ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រីភាពកម្ពុជា-បារាំង (Video inside)
14-11-2026 17:52
(ភ្នំពេញ)៖ នៅវេលារសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ។ លោក ម៉ាក្រុង ជាប្រធានាធិបតីបារាំងទី៣ ដែលបានអញ្ជើញមកដល់ប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណ ១៦៣ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៨៦៣មក។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ គឺជាការបើកទំព័រថ្មីឆ្ពោះទៅកាន់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើររវាងកម្ពុជា និងបារាំង។
នៅច្រកពិសេសនៃឯអាកាសយានដ្ឋានអន្តរជាតិតេជោ ពិធីទទួលបដិសណ្ឋារកិច្ចបានរៀបចំឡើងយ៉ាងមហោឡារិក និងប្រកបដោយកិត្តិយសខ្ពស់ខ្ពស់បំផុត។ ផ្ទាំងរូបភាពមួយផ្ទាំងធំ ត្រូវបានរំលេចដោយ ព្រះបរមឆាយាលក្ខណ៍ព្រះករុណាព្រះមហាក្សត្រ លោក អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទី១ របស់បារាំង ខណៈទង់ជាតិកម្ពុជា និងបារាំងជាច្រើនទង់ ត្រូវបានបង្ហូតយ៉ាងខ្ពស់ត្រដែត។
ទទួលបដិសណ្ឋារកិច្ចនៅអាកាសយានដ្ឋាន ត្រូវបានធ្វើឡើងដោយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី។
អមសងខាងកម្រាលព្រំដ៏ក្រហមឆ្អិនឆ្អៅ ត្រូវបានអមដោយកងកិត្តិយស ដែលជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ។ នៅទល់មុខយន្តហោះពិសេសរបស់លោកប្រធានាធិបតី ត្រូវបានរៀបចំផែនមហាជនជាពលរដ្ឋខ្មែរ និងពលរដ្ឋបារាំងរស់នៅកម្ពុជា ក្នុងដៃកាន់ផ្កា និងព្រះបរមឆាយាលក្ខណ៍ព្រះមហាក្សត្រ លោក ម៉ាកុង និងលោកជំទាវទី១ បង្ហាញឱ្យឃើញក្តីសោមនស្សក្រៃលែងចំពោះដំណើរទស្សនកិច្ចលោកប្រធានាធិបតី និងលោកជំទាវទី១ ក៏ដូចជាចំណងមេត្រីភាពដ៏ផ្អែមល្ហែមយូរអង្វែងរវាងកម្ពុជា និងបារាំង។
ដំណើរទស្សនកិច្ចតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរនាពេលនេះ លោក ម៉ាក្រុង និងលោកជំទាវទី១របស់បារាំង នឹងស្នាក់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ ក្រសួងកាបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក អេម៉ានុយអែល ម៉ាក្រុង នឹងចូលបង្គំគាល់ និងមានសវនាការជាមួយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង។
លោកប្រធានាធិបតី នឹងជួបប្រជុំជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ទន្ទឹមនេះលោកប្រធានាធិបតី នឹងអញ្ជើញជាអធិបតីជាមួយព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិចនៅខេត្តសៀមរាប។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង មកកម្ពុជានាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលជាទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុត បន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ លោកប្រធានាធិបតី ហ្សាល ដឺហ្គោល នៅឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ្រ្វង់ស្វ័រ ម៊ីតេរ៉ង់ នៅឆ្នាំ១៩៩៣។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ក៏នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ។
តាមរយៈសកម្មភាពទាំងនេះនឹងផ្ដល់នូវកាលានុវត្តភាពក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី បើកទំព័រសករាជថ្មី នៃទំនាក់ទំនងកម្ពុជា-បារាំង និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំង បានចាប់ផ្តើមយ៉ាងសំខាន់នៅឆ្នាំ១៨៦៣ នៅពេលដែលកម្ពុជាបានចុះសន្ធិសញ្ញាអាណាព្យាបាលបារាំង-កម្ពុជា ដែលអនុញ្ញាតឱ្យបារាំងឈរជើងនៅកម្ពុជា និងរំដោះកម្ពុជាពីការត្រួតត្រារបស់សៀម និងវៀតណាម។ បារាំងបានសន្យាការពារកម្ពុជាពីចលាចលផ្ទៃក្នុង និងការឈ្លានពានពីខាងក្រៅ។ ទោះបីជាយ៉ាងណាក៏ដោយ បារាំង មិនបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះភ្លាមៗទេ រហូតដល់ឆ្នាំ១៨៦៤។ នៅឆ្នាំ១៨៦៧ បារាំងបានដាក់សម្ពាធលើសៀមឱ្យទទួលស្គាល់អាណាព្យាបាលបារាំងនៅកម្ពុជា ជាថ្នូរនឹងការទទួលស្គាល់ការត្រួតត្រារបស់សៀមលើបាត់ដំបង និងអង្គរ។
