* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩

15-11-2026 20:17

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបញ្ចប់កិច្ចពិភាក្សាផ្លូវការ និងបានកំណត់អាទិភាពសម្រាប់ភាពជាដៃគូកម្រិតថ្មី ដែលនឹងក្លាយជាត្រីវិស័យសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះសេចក្តីប្រកាសនយោបាយរួម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៩ ដែលគ្របដណ្ដប់លើវិស័យសំខាន់ៗជាច្រើន រួមមានសេដ្ឋកិច្ច ការឆ្លើយតបបញ្ហាប្រឈមសន្តិសុខសកល និងការផ្លាស់ប្ដូររវាងប្រជាជន។ កិច្ចព្រមព្រៀងទាំងនេះ គឺជាឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងច្រើនជាមួយដៃគូក្នុងពេលតែមួយ។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្រយូរអង្វែងរបស់បារាំង ជាពិសេសទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ចាប់តាំងពីឆ្នាំ១៩៩៣។ កិច្ចព្រមព្រៀងវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រដូចជា ថាមពល សុខាភិបាល ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម នឹងបង្កើតឱកាសថ្មីៗដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។ លើសពីនេះ ប្រទេសទាំងពីរនឹងបន្តកិច្ចប្រតិបត្តិការយោធារួមគ្នាក្នុងការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព ព្រមទាំងពង្រឹងកិច្ចសហការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខឆ្លងដែន រួមមានឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងវិស័យវប្បធម៌ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់បារាំងក្នុងការអភិវឌ្ឍ និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ ជាពិសេសការជួសជុលប្រាសាទមេបុណ្យខាងលិច។ ព្រះករុណា ព្រះមហាក្សត្រ និងប្រធានាធិបតី ម៉ាក្រុង នឹងយាង និងអញ្ជើញចូលរួមធ្វើអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលនេះនៅសៀមរាបនៅថ្ងៃស្អែក។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញារបស់ប្រធានាធិបតី ម៉ាក្រុង ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ។ លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនេះ បានផ្ដល់នូវកម្លាំងចលករថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង ដែលជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ៕