* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦ (Video inside)

15-11-2026 15:26

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែកក្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជាអធិប​តី​បើកព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦ (FrancoTech

2026) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និ​បាត និងពិព័រណ៍អន្តរជាតិ​កោះពេជ្រ។

ក្នុងពិធីបើកផ្លូវការនារសៀលថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេស​មួយ​ចំនួន ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាទាំងនៅកម្ពុជា និងបណ្តាប្រទេសសមាជិកអង្គការ​ហ្វ្រង់​កូ​ហ្វូនី។

ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) គឺជាព្រឹត្តិការណ៍អមដ៏សំខាន់នៃកិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍នេះប្រព្រឹត្ត​ទៅ​ចាប់​​ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ A-F រាជធានីភ្នំពេញ។

គោលបំណងនៃព្រឹត្តិការណ៍នេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញនវានុវត្តន៍ក្នុងវិស័យ​បច្ចេក​វិទ្យា និងឌីជីថល ក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» ព្រឹត្តិ​ការណ៍នេះ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងកិច្ចការ​នារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ រួមជាមួយដៃគូពាក់ព័ន្ធ។

ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំដោយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំ អ្នកជំនាញ ក្រុមហ៊ុន​បច្ចេកវិទ្យា វិនិយោគិន និងធុរកិច្ចថ្មីមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីចែករំលែកចំណេះ​ដឹង បទពិសោធ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេក​វិទ្យា និងវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីនិងអាស៊ាន។

ព្រឹត្តិការណ៍នេះមានកម្មវិធីសំខាន់ៗ ដូចជា ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍, ការប្រកួតប្រជែង​នវា​នុវត្តន៍​ឌីជីថល, វេទិកាវិនិយោគ, ការផ្គូផ្គងធុរកិច្ច នឹងវេទិកាពិភាក្សា។ កម្មវិធីទាំងនេះ ផ្តោតលើវេទិកា​ស្នូល​ចំនួន ៧ រួមមានដូចជា៖

វេទិកាទី១៖ កាលានុវត្តភាព និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI)៖ មានគោលបំណងដើម្បី​ពិនិត្យ​យុទ្ធសាស្ត្រគាំទ្រ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដោយធ្វើឱ្យមានតុល្យភាពរវាងការទទួលខុសត្រូវ នវា​នុវត្ត​ន៍ សមត្ថភាពប្រកួតប្រជែង និងការគ្រប់គ្រងហានិភ័យផ្នែកសីលធម៌។ កិច្ចពិភាក្សានេះនឹងផ្តោតលើ​អភិ​បាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយអធិបតេយ្យភាព ការការពារទិន្នន័យផ្ទាល់ខ្លួន ភាពលម្អៀងនៃ​ក្បួន​ដោះស្រាយ (Algorithmic Bias) ព្រមទាំងការធានាឱ្យមានការចូលរួមប្រកប​ដោយសម​ធម៌​នៃ​ភាសា និងវប្បធម៌ក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង (Francophone) ដែលធនធាន និងការគាំទ្រ​នៅមានកម្រិត។

វេទិកាពិភាក្សាទី២៖ វេទិការដ្ឋមន្ត្រីស្ដីពីរដ្ឋាភិបាលឌីជីថល៖ មានគោលបំណងដើម្បីប្រមូលផ្ដុំរដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំរដ្ឋាភិបាលមកពីអាស៊ាន អឺរ៉ុប និងអាហ្វ្រិក ដើម្បីផ្លាស់ប្ដូរពីការធ្វើឱ្យការ​ងារមាន​លក្ខណៈ​ឌីជីថល ទៅជាការក្លាយជារដ្ឋាភិបាលឌីជីថល។ ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ដែលអាច​ពង្រីកបាន ភាពអាចធ្វើអន្តរប្រតិបត្តិការ អត្តសញ្ញាណឌីជីថល ការសម្របខ្លួនវេទិកា​សាធារ​ណៈឆ្លងព្រំដែន និងការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យសាធារណៈ។

