ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ (Video inside)
16-11-2026 16:10
(សៀមរាប)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងលោកជំទាវទី១ នៃប្រទេសបារាំង នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានយាង និងអញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប។
សូមជម្រាបថា ក្រោមកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង ប្រាសាទមេបុណ្យខាងលិច បានជួសជុលបញ្ចប់ជាស្ថាពរ ក្រោយចំណាយរយៈពេលជួសជុលដ៏លំបាកអស់ ១៤ឆ្នាំ ដោយចំណាយទឹកប្រាក់ចំនួន ១២លានដុល្លារ។
តួប្រាង្គចំនួន ១៦ ព័ទ្ធជុំវិញដោយកំពែងប្រវែង ១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធតួស្ពានហាលឆ្ពោះបល្ល័ង្កព្រះវិស្ណុផ្ទុំនៅកណ្ដាលប្រាសាទ ដែលធ្លាប់តែបែកបាក់ និងដួលរលំស្ទើរតែទាំងស្រុង បានឈរបង្ហាញខ្លួនយ៉ាងរឹងមាំឡើងវិញជាថ្មី នៅកណ្ដាលមហាសាគរដ៏ធំល្វឹងល្វើយនៃបារាយណ៍ទឹកថ្លា ដែលជាអាងស្ដុកទឹកយ៉ាងសំខាន់មួយនៅសម័យអង្គរ។
រយៈពេល ១៤ឆ្នាំមកនេះ ក្រុមការងារបារាំង-ខ្មែរ បានប្រឹងប្រែង និងតស៊ូជួសជុលប្រាសាទមេបុណ្យខាងលិចយ៉ាងលំបាក រួមមានការសិក្សារៀបចំឯកសារ ការស្វែងរកថ្មដែលបាត់មកដាក់បំពេញនៅតាមកន្លែងដើមវិញ ការដឹកជញ្ជូនសម្ភារគ្រឿងចក្រធំៗ និងថ្មភក់តាមទូកពីកន្លែងផ្សេងមកដាក់នៅការដ្ឋាន រួមទាំងការដឹកជញ្ជូន និងគ្រប់គ្រងកម្លាំងកម្មករជួសជុលជាដើម។
លើសពីនេះទៅទៀត អាជ្ញាធរជាតិអប្សរា ត្រូវការគ្រប់គ្រងទឹកនៅរដូវវស្សាជាចាំបាច់ ដើម្បីធានាឱ្យការដ្ឋានជួសជុលនោះ អាចដំណើរការទៅបានពេញលេញក្នុងមួយឆ្នាំ ១២ខែ មិនឱ្យទឹកចូលមករំខានបាន និងធានាឱ្យបានការស្រោចស្រពស្រែជាង ៧០០០ ហិកតា ព្រមទាំងផ្គត់ផ្គង់ក្នុងការផលិតទឹកស្អាតសម្រាប់ក្រុងសៀមរាប។
ប្រាសាទមេបុណ្យខាងលិច កសាងឡើងនៅអំឡុងពាក់កណ្ដាលសតវត្សរ៍ទី១១ នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ទីតាំងស្ថិតនៅលើកោះចំកណ្ដាលបារាយណ៍ទឹកថ្លា។ បច្ចុប្បន្ន ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ភាពអស្ចារ្យ និងលេចធ្លោរបស់ប្រាសាទមេបុណ្យខាងលិច គឺមានរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធនៅចំកណ្ដាលស្រះនៃប្រាសាទ ដែលព័ទ្ធជុំវិញដោយកំពែង និងប្រាង្គចំនួន ១៦។
ប្រាសាទមេបុណ្យខាងលិច ធ្លាប់បានជួសជុលម្ដងមកហើយ ដោយក្រុមអភិរក្សដ្ឋានបារាំងនៅក្នុងឆ្នាំ១៩៤០ ហើយនៅឆ្នាំ២០១២ បារាំងក៏បានសហប្រតិបត្តិការជាមួយកម្ពុជា លើគម្រោងជួសជុលម្ដងទៀត ជាទ្រង់ទ្រាយធំ និងទើបតែបានបញ្ចប់ជាស្ថាពរ។
ការជួសជុលប្រាសាទមេបុណ្យខាងលិច រយៈពេល ១៤ឆ្នាំមកនេះ គឺបានប្រើកម្លាំងកម្មករចំនួនប្រមាណជាង ១០០នាក់ បំពេញកិច្ចការទៅតាមផ្នែកសំខាន់ៗ មានដូចជា ផ្នែកចម្លាក់ក្បាច់ ផ្នែកដាប់ថ្ម ផ្នែកកាត់ថ្ម ផ្នែករៀបចំផ្គុំថ្ម ផ្នែកដឹកជញ្ជូនថ្ម ឬសម្ភារៈផ្សេងៗ។ ចុងក្រោយក្រុមការងារផ្នែករៀបចំសោភ័ណភាពបរិស្ថាន និងរៀបចំផ្លូវដើរសម្រាប់ភ្ញៀវទេសចរទស្សនាជាដើម៕
























