* ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា អញ្ជើញដើរកម្សាន្តតាមមាត់ទន្លេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ មកកាន់កម្ពុជា
* Fresh Exclusive: កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា៖ ពីឱកាសការទូតប្រវត្តិសាស្ត្រ ដល់ការព្រួយបារម្ភរបស់ថៃ និងការប្រឆាំងពីក្រៅប្រទេស
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦, អ្នកជំនាញបច្ចេកវិទ្យា ជជែកពិភាក្សាគ្នាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ និងកិច្ចការពារទិន្នន័យបុគ្គល
* ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រីភាពកម្ពុជា-បារាំង
* ថៃ ដែលជាសមាជិកសង្កេតការណ៍ មិនត្រូវបានអនុញ្ញាតឲ្យលើកយោបល់ក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគារកម្ពស់៣៤ជាន់មួយទៀត ត្រូវបានសម្ពោធ នៅតំបន់កោះពេជ្រ ជាមួយចក្ខុវិស័យចង់ឱ្យពលរដ្ឋកម្ពុជា ក្លាយជាម្ចាស់ខុនដូបេះដូងនៃទីក្រុងរណប

14-11-2026 18:03

(ភ្នំពេញ)៖ នៅចំពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការសម្របខ្លួន និងការប្រកួតប្រជែងខ្លាំងលើគុណភាព និងតម្លៃ គម្រោងអគារស្នាក់នៅ និងពាណិជ្ជកម្មចម្រុះកម្ពស់ ៣៤ ជាន់ «A-One Residences» របស់ក្រុមហ៊ុន Xijiang Investment Cambo Co., Ltd. ត្រូវបានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះអង្គម្ចាស់ នរោត្តម នរិទ្ធិពង្ស។ ការលេចចេញជារូបរាងនៃគម្រោងនេះ បានបង្ហាញពីទំនុកចិត្តវិនិយោគថ្មីមួយទៀតនៅចំបេះដូងនៃទីក្រុងរណបកោះពេជ្រ តាមរយៈយុទ្ធសាស្ត្រកំណត់តម្លៃសមរម្យ ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនអាចក្លាយជាម្ចាស់កម្មសិទ្ធិលំនៅឋានទំនើប។

ក្នុងព្រះរាជសុន្ទរកថាបើកកម្មវិធី ព្រះអង្គម្ចាស់ នរោត្តម នរិទ្ធិពង្ស បានគូសបញ្ជាក់អំពីសន្ទុះនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅតំបន់កោះពេជ្រ និងសារៈសំខាន់នៃការសាងសង់អគារស្នាក់នៅដែលមានគុណភាព ស្តង់ដារអន្តរជាតិ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទំនើប ដែលជាកត្តាជំរុញដល់ការរីកចម្រើននៃនគរូបនីយកម្មរបស់រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីសម្ពោធដែលមានការចូលរួមពីដៃគូវិនិយោគជាតិ-អន្តរជាតិ និងភ្ញៀវកិត្តិយសជាច្រើនរូប លោកស្រី Chen Hong តំណាងគម្រោង A-One Residences បានលើកឡើងថា មូលហេតុចម្បងដែលនាំឱ្យក្រុមហ៊ុនសម្រេចចិត្តវិនិយោគលើអគារខ្ពស់នេះ គឺដោយសារចក្ខុវិស័យចង់ធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានលទ្ធភាពក្នុងការទិញ និងក្លាយជាម្ចាស់ខុនដូនៅចំបេះដូងនៃទីក្រុងរណបកោះពេជ្រ ក្នុងតម្លៃដ៏សមរម្យ។