នៅឆ្នាំ១៨៨៤ បារាំងបានបង្ខំឱ្យកម្ពុជាចុះអនុសញ្ញាទី២ ដើម្បីបង្កើតសហភាពគយ ដែលជាហេតុធ្វើឱ្យបាត់បង់អំណាចពីព្រះមហាក្សត្រ និងរាជវង្សានុវង្ស ហើយបង្កើតប្រព័ន្ធរដ្ឋបាលទំនើបក្រោមការគ្រប់គ្រងរបស់បារាំង។ កម្ពុជាបានក្លាយជាដែនអាណាព្យាបាលសំខាន់នៃសហភាពឥណ្ឌូចិន ដែលគ្រប់គ្រងដោយអគ្គទេសាភិបាលជាន់ខ្ពស់បារាំង (រ៉េស៊ីដង់ស៊ុបពែរីយ័រ- Résident Supérieur)។ ភ្នំពេញស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់អគ្គទេសាភិបាលជាន់ខ្ពស់បារាំង។ នៅឆ្នាំ១៨៩៦ បារាំង និងអង់គ្លេសបានទទួលស្គាល់មណ្ឌលឥទ្ធិពលរៀងៗខ្លួនលើឥណ្ឌូចិន ដោយសៀមប្រគល់ខេត្តនៅតំបន់អង្គរឱ្យកម្ពុជាវិញ។
បើទោះជាយ៉ាងមិនការប្រគល់ឯករាជ្យត្រឡប់មកកម្ពុជា ក្នុងឆ្នាំ១៩៥៣ ទំនាក់ទំនងរវាងកម្ពុជា និងបារាំង មានទាំងរឿងផ្អែមល្ហែម និងជូរចត់ ដែលក្លាយទៅជាស្លាកស្នាមអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់ប្រជាជាតិកម្ពុជា និងបារាំង។ បើទោះបីចំណងអនុស្សាវរីយ៍ក្នុងអតីតកាលមានភាពល្វីងជូរចត់ខ្លះយ៉ាងណាក្តី តែក្រោយពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ដួលរលំ បារាំង ជាតួអង្គដ៏សំខាន់មួយក្នុងដំណើរស្វែងរកសន្តិភាពជូនកម្ពុជា។ កិច្ចចរចាស្វែងរកសន្តិភាពត្រូវបានធ្វើឡើងច្រើនលើកនៅក្នុងប្រទេសបារាំងចាប់ពីឆ្នាំ១៩៨៧ រហូតដល់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោក អូលីវីយេ រីឆា (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានចាត់ទុកទំនាក់ទំនងទេ្វភាគីបារាំង-កម្ពុជាថា ជា«គូស្នេហ៍ចំណាស់មួយគូ» ដែលគ្មានរណា ឬអ្វីមួយអាចមកបំបែកបានឡើយ។ លោកឯកអគ្គរដ្ឋទូត បានរំលេចដែរថា ប្រវត្តិសាស្ត្រពោរពេញដោយភាពប្រែប្រួល និងសោកនាដកម្មជាច្រើន ប៉ុន្តែរឿងរ៉ាវទាំងនេះ មិនដែលបំបែកកម្ពុជា និងបារាំងចេញពីគ្នាឡើយ ហើយពេលវេលាដ៏រីករាយ និងពេលវេលារួមគ្នាក៏មិនដែលបាត់បង់ដែរ ហើយនៅតែមានជានិច្ចសម្រាប់ប្រទេសទាំងពីរ។
សារមានអត្ថន័យដ៏ជ្រាលជ្រៅនេះ ត្រូវបានរំលេចក្នុងពិធីអបអរសាទរទិវាបុណ្យជាតិបារាំង កាលពីខែកក្កដា ឆ្នាំ២០២៦។ លោកឯកអគ្គរដ្ឋទូតបារាំង រំលេចទៀតថា បច្ចុប្បន្ននេះ ពិភពលោកកំពុងមានភាពតានតឹង ហើយក៏ពោរពេញទៅដោយភាពមិនប្រាកដប្រជា។ ប្រទេសកម្ពុជា ប្រឈមមុខនឹងស្ថានភាពលំបាកមួយតាមបណ្តោយព្រំដែនរបស់ខ្លួន ហើយត្រូវជួបប្រទះនឹងឧក្រិដ្ឋកម្មមួយចំនួនដែលអាចបង្កឱ្យមានអស្ថិរភាព។ ប្រទេសបារាំង ក៏មានបញ្ហាប្រឈមផ្ទាល់ខ្លួនដែរ។ ប៉ុន្តែ «គូស្នេហ៍ចំណាស់» នៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ និងប្រសើរឡើង ពីព្រោះចំណងមិត្តភាពរវាងបារាំង-កម្ពុជា មានភាពស៊ីជម្រៅ និងរឹងមាំណាស់ ដែលមិនអាចនាំឱ្យមានលទ្ធផលផ្សេងពីនេះបានឡើយ។
នៅក្នុងពេលនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអះអាងដែរថា មិត្តភាពរវាងកម្ពុជា និងបារាំង បានចាក់ឬសយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទំនុកចិត្តទៅវិញទៅមក និងឆន្ទៈដ៏មុតមាំរួមមួយ ក្នុងការកសាងអនាគតជាមួយគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋាននៃកិច្ចសន្ទនានយោបាយប្រកបដោយគុណតម្លៃខ្ពស់ និងកិច្ចសហប្រតិបត្តិការដែលបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេសព្រះរាជដំណើរទស្សនកិច្ចទៅប្រទេសបារាំងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ ក្នុងឱកាសកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) បានឆ្លុះបញ្ចាំងពីថាមវ័ន្ដនៃទំនាក់ទំនង និងបានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