វេទិកាពិភាក្សាទី៣៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ៖ ពិភាក្សា ផ្តោតលើបរិវត្តកម្មប្រព័ន្ធទូទាត់ឌីជីថល ដោយយកប្រព័ន្ធទូទាត់ ប្រាក់បាគង (Bakong) របស់កម្ពុជា និងគំរូបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិជាមូលដ្ឋាន ក្នុងការពង្រីកសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនដែល​ពុំទាន់​​ទទួលបានសេវាហិរញ្ញវត្ថុ គ្រប់គ្រាន់ និងសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ព្រម​ទាំង​ធានានូវការ ការពារសន្តិសុខសាយប័រ អន្តរប្រតិបត្តិការ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។

វេទិកាពិភាក្សាទី៤៖ បច្ចេកវិទ្យាកសិកម្ម និងសន្តិសុខស្បៀង៖ កិច្ចពិភាក្សានេះផ្តោតលើទំនើបកម្មបច្ចេក​វិទ្យាដែលពង្រឹងផលិតភាពនិងភាពធន់នៃ វិស័យកសិកម្ម ដែលរួមមានកសិកម្មជាក់លាក់ (precision farming), បច្ចេកវិទ្យា IOT, ជីវបច្ចេកវិទ្យា (biotechnology) បច្ចេកទេសកែច្នៃទំនើប (proces​sing advances) និង ប្រព័ន្ធឌីជីថលសម្រាប់តាមដានប្រភពគ្រប់ពូជដែលមានតម្លៃខ្ពស់ ដើម្បីធានា​ថា ផលិតផលសិកម្មទាំងអស់បំពេញតាមស្តង់ដានាំចេញអន្តរជាតិ។

វេទិកាពិភាក្សាទី៥៖ ធុរកិច្ចថ្មីឌីជីថល និងនវានុវត្តន៍៖ វេទិកាពិភាក្សារវាងស្ថាបនិក មជ្ឈមណ្ឌលគាំទ្រ​បច្ចេក​វិទ្យា និងវិនិយោគិន ស្តីពីការពង្រីកវិសាលភាពរបស់សហគ្រាសធុរកិច្ចថ្មីឌីជីថល​ទៅកាន់ទីផ្សារ​អន្តរជាតិ តាមរយៈការប្រើប្រាស់ច្រកតភ្ជាប់ទីផ្សារឆ្លងដែន និងការតភ្ជាប់មជ្ឈមណ្ឌលនវានុវត្តន៍ ក្នុង​តំបន់អាស៊ានទៅកាន់បណ្តាញនៃសហគមន៍ដែលប្រើប្រាស់ភាសាបារាំង។

វេទិកាពិភាក្សាទី៦៖ ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យបញ្ញាសប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ៖ វេទិកាពិភាក្សានេះមានគោលបំណងលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការចូលរួមប្រកបដោយ​អត្ថន័យ​របស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ និងអភិបាលកិច្ចឌីជីថល។ កិច្ចពិភាក្សានេះនឹងផ្តោតលើ ភាពលំអៀង​នៃ​ក្បួនដោះស្រាយ (algorithmic bias) ការលើកកម្ពស់ជំនាញឌីជីថល សុវត្ថិភាពតាមប្រព័ន្ធអន​ឡាញ និងការទទួលបាន ហិរញ្ញប្បទានសម្រាប់សហគ្រិនភាពក្នុងបណ្តាប្រទេស​ប្រើប្រាស់ភាសា​បារាំង​។

វេទិកាពិភាក្សាទី៧៖ បេតិកភណ្ឌរស់ក្នុងយុគសម័យឌីជីថល (បច្ចេកវិទ្យាសម្រាប់វិស័យទេសចរណ៍ និង​វប្បធម៌)៖ វេទិកាពិភាក្សានេះ ស្វែងយល់អំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបែបនិម្មិត (AR/VR/XR), ការគ្រប់គ្រងគោលដៅទេសចរណ៍ដោយប្រើប្រាស់បញ្ញាសប្បនិម្មិត (AI), ការរក្សាទុកនិងចងក្រង​ឯក​សារបេតិកភណ្ឌតាមប្រព័ន្ធឌីជីថល ព្រមទាំង ការប្រើប្រាស់កម្មវិធីមានពហុភាសាដែលជួយលើកកម្ពស់​បទ​ពិ​សោធន៍របស់ភ្ញៀវ ទេសចរណ៍ និងថែរក្សាកម្មសិទ្ធិជាម្ចាស់នៃសហគមន៍មូលដ្ឋាន និងទ្រង់ទ្រាយ​ដើម នៃបេតិកភណ្ឌ៕