លោកស្រីក៏បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា ពុង ខៀវសែ សម្រាប់ចក្ខុវិស័យ ទំនុកចិត្ត និងការជ្រោមជ្រែងដែលធ្វើឱ្យគម្រោងអភិវឌ្ឍន៍មួយនេះលេចចេញជារូបរាងឡើង។ លោកស្រីបានបញ្ជាក់ថា៖ «សមិទ្ធផលទាំងអស់នេះនឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានចក្ខុវិស័យ និងទំនុកចិត្តរបស់ លោកអ្នកឧកញ៉ា ពុង ខៀវសែ»។

លក្ខណៈពិសេស និងសក្តានុពលនៃគម្រោង A-One Residences គឺស្ថិតនៅលើដីកែងនៃវិថីកោះពេជ្រ ចម្ងាយប្រមាណ ៣ នាទីពីស្ពានកោះនរា និង ៥ នាទីពីផ្សារទំនើប AEON Mall Phnom Penh។ អគារនេះបែងចែកជាចំណតរថយន្តក្រោមដី ២ជាន់ (B1–B2), តំបន់ពាណិជ្ជកម្មពីជាន់ទី២ ដល់ទី៥, អាងហែលទឹកលើអាកាស និងក្លឹបហាត់ប្រាណនៅជាន់ទី ៦, យូនីតខុនដូចាប់ពីជាន់ទី ៨ ដល់ទី ២១ និងសណ្ឋាគារចាប់ពីជាន់ទី ២២ ដល់ទី ៣២។ គម្រោងនេះត្រូវបានចុះបញ្ជីពាណិជ្ជកម្មតាំងពីខែឧសភា ឆ្នាំ២០១២ មានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ និងផ្តល់ការផ្ទេរកម្មសិទ្ធិជាប្រភេទប្លង់រឹងសហកម្មសិទ្ធិដល់អតិថិជនជាតិ និងអន្តរជាតិ។ ជាមួយនឹងតម្លៃវិញ ខុនដូ នៃគម្រោង A-One Residences មានតម្លៃចាប់ផ្តើមពី ១,២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ (ឬចាប់ពីជាង ៦ម៉ឺនដុល្លារឡើងទៅក្នុងមួយយូនីត) ជាមួយនឹងការប្រគល់ផ្ទះជូនអតិថិជនក្នុងរយៈពេលត្រឹមតែ៣ខែបន្ទាប់ពីការចុះកិច្ចសន្យាទិញ-លក់ (SPA)។

ដើម្បីពង្រឹងទំនុកចិត្តដល់អ្នកទិញ និងអ្នកវិនិយោគ ក្រុមហ៊ុន Xijiang Investment Cambo បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយដៃគូយុទ្ធសាស្ត្រចំនួនពីរនៅក្នុងពិធីសម្ពោធនោះ រួមមាន៖

១. ក្រុមហ៊ុន PropNex Cambodia ដែលទទួលបន្ទុកជាទីភ្នាក់ងារផ្តាច់មុខលើផ្នែកលក់ និងទីផ្សារសម្រាប់គម្រោងទាំងមូល ដើម្បីជួយសម្រួលដល់អតិថិជន និងក្រុមគ្រួសារនានាក្នុងការស្វែងរកលំនៅឋាន និងការផ្លាស់ប្តូរចូលមករស់នៅប្រកបដោយភាពងាយស្រួល។

២. ក្រុមហ៊ុន WIN Clean Property Management (WCPM) ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យបែបបារាំងដំបូងគេនៅរាជធានីភ្នំពេញ ទទួលបន្ទុកជាដៃគូគ្រប់គ្រង ថែទាំអគារ សេវាសម្អាតប្រកបដោយវិជ្ជាជីវៈ និងសេវាសន្តិសុខ ដើម្បីធានាបាននូវគុណភាពរស់នៅ សោភ័ណភាព និងការរក្សាតម្លៃអចលនទ្រព្យក្នុងរយៈពេលវែង។