បារាំងក៏ជាប្រទេស ដែលបានចូលរួមជួយជ្រោមជ្រែងដល់ការបោះឆ្នោតនៅកម្ពុជានាឆ្នាំ១៩៩៣ និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចអភិវឌ្ឍន៍កម្ពុជាឡើងវិញ បន្ទាប់ពីបង្កើតបានរាជរដ្ឋាភិបាលថ្មីឆ្នាំ១៩៩៣។
បារាំង បានផ្តល់កិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីរួមចំណែកដល់ដំណើរអភិវឌ្ឍន៍កម្ពុជា ចេញពីគំនរនៃវិបត្តិភ្លើងសង្គ្រាម ដែលបានដុតកម្លោចកម្ពុជាប្រមាណជា៣ទសវត្សរ៍។ កិច្ចសហប្រតិបត្តិការ ដែលកម្ពុជា និងបារាំង បានធ្វើជាមួយគ្នារយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ មានដូចជា៖
* ពាណិជ្ជកម្ម និងវិនិយោគ៖ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រេចបានជិត ៥០០លានដុល្លារអាមេរិក កើនឡើង ១៤.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥។ កម្ពុជានាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលកសិកម្មទៅបារាំង។ បច្ចុប្បន្នមានក្រុមហ៊ុន ឬសហគ្រិនបារាំងប្រមាណជាង ៣៥០ កំពុងប្រតិបត្តិការនៅកម្ពុជា ជាមួយការវិនិយោគជាង ៧០០លានដុល្លារ។ នៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងមានវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅរាជធានីភ្នំពេញ ដែលរំពឹងថានឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ៤០០ មកសិក្សា និងវិនិយោគលើវិស័យថាមពល សុខាភិបាល និងកែច្នៃកសិកម្ម។
* យោធា៖ កម្ពុជា និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា ជាពិសេសនៅសាលា នាយទាហានសកម្មត្មាតពង និងវិទ្យាស្ថានបញ្ជាការសេនាធិការត្មាតពង។ អស់រយៈពេលជាង ៣២ឆ្នាំមកនេះ នាយទាហានប្រមាណ ២៥០០នាក់បានទទួលការជួយជ្រោមជ្រែងពីបេសកកម្មសហប្រតិបត្តិការបារាំងផ្នែកការពារ។
* អប់រំ វប្បធម៌ និងទេសចរណ៍៖ បារាំងនៅតែជាគោលដៅចម្បងរបស់និស្សិតកម្ពុជា ដើម្បីទៅ សិក្សា។ កិច្ចសហប្រតិបត្តិការក៏ពាក់ព័ន្ធនឹងការពង្រីកក្រុង និងការថែរក្សាបេតិកភណ្ឌវប្បធម៌ ជាពិសេសនៅតំបន់អង្គរវត្ត។
* ជំនួយអភិវឌ្ឍន៍៖ តាមរយៈទីភ្នាក់ការងារអភិវឌ្ឍន៍ AFD បារាំង បានបន្តផ្តល់ការគាំទ្រតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន កសិកម្ម ទឹកស្អាត បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល អភិវឌ្ឍន៍ជនបទ សុខាភិបាល វប្បធម៌ បរិស្ថាន ទេសចរណ៍ អប់រំ និងមីក្រូហិរញ្ញវត្ថុ។
ចាប់តាំងពីបើកការិយាល័យនៅកម្ពុជាក្នុងឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៦ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានសរុបជាង ១,៥ ពាន់លានអឺរ៉ូ ឬប្រមាណ ១,៦៧ពាន់លានដុល្លារអាមេរិក តាមរយៈគម្រោងអភិវឌ្ឍន៍ជាង ១៣០នៅទូទាំងប្រទេស។ ក្នុងចំណោមទឹកប្រាក់សរុបខាងលើ មានគម្រោងដែលមានទំហំទឹកប្រាក់ប្រមាណ ១ពាន់លានអឺរ៉ូ កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តជាក់ស្តែង។ គម្រោងធំៗដែលលេចធ្លោ គឺម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង៣ដំណាក់កាលនៅភ្នំពេញ គឺជាគម្រោងដ៏ធំបំផុតមួយ ដែលប្រើប្រាស់ទឹកប្រាក់ពី AFD ប្រមាណ ៣៧៦ លានអឺរ៉ូ (ជាង ៤១៨ លានដុល្លារ)។
* គម្រោងអាទិភាព៖ ភាគីទាំងពីរកំពុងជំរុញគម្រោងអាទិភាពមួយចំនួន រួមមាន គម្រោងមន្ទីរ ពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង គម្រោងបំលែងសំណល់ទៅជាថាមពល និងគម្រោងស្តុក ថាមពលវារីអគ្គិសនី៕







































