* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ

15-11-2026 20:14

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋបារាំង ក៏ដូចជា លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងផ្ទាល់ ដែលបានខិតខំប្រឹងប្រែងជួយសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវិធី ជុំវិញស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្រកាន់ខ្ជាប់របស់ លោកប្រធានាធិបតី លើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។

ការថ្លែងអំណរគុណ និងបញ្ជាក់ជំហរជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការនានា នារសៀលថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងកិច្ចការតំបន់ និងអន្តរជាតិ កម្ពុជា និងបារាំង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។

ដោយឡែក ពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តមោះមុតរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងន័យនេះ ខ្ញុំសូមអរគុណដល់ប្រទេសបារាំង ក៏ដូចជាលោកប្រធានាធិបតីផ្ទាល់ ដែលបានខិតខំស្វែងរកក្នុងការសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសយើងទាំងពីរ»។

បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះ លោកប្រធានាធិបតី ម៉ាក្រុង សម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគឺការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។

គួររំលឹកជូនថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដដែលនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងជម្រាបជូនមេដឹកនាំនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនីអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ ដោយសម្តេចបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុនឡើយ ហើយគ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (Faits Accomplis) នោះទេ ខណៈការគោរពច្បាប់អន្តរជាតិ គឺជាការធានាសន្តិសុខដល់គ្រប់បណ្តារដ្ឋទាំងតូចទាំងធំ៕