ក្រុមអ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិបើកកិច្ចពិភាក្សា រកដំណោះស្រាយ និងលើកកម្ពស់សេវាហិរញ្ញវត្ថុសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
15-11-2026 17:02
(ភ្នំពេញ)៖ នៅកិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 អ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិ បានបើកកិច្ចពិភាក្សា លើប្រធានបទ «The Missing Majority: Designing Finance for Informal Economies» ដោយផ្តោតលើការរៀបចំប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលប្រធានបទនេះមានសារៈសំខាន់ណាស់ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកដែលកំពុងប្រកបរបរក្នុងវិស័យក្រៅប្រព័ន្ធ។
អ្នកជំនាញឈានមុខគេជាច្រើនរូបក្នុងវិស័យហិរញ្ញវត្ថុ រួមមាន លោក Gautam Bhardwaj សហស្ថាបនិក Universal Pensions Pte. Ltd., លោក Tola Ponlok នាយកប្រតិបត្តិ Prudential (Cambodia) Life Assurance PLC, លោក Toch Chaochek ស្ថាបនិក Liquid Group Pte Ltd, លោក Khun Frandara នាយកប្រតិបត្តិ TrueMoney Cambodia, លោក Kea Borann នាយកប្រតិបត្តិ AMK Microfinance Institution Plc, លោក Suy Sekleang នាយកប្រតិបត្តិ Satficers Bank, លោក H.E. Chankiriroth Sho ស្ថាបនិក Bonbji, លោកបណ្ឌិត Yanan Wu ស្ថាបនិក Sarin Meta Digital Technology Pte. Ltd., លោក Ratana Phurik-Callebaut អ្នកឯកទេសវិនិយោគ និងហិរញ្ញវត្ថុ ACLEDA Bank, លោក Amitabh Singh ប្រធានក្រុមប្រឹក្សាធានារ៉ាប់រង FWD Insurance និងលោក Niraj Gupta ស្ថាបនិក Floluy បានចូលរួមពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយនានា។
ការពិភាក្សាបានគូសបញ្ជាក់ពីតម្រូវការក្នុងការបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រកបអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
នាកិច្ចពិភាក្សានោះ ក្រុមអ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍសេវាហិរញ្ញវត្ថុដែលសមស្របសម្រាប់ប្រជាជនដែលមានចំណូលមិនទៀងទាត់ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាជាដើម។ ការពិភាក្សាបានផ្តោតលើការរីកចម្រើននៃធនាគារឌីជីថល ធនាគារសហគមន៍ និងផលិតផលធានារ៉ាប់រង ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមនេះ។
អ្នកជំនាញបានគូសបញ្ជាក់ថា អ្នករកចំណូលមិនទៀងទាត់ ដូចជាកសិករ ម្ចាស់អាជីវកម្មខ្នាតតូច អ្នកបើកបរតុកតុក ឬអ្នកលក់ដូរតាមដងផ្លូវ គឺជាផ្នែកដ៏ធំមួយនៃសេដ្ឋកិច្ច។ ទោះបីជាពួកគេមានចំណូលមិនទៀងទាត់ក៏ដោយ ក៏ពួកគេនៅតែត្រូវការការការពារផ្នែកហិរញ្ញវត្ថុ និងឱកាសក្នុងការសន្សំសម្រាប់អនាគត។ ដំណោះស្រាយរួមបញ្ចូលគ្នា ដែលរួមមានទាំងការសន្សំប្រាក់សោធននិវត្តន៍ និងការធានារ៉ាប់រង ត្រូវបានគេមើលឃើញថាជាគន្លឹះដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។
ជាមួយគ្នានេះ អ្នកជំនាញបាន លើកឡើងពីបទពិសោធន៍ពីកម្មវិធីសន្សំប្រាក់សោធននិវត្តន៍ដោយស្ម័គ្រចិត្តនៅក្នុងប្រទេសឥណ្ឌា និងរវ៉ាន់ដា ដោយបានបង្ហាញថា ការចូលប្រើប្រាស់ងាយស្រួល តម្លៃទាប និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាកត្តាសំខាន់ក្នុងការលើកទឹកចិត្តប្រជាជនឱ្យសន្សំ។ ការបង្កើតប្រព័ន្ធដែលអនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចបង្កើតគណនី និងចាប់ផ្តើមបង់ប្រាក់យ៉ាងងាយស្រួលតាមរយៈឧបករណ៍ណាមួយ គឺជាគំរូដ៏មានប្រសិទ្ធភាព។
ការធានាថាអ្នកមានចំណូលមិនទៀងទាត់ទទួលបានការការពារហិរញ្ញវត្ថុគ្រប់គ្រាន់ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកាត់បន្ថយភាពងាយរងគ្រោះ និងការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចសង្គម៕