ការដាក់សម្ពោធគម្រោងលំនៅឋានតម្លៃសមរម្យនៅតំបន់កោះពេជ្រនាពេលនេះ ធ្វើឡើងស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរក្សាបាននូវភាពធន់ ទោះបីជាកំណើនហាក់មានសភាពយឺតបន្តិចក្តី។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាសរបស់ ធនាគារពិភពលោក (World Bank) ចេញផ្សាយកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានកំណើន ៣,៥% ក្នុងឆ្នាំ២០២៦ និងកើនដល់ ៤,២% នៅឆ្នាំ២០២៧ ខណៈតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថានឹងមានកំណើន ៤,៥%។ ទន្ទឹមគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៣,៩% និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករថានឹងសម្រេចបាន ៤,២% នៅក្នុងឆ្នាំ២០២៦នេះ។

ដោយឡែក សម្រាប់វិស័យអចលនទ្រព្យកម្ពុជា យោងតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៧-២០២៩ របស់រាជរដ្ឋាភិបាល វិស័យនេះត្រូវបានរំពឹងថានឹងមានកំណើនយឺតក្នុងរង្វង់ ០,៦% ប៉ុណ្ណោះក្នុងឆ្នាំ២០២៦។ និន្នាការថមថយនេះបណ្តាលមកពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងផលរំខានរយៈពេលខ្លីពីការបង្ក្រាប និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលបានប៉ះពាល់ដល់សកម្មភាពទិញ-លក់ និងជួលអគារការិយាល័យ ព្រមទាំងអគារប្រើប្រាស់ចម្រុះមួយចំនួន។

ទោះបីជាទីផ្សារអចលនទ្រព្យប្រណីតដែលមានតម្លៃខ្ពស់ នៅបន្តរងសម្ពាធក៏ដោយ ប៉ុន្តែរបាយការណ៍ហិរញ្ញវត្ថុសាធារណៈបានបង្ហាញថា កំណើនជារួមនៃវិស័យនេះនៅតែត្រូវបានគាំទ្រដោយ សកម្មភាពទិញ-លក់ និងជួលអចលនវត្ថុតម្លៃសមរម្យ ទាំងលំនៅឋាន និងខុនដូ។ លើសពីនេះ ការបន្តអនុវត្តវិធានការ ៨ ចំណុចរបស់រាជរដ្ឋាភិបាល ជាពិសេស ការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញ-លក់ និងផ្ទេរកម្មសិទ្ធិលំនៅឋានដែលមានតម្លៃក្រោម ២១ ម៉ឺនដុល្លារអាម៉េរិក គឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញតម្រូវការក្នុងស្រុក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

ជុំវិញនិន្នាការទីផ្សារបច្ចុប្បន្ន លោកស្រី អាន សុធីតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានវិភាគថា ក្នុងឆ្នាំ២០២៦ លំហូរនៃការទិញ-លក់អចលនទ្រព្យនៅតែបន្តមាន ប៉ុន្តែទីផ្សារមានភាពរឹតត្បិត និងមានការជ្រើសរើសខ្ពស់ជាងឆ្នាំមុន។ លោកស្រីបានពន្យល់ថា អចលនទ្រព្យដែលអាចលក់ចេញបានក្នុងកាលៈទេសៈនេះ ត្រូវតែជាទ្រព្យដែលមានគុណភាព និងស្ថិតនៅទីតាំងល្អ ដែលអាចឱ្យអ្នកទិញប្រើប្រាស់សម្រាប់បង្កើតអាជីវកម្ម ឬទទួលបានផលចំណេញពីការជួលត្រឡប់មកវិញ។

