* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រោមម្លប់សុខសន្តិភាព និងមោទនភាពនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ វត្តបាកានប្រារព្ធពិធីបុណ្យកឋិនទានសមាគម ប្រមូលបច្ច័យបានជិត ៥០លានរៀល

15-11-2026 21:21

(ពោធិ៍សាត់)៖ ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស មានឱកាសប្រារព្ធពិធីបុណ្យទាន និងពិធីសាសនានានាប្រកបដោយសេចក្ដីសោមនស្សរីករាយ។ ជាក់ស្ដែង នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ពិធីបុណ្យកឋិនទានសមាគមមួយ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅវត្តបាកាន (វត្តព្រះពុទ្ធរូបបែរព្រះភ័ក្រ្តទៅទិសខាងលិច) ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការប្រារព្ធពិធីបុណ្យដ៏ឧដ្ដុង្គឧដ្ដមនេះ ក៏ធ្វើឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលជាមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ លើឆាកអន្តរជាតិ។

អង្គកឋិនទានសមាគមនេះ ផ្ដួចផ្ដើមឡើងដោយពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងក្នុង និងក្រៅខេត្ត ក្នុងគោលបំណងវេរត្រ័យចីវរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត។ ពិធីដង្ហែប្រទក្សិណ៣ជុំព្រះវិហារ បានប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីម្ចាស់ត្រ័យ ដូនជី តាជី និងពុទ្ធបរិស័ទគ្រប់ទិសទី និងវត្តមានលោកវរសេនីយ៍ឯក ដោក យ៉េត ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ផងដែរ។

ក្នុងឱកាសនោះ លោកអាចារ្យវត្ត បានពន្យល់ពីអត្ថន័យនៃបុណ្យកឋិនទានថា តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយគូសបញ្ជាក់ថា បុណ្យកឋិនទានអាចប្រារព្ធធ្វើបានតែក្នុងរយៈពេល២៩ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយក្នុងមួយឆ្នាំ វត្តនីមួយៗអាចទទួលកឋិនបានតែម្ដងគត់។ ការនាំយកសំពត់ចីវរមកវេរប្រគេនភិក្ខុសង្ឃ ដែលបានចាំព្រះវស្សារួច ប្រកបដោយភាពត្រឹមត្រូវតាមពុទ្ធវិន័យ នឹងនាំមកនូវអានិសង្សដ៏ធំធេង ទាំងចំពោះទាយក ទាយិកា និងព្រះសង្ឃអ្នកទទួលក្រាលគ្រង។

ជាលទ្ធផល តាមរយៈសទ្ធាជ្រះថ្លា និងស្មារតីមហាសាមគ្គីរបស់ពុទ្ធបរិស័ទមកពីគ្រប់ទិសទី អង្គកឋិនទានសមាគមនេះ ប្រមូលបច្ច័យសរុបបានចំនួន ៤៨,២០០,០០០រៀល និង៣៩០ដុល្លារសហរដ្ឋអាមេរិក។ បច្ច័យទាំងនេះ ត្រូវបានបែងចែកសម្រាប់ប្រើប្រាស់ ដូចខាងក្រោម៖

*ប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ចំនួន ១៤,០០០,០០០រៀល។

*បច្ច័យកសាង ចំនួន ៣៤,០០០,០០០រៀល (សម្រាប់ប្រើប្រាស់រួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្ត)។

ជាកិច្ចបញ្ចប់ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានមានថេរដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងពិធីបុណ្យកឋិនទាននេះ។ ព្រះអង្គក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបារមីព្រះពុទ្ធរូបបែរព្រះភ័ក្រ្តទៅទិសខាងលិច នៅវត្តបាកានផ្ទាល់ សូមតាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងបន្តរស់នៅក្រោមម្លប់សន្តិភាពជារៀងរហូតតទៅ។

ជាពិសេស ក្នុងបរិយាកាសដ៏មានសារៈសំខាន់នេះ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ក៏សូមបួងសួង និងជូនពរឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំនាវាកម្ពុជា និងឆាប់បានដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមយន្តការច្បាប់អន្តរជាតិ ដើម្បីធានាបាននូវបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍជាអចិន្ត្រៃយ៍៕