* ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា អញ្ជើញដើរកម្សាន្តតាមមាត់ទន្លេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ មកកាន់កម្ពុជា
* Fresh Exclusive: កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា៖ ពីឱកាសការទូតប្រវត្តិសាស្ត្រ ដល់ការព្រួយបារម្ភរបស់ថៃ និងការប្រឆាំងពីក្រៅប្រទេស
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦, អ្នកជំនាញបច្ចេកវិទ្យា ជជែកពិភាក្សាគ្នាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ និងកិច្ចការពារទិន្នន័យបុគ្គល
* ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រីភាពកម្ពុជា-បារាំង
* ថៃ ដែលជាសមាជិកសង្កេតការណ៍ មិនត្រូវបានអនុញ្ញាតឲ្យលើកយោបល់ក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គការយូណេស្កូ​​​​ បន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

14-11-2026 15:40

(ភ្នំពេញ)៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកអគ្គនាយកអញ្ជើញចូលរួមពិធីប្រារព្ធខួប ៧៥ឆ្នាំ នៃសមាជិកភាពកម្ពុជា​​ ក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, អគ្គនាយកអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ លើវិស័យវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ហើយឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

លោកបណ្ឌិត Khaled El-Enany​​​ បានបន្ថែមថា បេសកកម្មរបស់អង្គការយូណេស្កូ មានភាពស្របគ្នាជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស, ការអប់រំ និងការពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ ហើយអង្គការយូណេស្កូនឹងបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជាប្រយោជន៍បន្ថែមទៀត​ដល់ប្រជាជនកម្ពុជា​។​

លោកបានបញ្ជាក់ថា ផ្អែកលើជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល​កម្ពុជាកន្លងមក, អង្គការយូណេស្កូនឹងបន្តគាំទ្រ និងផ្ដល់ជំនួយចាំបាច់នានាដល់ប្រទេសកម្ពុជាលើកិច្ចការជាច្រើនថែមទៀត ជាពិសេសលើការអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សយូរអង្វែង។

ជាការឆ្លើយតប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណឯកឧត្តមអគ្គនាយកអង្គការយូណេស្កូ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមពិធីប្រារព្ធខួប៧៥ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ក្នុងឱកាសនេះ។

ព្រមជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់យូណេស្កូក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ដែលជាសម្បត្តិរួមរបស់មនុស្សជាតិ។

សម្ដេចធិបតី​​ ហ៊ុន ម៉ាណែត បានបន្តថា ការការពារបេតិកភណ្ឌវប្បធម៌ មិនមែនត្រឹមតែរក្សាភាពគង់វង្សនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ស្នាដៃដូនតា និងដួងព្រលឹងជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់អប់រំ និងបំផុសគំនិតដល់យុវជនជំនាន់ក្រោយឱ្យសិក្សាស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ និងប្រវត្តិសាស្ត្រ​របស់ជាតិ​ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគតប្រទេសជាតិផងដែរ។

ទន្ទឹមនឹងនេះ​ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត​​​ ​បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាបាននូវស្ថិរភាព និងសន្តិភាព ដែលជាបុរេលក្ខខណ្ឌមិនត្រឹមតែសម្រាប់កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ច​។​ ជាមួយគ្នានេះ,​ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកិច្ចការអភិរក្ស, ការថែរក្សាកំណត់ត្រាប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ដោយបានជំរុញឱ្យមានការធ្វើឌីជីថលូបនីយកម្មឯកសារប្រវត្តិសាស្ត្រ សំដៅប្រែក្លាយទៅជាចំណេះដឹងទូលំទូលាយសម្រាប់អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស។

​មុននឹងបញ្ចប់​ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យអង្គការយូណេស្កូបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញការលើកកម្ពស់ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលជាចលករដ៏សំខាន់មួយនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព៕