ស្របគ្នានេះដែរ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានផ្តល់ទស្សនៈវិភាគស៊ីជម្រៅលើរចនាសម្ព័ន្ធទីផ្សារអចលនទ្រព្យកម្ពុជាថា ស្ថានភាពទីផ្សារបច្ចុប្បន្នមានភាពខុសប្លែកគ្នាខ្លាំងទៅតាមប្រភេទនៃអចលនទ្រព្យ។ លោកបណ្ឌិតបានពន្យល់ថា អចលនទ្រព្យប្រភេទដីឡូត៍ និងផ្ទះល្វែង កំពុងជួបប្រទះនឹងវិបត្តិនៃការផ្គត់ផ្គង់លើសពីតម្រូវការ ដែលធ្វើឱ្យអចលនទ្រព្យប្រភេទនេះពុំមានកំណើនឡើយ និងត្រូវបានរំពឹងថានឹងបន្តជាប់គាំងរហូតដល់រយៈពេលលើសពី ៥ឆ្នាំទៅមុខទៀត។ លោកបានលើកឧទាហរណ៍ជាក់ស្តែងថា ផ្ទះល្វែងដែលសាងសង់នៅចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ ភាគច្រើនត្រូវបានទិញក្នុងគោលបំណងទុកលក់យកចំណេញតាមចរន្តទីផ្សារ ជាជាងការទិញដើម្បីស្នាក់នៅពិតប្រាកដ ព្រោះការរស់នៅឆ្ងាយពីកន្លែងធ្វើការធ្វើឱ្យពលរដ្ឋត្រូវចំណាយថ្លៃធ្វើដំណើរខ្ពស់ ដែលបើបូកសរុបក្នុងរយៈពេល ២០ ទៅ ៣០ឆ្នាំ ការចំណាយលើការធ្វើដំណើរនោះអាចស្មើនឹងពាក់កណ្តាលនៃប្រាក់បៀវត្សរ៍របស់ពួកគាត់ទៅហើយ។

ផ្ទុយទៅវិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា អគារខ្ពស់ៗដែលស្ថិតនៅក្នុងទីតាំងល្អៗកណ្តាលទីប្រជុំជន នៅតែបន្តមានដំណើរការ និងសក្តានុពលកំណើន ដោយសារតែអគារប្រភេទនេះប្រើប្រាស់ផ្ទៃដីតូច ប៉ុន្តែផ្តល់ភាពងាយស្រួលខ្ពស់ដល់ការរស់នៅ ការធ្វើដំណើរ និងការប្រកបអាជីវកម្ម ព្រោះស្ថិតនៅជិតផ្សារ និងតំបន់ពាណិជ្ជកម្មសំខាន់ៗ។ កត្តាទាំងនេះហើយដែលធ្វើឱ្យគម្រោងអគារពាណិជ្ជកម្ម អគារការិយាល័យ និងខុនដូស្នាក់នៅក្នុងទីប្រជុំជនមួយចំនួន នៅតែមានតម្រូវការជាក់ស្តែង និងបន្តបើកសម្ពោធដំណើរការជាបន្តបន្ទាប់។

ជាក់ស្តែង តំបន់ដែលមានតម្រូវការប្រើប្រាស់ពិតប្រាកដ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អ ដូចជាតំបន់មហាវិថីសម្តេចតេជោ (ផ្លូវ ៦០ម៉ែត្រ) និងតំបន់ទីក្រុងរណបកោះពេជ្រ នៅតែរក្សាបាននូវភាពទាក់ទាញ និងសក្តានុពលបង្កើតចំណូល។ ក្នុងន័យនេះ ការដាក់ចេញនូវយូនីតខុនដូ A-One Residences ដែលមានប្លង់រឹងស្របច្បាប់ អាចចូលរស់នៅបានឆាប់រហ័ស និងមានតម្លៃចាប់ពីជាង ៦ ម៉ឺនដុល្លារ (ស្ថិតក្រោមពិដានលើកលែងពន្ធប្រថាប់ត្រា ២១ ម៉ឺនដុល្លារ) ត្រូវបានអ្នកជំនាញមើលឃើញថា ជាការឆ្លើយតបយ៉ាងចំគោលដៅទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនក្នុងស្រុក និងវិនិយោគិនដែលកំពុងស្វែងរកទ្រព្យសកម្មមានសុវត្ថិភាពខ្ពស់នៅកណ្តាលរាជធានីភ្នំពេញ៕