* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន៖ ភាពជោគជ័យធុរកិច្ចត្រូវផ្សារភ្ជាប់នឹងទំនួលខុសត្រូវសង្គម និងតម្លាភាពព័ត៌មាន

15-11-2026 16:51

(ភ្នំពេញ)៖ លោក ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ធុរកិច្ចមិនគួរត្រូវបានវាស់វែងត្រឹមតែសមិទ្ធផលហិរញ្ញវត្ថុ និងប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវឆ្លុះបញ្ចាំងតាមរយៈការទទួលខុសត្រូវចំពោះសង្គម បរិស្ថាន ការប្រកាន់ខ្ជាប់ក្រមសីលធម៌ តម្លាភាព និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវផងដែរ។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ «Great ASEAN CSR Business Award 2026» នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងធុរកិច្ច អ្នកវិនិយោគ និងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសនានា។

លោក ហ៊ីវ ជននាថ បានលើកឡើងថា ពានរង្វាន់នេះមិនត្រឹមតែជាវេទិកាទទួលស្គាល់ឧត្តមភាពក្នុងវិស័យធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំពោះសហគ្រាស និងអ្នកដឹកនាំដែលប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវសង្គម ក្រមសីលធម៌វិជ្ជាជីវៈ ការប្តេជ្ញាចិត្តចំពោះសហគមន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក ហ៊ីវ ជននាថ បានបញ្ជាក់ថា ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចសកល វិស័យធុរកិច្ចទទួលបានឱកាសរីកចម្រើនកាន់តែធំធេង ប៉ុន្តែក៏មានទំនួលខុសត្រូវកាន់តែខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដូចជា ការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន វិសមភាពសង្គម និងការអនុវត្តធុរកិច្ចប្រកបដោយក្រមសីលធម៌។

លោកបានសង្កត់ធ្ងន់ថា ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (Corporate Social Responsibility – CSR) មិនមែនមានន័យត្រឹមតែការបរិច្ចាគថវិកា ឬសកម្មភាពសប្បុរសធម៌នោះទេ ប៉ុន្តែគឺជាការដាក់បញ្ចូលគោលការណ៍សង្គម បរិស្ថាន និងក្រមសីលធម៌ទៅក្នុងយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ដោយធានាការប្រព្រឹត្តចំពោះបុគ្គលិកដោយយុត្តិធម៌ គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ការពារបរិស្ថាន និងរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម។

ពាក់ព័ន្ធនឹងការអភិវឌ្ឍនៅកម្ពុជា លោក ហ៊ីវ ជននាថ បានលើកឡើងថា វិស័យឯកជនគឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ទាក់ទាញការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងជំរុញនវានុវត្តន៍។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកដឹកនាំធុរកិច្ចឱ្យប្រកាន់ខ្ជាប់គោលការណ៍ CSR និងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដើម្បីកសាងសហគ្រាសដែលមានភាពធន់ បង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ និងបង្កើតតម្លៃប្រកបដោយចីរភាពក្នុងរយៈពេលវែង។

ជាមួយគ្នានេះ ដោយភ្ជាប់ទៅនឹងវិស័យព័ត៌មាន លោក ហ៊ីវ ជននាថ បានគូសបញ្ជាក់ថា ក្នុងសង្គមដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ព័ត៌មានមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការបង្កើតការយល់ឃើញរបស់សាធារណជន ទំនុកចិត្តលើធុរកិច្ច និងការអភិវឌ្ឍសង្គម។ ដូច្នេះ តម្លាភាព ភាពត្រឹមត្រូវ គណនេយ្យភាព និងការប្រាស្រ័យទាក់ទងប្រកបដោយក្រមសីលធម៌ គឺជាធាតុផ្សំមិនអាចខ្វះបាននៃភាពជាអ្នកដឹកនាំប្រកបដោយទំនួលខុសត្រូវ។

លោក ហ៊ីវ ជននាថ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ គួរត្រូវបានចាត់ទុកជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដោយសារព័ត៌មានមិនពិត ព័ត៌មានបំភាន់ ការផ្សាយពាណិជ្ជកម្មបោកបញ្ឆោត និងការប្រើប្រាស់បណ្តាញទំនាក់ទំនងឌីជីថលដោយគ្មានការទទួលខុសត្រូវ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់សាធារណជន និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន។ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមិនគួរត្រូវបានកសាងឡើងតាមរយៈការផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញតែមួយមុខនោះទេ ប៉ុន្តែត្រូវផ្អែកលើសកម្មភាពជាក់ស្តែង ព័ត៌មានគួរឱ្យទុកចិត្ត ក្រមសីលធម៌ និងទំនុកចិត្តដែលទទួលបានពីសង្គម។

លើសពីនេះ លោក ហ៊ីវ ជននាថ បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដូចជា ការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ការអភិវឌ្ឍបច្ចេកវិទ្យា និងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវ។ ឯកឧត្តមបានអំពាវនាវឱ្យអ្នកដឹកនាំធុរកិច្ចក្នុងតំបន់ពង្រឹងភាពជាដៃគូ ចែករំលែកចំណេះដឹង អភិវឌ្ឍធនធានមនុស្ស និងវិនិយោគលើការអនុវត្តប្រកបដោយចីរភាព ដើម្បីរួមចំណែកដល់ភាពរឹងមាំ និងវិបុលភាពរួមរបស់អាស៊ាន។

ចំពោះពានរង្វាន់ «Great ASEAN CSR Business Award 2026» លោកបានបញ្ជាក់ថា ការទទួលស្គាល់នេះមានអត្ថន័យលើសពីពានរង្វាន់ ឬវិញ្ញាបនបត្រ ព្រោះវាជាការលើកទឹកចិត្តដល់អង្គភាព និងអ្នកដឹកនាំដែលបានបង្ហាញការប្តេជ្ញាចិត្តលើសពីផលប្រយោជន៍ពាណិជ្ជកម្ម ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ ការពារបរិស្ថាន ផ្តល់ឱកាសដល់ប្រជាជន និងរួមចំណែកជាក់ស្តែងដល់សង្គម៕