកសង្ស័យថាធ្វើការឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន។ ប៉ុន្តែចិនបានទាត់ចោលការចោទប្រកាន់នេះ។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមហ៊ុន Nvidia បានប្រកាសថាលោក Huang នឹងចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ខ្លួន។ លោក Huang ធ្លាប់បានអមដំណើរលោក ត្រាំម្ដងដែរអំឡុងលោកប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែឧសភាកន្លងទៅ។ វត្តមានរបស់លោក Huang ពិតជាមានសារៈសំខាន់ចំពោះ Nvidia ដែលកំពុងជួបការលំបាកក្នុងការស្វែងរកការអនុញ្ញាតដើម្បីអាចលក់បន្ទះឈីប AI H200 នៅក្នុងទីផ្សារចិន។ ក្នុងពេលនេះ វត្តមានរបស់លោក Huang ក្នុងជួរគណៈប្រតិភូដែលត្រូវអមដំណើរលោក ត្រាំ ទៅកាន់ប្រទេសចិននៅសប្ដាហ៍ក្រោយកំពុងស្ថិតក្នុងមន្ទិលសង្ស័យ។ ដូច្នេះតើទំនាក់ទំនងជិតស្និទ្ធរវាងលោក ត្រាំ និងលោក Huang អាចនឹងជំរុញឱ្យរដ្ឋបាលរបស់លោកប្រកាន់ជំហរតឹងរ៉ឹងចំពោះចិនដែរឬក៏យ៉ាងណា?
ក្នុងនាមជាស្ថាបនិក និងជា CEO ក្រុមហ៊ុន Nvidia លោក Huang បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបន្ធូរបន្ថយការរឹត្បិតលើការលក់ឈីបស៊េរីទំំនើបទៅឱ្យចិនដោយអះអាងថាការប្រើប្រាស់បច្ចេកវិទ្យាអាមេរិកកាន់តែទូលំទូលាយនឹងជួយឱ្យសហរដ្ឋអាមេរិកបន្តការនាំមុខគេក្នុងការអភិវឌ្ឍ AI។ កាលពីខែធ្នូ ឆ្នាំ២០២៥ លោក ត្រាំបានអនុម័តលើការលក់ឈីប H200 ដែលឈីបទំនើបបំផុតលំដាប់ទី២ របស់ក្រុមហ៊ុន Nvidia ទៅឱ្យចិន ជាមួយការដាក់លក្ខខណ្ឌថាភាគលាភ ២៥ភាគរយនៃចំណូលបានមកពីការលក់ឈីបនេះត្រូវបានបង្វិលចូលហោប៉ាវរដ្ឋាភិបាលអាមេរិក។ លោក ត្រាំហ៊ានធ្វើបែបនេះបើទោះជាមានការប្រឆាំងជំទាស់យ៉ាងខ្លាំងពីក្រុមអ្នកនយោបាយមានជំហរតឹងរ៉ឹងចំពោះចិននៅក្នុងគណបក្សទាំង២របស់អាមេរិក។
មិនយូរប៉ុន្មាន លោក Huang បានបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនៅក្នុងចំណោមគណៈប្រតិភូអាមេរិកដែលបានអមដំណើរលោក ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែឧសភាកន្លងទៅ ជាមួយក្ដីសង្ឃឹមថាអាចនឹងបំបែកភាពជាប់គាំងពាក់ព័ន្ធនឹងការលក់ឈីប H200។ យ៉ាងណាមិញ បើទោះជាលោក ត្រាំបានសម្រេចចិត្តអនុញ្ញាតលើការលក់ឈីបនេះក៏ដោយ ក៏ការប្រគល់នៅតែមានបរិមាណតូច ដោយសារតែការយឺតយ៉ាវនៃការអនុម័តលើការនាំចូលពីរដ្ឋាភិបាលចិនដែលកំពុងព្យាយាមជំរុញការគាំទ្រដល់ក្រុមហ៊ុនផលិតឈីបក្នុងស្រុក។
