ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍
16-11-2026 14:47
(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារវ៉ៃគោ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
សិក្ខាសាលានេះមានការចូលរួមពីលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ (គ.ដ.ន.ជ) ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ លោក បេងហុង សុជាតិ ខេមរ៉ូ បានថ្លែងថា សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន លើការងាររៀបចំដែនដី និងនគរូបនីយកម្ម សំដៅធ្វើឱ្យប្រសើរឡើងនូវការអនុវត្តផែនការរូបវន្តគ្រប់កម្រិត រួមមាន ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី។
ជាមួយគ្នានេះ លោកសរ សុដានី អភិបាលរងខេត្តបានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ.ដ.ន.ជ ដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។
លោកបានបញ្ជាក់ថា សិក្ខាសាលាបំពាក់បំប៉នសមត្ថភាពស្តីពី "ការងាររៀបចំដែនដី និងនគរូបនីកម្ម" រៀបចំដោយអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីកម្មថ្នាក់ជាតិ (គ.ដ.ន.ជ)។
លោកបានបន្ថែមថា ការងាររៀបចំដែនដីជាកិច្ចការដែលរដ្ឋបាលខេត្ត រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវូយកចិត្តទុកដាក់រៀបចំផែនការ ដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ដោយផ្សារភ្ជាប់ទៅនឹងផែនការអទិភាពក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់យើង។
លោកបានបន្តថា អ្វីដែលយើងជាអជ្ញាធរត្រូវយកចិត្តទុកដាក់គឺការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយទីប្រជុំជន ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនទៅថ្ងៃអនាគត ត្រូវការការពារ និងរំដោះដីចំណីផ្លូវ ដីចំណីបឹងបួរ អាងទឹក ព្រែក ស្ទឹង ទន្លេ ទប់ស្កាត់ការទន្ទ្រានដោយខុសច្បាប់មកលើដីសាធារណៈរបស់រដ្ឋ ត្រូវសិក្សារៀបចំលំហរសាធារណៈនៅតាមភូមិ ឃុំ សង្កាត់ ស្រុក ដើម្បីឲ្យក្លាយជាកន្លែងសម្រាប់ផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្លាយជាកន្លែងទាក់ទាញទេសចរណ៍សម្រាកកម្សាន្តស្រូបយកខ្យល់អាកាស កន្លែងហាត់ប្រាណ និងប្រែក្លាយភូមិឋានរបស់យើងទៅជាភូមិឋានក្សេមក្សាន្ត សុខដុមរមនាជាអចិន្ត្រៃយ៍។
លោកបានបន្តថា ជាការពិតណាស់ ក្រោមមនុញ្ញផល ដែលជាផ្លែផ្កា នៃសុខសន្តិភាព និងក្របខ័ណ្ឌ គោលនយោបាយដ៏ត្រឹមត្រូវ មុតស្រួច ចំទិសដៅរបស់រាជរដ្ឋាភិបាលដែលបានកំណត់ដាក់ចេញ ទាំងនៅក្នុងអាណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំដែនធ្លាប់ជាតំបន់សមរភូមិ និង រងគ្រោះយ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃសង្គ្រាមកាលពីអតីតកាល និងមានការអភិវឌ្ឍតិចតួច ក្លាយជា ខេត្តមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរឲ្យកត់សម្គាល់ ដោយបានផ្លាស់ប្តូររចនាសម្ព័ន្ធ នៃការអភិវឌ្ឍន៍ ទៅជាខេត្តឧស្សាហកម្មមួយដ៏សំខាន់ និងឈានមុខមួយនៅក្នុងប្រទេស ។
លោកបានគូសបញ្ជាក់ថា ខេត្តស្វាយរៀងបានប្រែក្លាយពីខេត្តកសិកម្មទៅជាខេត្តឧស្សាហកម្មឈានមុខមួយ ដែលមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣កន្លែង កំពុងដំណើរការ ១២កន្លែង និងមានរោងចក្រ សហគ្រាសសរុប ១.១៤២កន្លែង បង្កើតការងារជូនប្រជាពលរដ្ឋជាង ១៦ម៉ឺននាក់។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ ទាមទារឱ្យមានការគិតគូរយកចិត្តទុកដាក់ខ្ពស់លើការងារកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន និងប្រជាពលរដ្ឋ។
លោក សរ សុដានី បានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ដើម្បីយកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកកិច្ចការនេះជាការងារអាទិភាពក្នុងការគាំទ្រដល់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន៕
































