គណៈប្រតិភូកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ទស្សនកិច្ចរោងចក្រទឹកស្អាតបាក់ខែង និងពិភាក្សាអំពីឱកាសដែលកម្ពុជា និងដៃគូ អាចពង្រីកបទពិសោធន៍ផ្គត់ផ្គង់ទឹកស្អាត (Video inside)
15-11-2026 08:05
(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលស្វាគមន៍គណៈប្រតិភូនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។ រោងចក្រនេះជាគម្រោងឈានមុខមួយនៃកិច្ចសហប្រតិបត្តិការកម្ពុជា–បារាំង ដែលកំពុងពង្រីកការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ។
គណៈប្រតិភូរួមមានតំណាងមកពីប្រទេសសមាជិកហ្វ្រង់កូហ្វូនីជាច្រើន រួមទាំងកម្ពុជា និងបារាំង ព្រមទាំងតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។
ឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីក៏បានទទួលជួបគណៈប្រតិភូបារាំង ដើម្បីពិភាក្សាអំពីឱកាសដែលកម្ពុជា និងដៃគូអាចពង្រីកបទពិសោធន៍នៃការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ ទៅកាន់តំបន់ផ្សេងៗទៀតនៅទូទាំងប្រទេស។
លោក ហែម វណ្ណឌី បានលើកឡើងថា «ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព គឺជាសេវាសាធារណៈដ៏ចាំបាច់សម្រាប់ការពារសុខភាពប្រជាពលរដ្ឋ និងលើកកម្ពស់អនាម័យ។ សេវានេះក៏ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនឧស្សាហកម្មផងដែរ។ ខណៈដែលរាជធានីភ្នំពេញកំពុងរីកចម្រើន រោងចក្រ សហគ្រាស និងអាជីវកម្មនានា ត្រូវការទឹកស្អាតដើម្បីរក្សាដំណើរការផលិតកម្ម និងអាជីវកម្ម ព្រមទាំងវិនិយោគ និងពង្រីកប្រតិបត្តិការ»។
ទន្ទឹមគ្នានេះ លោកបានថ្លែងអំណរគុណដល់សមភាគីបារាំង ចំពោះកិច្ចសហការគាំទ្រអស់រយៈពេលជាងបីទសវត្សរ៍កន្លងមក ដោយបន្ថែមថា «យើងចង់ឱ្យតំបន់ផ្សេងទៀត ទទួលបានផលប្រយោជន៍ស្រដៀងគ្នានឹងជោគជ័យនៅទីក្រុងភ្នំពេញដែរ»។
លោក Tristan-Aurel Mouline អគ្គនាយករងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានលើកឡើងថា «បាក់ខែងបង្ហាញពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងបារាំងអាចសម្រេចបានរួមគ្នាក្នុងវិស័យទឹកស្អាត។ យើងមានមោទនភាពចំពោះសមិទ្ធផលនេះសម្រាប់រាជធានីភ្នំពេញ ហើយយើងចង់បន្តការងារនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែច្រើន នៅតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា អាចទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព»។
រោងចក្រទឹកស្អាតបាក់ខែងគឺជារោងចក្រទឹកស្អាតធំបំផុតរបស់កម្ពុជា។ ការសាងសង់រោងចក្រនេះមានបីដំណាក់កាល ដែលមានតម្លៃសរុបប្រមាណ ៦៦០ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីភាគីបារាំងតាមរយៈ AFD សហភាពអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ដំណាក់កាលទី១ និងទី២ ត្រូវបានបញ្ចប់ និងកំពុងដំណើរការរួចហើយ ខណៈដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧ ដែលនឹងពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រនេះដល់ ៥៨៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ឬជិតពាក់កណ្តាលនៃសមត្ថភាពផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕




