និយាយរួម មកទល់នឹងពេលនេះមិនមានកិច្ចព្រមព្រៀងធំដុំណាមួយត្រូវបានប្រកាសនៅឡើយទេ។ លោក Steve Okun ជាអ្នកវិភាគភូមិសាស្ត្រនយោបាយម្នាក់មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បាននិយាយថាការលាលែងចេញពីតំណែងរបស់លោក Huang គួបផ្សំនឹងរឿងអាស្រូវដែលធ្វើឱ្យ CEO រូបនេះរបូតតំណែង ទំនងជានឹងមិនបង្កការខូចខាតធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងប៉េកាំងឡើយ។ តាមអ្នកវិភាគរូបនេះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនយ៉ាងហោចណាស់នឹងធ្លាក់ចូលក្នុងស្ថានភាពជាប់គាំង មិនទៅមុខខ្លាំង ហើយក៏មិនថយក្រោយខ្លាំង។ ក្នុងន័យនេះប្រសិនបើសហរដ្ឋអាមេរិកបន្តអនុវត្តការរឹតត្បិតលើកការលក់ផលិតផល AI ទៅឱ្យចិន វានឹងបង្កើនភាពតានតឹងរវាងប្រទេសទាំង២ ហើយណាមួយបើទោះជាមានការរឹតត្បិត ក៏មើលទៅ ចិននៅតែអាចស្វែងរកទិញឈីប AI តាមរយៈប្រទេសទី៣ ឬតាមរយៈបណ្ដាញពាណិជ្ជកម្មក្រៅផ្លូវការ។
យល់ឃើញស្រដៀងគ្នានេះដែរ លោក Gabriel Wildau ជានាយកចាត់ការទូទៅនៅឯក្រុមហ៊ុនប្រឹក្សាយោបល់ Teneo បានកត់សម្គាល់ថាកាលពីដើមសប្ដាហ៍កន្លងទៅនេះ លោក ត្រាំមិនបានបង្ហាញពីសញ្ញាណាមួយដែលថារូបលោកមានចេតនាបង្អាក់ការខិតជិតគ្នារវាងអាមេរិក និងចិននោះទេ។ ប៉ុន្តែ អ្នកវិភាគរូបនេះបានព្រមានថាលោក ត្រាំ ប្រហែលជាអាចនឹងត្រូវប្រឈមមុខនឹងសម្ពាធថ្មីៗពីសភាទាំង២របស់សហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ជាពេលដែលគណបក្សប្រជាធិបតេយ្យឡើងកាន់កាប់រដ្ឋសភា និងព្រឹទ្ធសភា។ ដោយឡែក បើតាមលោក Carsten Holz ជាអ្នកជំនាញម្នាក់ស្ដីពីសេដ្ឋកិច្ចចិនមកពីសាកលវិទ្យាល័យ Hong Kong University of Science and Technology បាននិយាយថាលោក ត្រាំ ហាក់មិនមានគោលជំហរ ឬគោលនយោបាយជាក់លាក់ចំពោះចិននោះទេ ដូច្នេះវាធ្វើឱ្យគេពិបាកព្យាករថាតើលោកនឹងមានគោលជំហរបែបនេះនៅឯកិច្ចចរចាជាមួយលោក ស៊ី ជីនពីង ក្នុងទីក្រុង Shenzhen។
គួរបញ្ជាក់ថា បើតាមលោក Carsten Holz ការប្រើប្រាស់ឈីប AI Nvidia តាមរយៈមជ្ឈមណ្ឌលទិន្នន័យនៅសិង្ហបុរី ដើម្បីបម្រើដល់អតិថិជនក្នុងប្រទេសចិន មិនមែនជាព័ត៌មានថ្មីនោះទេ។ លោក Okun យល់ថាសម្ពាធលើលោក ត្រាំនឹងកើនឡើងនៅឆ្នាំ២០២៧។ តាមអ្នកវិភាគរូបនេះ សភាទាំង២របស់សហរដ្ឋអាមេរិកដែលនឹងស្ថិតក្រោមការគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យនៅឆ្នាំក្រោយ អាចនឹងបោះឆ្នោតអនុម័តច្បាប់ Remote Access Security Act ដែលមានគោលដៅបញ្ឈប់ និងរារាំងក្រុមហ៊ុនចិនមិនឱ្យទទួលបានឈីប AI ស៊េរីទំនើបតាមរយៈ cloud។
លោកបន្ថែមថាក្រសួងពាណិជ្ជកម្មអាមេរិកអាចនឹងរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញចំពោះក្រុមហ៊ុន Megaspeed ឬក៏តម្រូវឱ្យមានការស្នើសុំអាជ្ញាបណ្ណសម្រាប់ឈីប AI ស៊េរីទំនើប មុននឹងលក់ទៅឱ្យបណ្ដាប្រទេសដូចជា សិង្ហបុរី និងម៉ាឡេស៊ី។ ប្រសិនបើរឿងបែបនេះកើតឡើងពិតមែន នោះវានឹងធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនតានតឹង ប៉ុន្តែភាពតានតឹងនេះទំនងជានឹងមិនកើតឡើងនៅសប្ដាហ៍ក្រោយនោះទេ៕









